រាជធានីភ្នំពេញ ៖ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចាត់បញ្ជូនមន្ត្រីចំនួន ០២រូប ដែលសមាជិកក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដើម្បីចូលរួមជាមួយបណ្តាប្រទេស ជាសមាជិកអាស៊ានផ្សេងទៀត ក្នុងបេសកកម្មអន្តរាគមន៍សង្គ្រោះគ្រោះរញ្ជួយដី ដែលបានកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។

ការបញ្ជូនមន្ត្រីជំនាញនេះ តាមការស្នើសុំរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងមជ្ឈមណ្ឌល សម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយស្តីពីការបញ្ជូនមន្ត្រីកម្ពុជា ចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដី ក្នុងប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី៣០ ខែមីនា នេះបានឱ្យដឹងថា មន្ត្រីដែលត្រូវបានបញ្ជូនទៅចូលរួមក្នុងបេសកកម្មខាងលើ នឹងផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយនេះ។

ការចូលរួមរបស់ពួកគេ ក្នុងបេសកកម្មនេះបង្ហាញពីការប្តេជ្ញាចិត្ត របស់កម្ពុជាដោយឈរលើស្មារតីសាមគ្គីភាពជាមួយប្រជាជនមីយ៉ាន់ម៉ាក្នុងពេលវេលាដ៏លំបាកនេះ ។ គ្រោះរញ្ជួយដីកម្លាំង៧.៧វ៉ិចទ័រ បានបង្កការបំផ្លិចបំផ្លាញ និងការបាត់បង់ជីវិតនៅប្រទេសមីយ៉ាន់ម៉ា ដោយមានរបាយការណ៍ថា មានអ្នកស្លា.ប់ជាង១,៦០០នាក់ អ្នករងរបួសរាប់ពាន់នាក់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ ។

សេចក្ដីជូនដំណឹងបញ្ជាក់ថា«ការឆ្លើយតបបន្ទាន់របស់កម្ពុជា ក្នុងការបញ្ជូនមន្ត្រីទៅចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌នេះបានបង្ហាញពីស្មារតីសហប្រតិបត្តិការ និងឯកភាពក្នុងតំបន់អាស៊ាន ក្នុងពេលមានគ្រោះមហន្តរាយ ។ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅប្រទេសមីយ៉ាន់ម៉ា»៕
ចែករំលែកព័តមាននេះ