ទីក្រុងកៀវ៖ នៅក្នុងសម័យអន្តរកាលនៃការសម្រុះសម្រួលគ្នាឱ្យមានបទឈប់បាញ់ រុស្ស៊ីមិនបានបន្ធូរដៃទេ ប៉ុន្តែបង្កើនការវាយប្រហារកាន់តែខ្លាំង។ នេះបើយោងតាមការអះអាងរបស់អ៊ុយក្រែន។ ការជួបគ្នានៅអារ៉ាប៊ីសាអូឌីតនៅខែមីនានេះក្រោមការសម្របសម្រួលរបស់អាមេរិកមានគោលដៅកាត់បន្ថយការប្រយុទ្ធគ្នាដើម្បីឈានទៅរកការបិទបញ្ចប់សង្គ្រាមជាស្ថាពរ។
សំណើនៃបទឈប់បាញ់ដ៏ពេញលេញរយៈពេល១ខែដែលស្នើឡើងដោយអាមេរិក និងដែលត្រូវទីក្រុងកៀវប្រកាសគាំទ្រទុកជាមុនបែរជាត្រូវលោកពូទីនច្រានចោលដោយសេចក្ដីគួរសម។ លោកថាលោកគាំទ្រស្មារតីជាគោលៗនៃសំណើនេះ។ ប៉ុន្តែលោកស្នើសុំឱ្យសរសេរឡើងវិញលម្អិតជាងនេះ។ មិនតែប៉ុណ្ណោះ លោកបានចងភ្ជាប់លក្ខខណ្ឌ១ចំនួនត្រឡប់ទៅវិញ។
កាលពីសប្ដាហ៍មុន រុស្ស៊ីប្រកាសគាំទ្របទឈប់បាញ់នៅសមុទ្រខ្មៅ ប៉ុន្តែរុស្ស៊ីបានដាក់លក្ខខណ្ឌឱ្យអាមេរិកលុបចោលទណ្ឌកម្មសេដ្ឋកិច្ចបើចង់ឱ្យខ្លួនអនុវត្តបទឈប់បាញ់នេះ។ ដូច្នេះបើនិយាយចុះនិយាយឡើងទៅគឺដដែលជាដដែលទេ។ នៅក្នុងសម័យអន្តរកាលនេះ រុស្ស៊ីមិនបន្ធូរដៃឡើយ ហើយគិតតែពីសម្រុកវាយប្រហារកាន់តែខ្លាំងនៅក្នុងអ្វីដែលលោកហ្សេឡិនស្គីហៅថាជាយុទ្ធសាស្ត្រដាក់សម្ពាធ និងវាយប្រហារកាន់កាប់ទឹកដីអ៊ុយក្រែនឱ្យបានច្រើនដើម្បីមានប្រៀបនៅក្នុងការចរចា។
ហ្សេឡិនស្គីរហូតដល់អះអាងថាពូទីនគ្មានចង់បញ្ចប់សង្គ្រាមទេ គាត់គ្រាន់តែចរចាលេងៗ បណ្ដែតៗដើម្បីទិញពេលវេលា។ ប្រភពពីអ៊ុយក្រែនឈ្មោះឌីបស្ទេត (DeepState) អះអាងថាចាប់ពីថ្ងៃទី១-២៦ ខែមីនាគិតទៅមិនទាន់ពេញ១ខែផងរុស្ស៊ីវាយប្រហារលើសខែកុម្ភៈ១៧%។ រុស្ស៊ីវាយប្រហារក្នុង១ថ្ងៃមិនក្រោម២០០ដងទេរយៈពេលបីថ្ងៃជាប់គ្នាចាប់ពីថ្ងៃ២៥-២៧ មីនា។
យុទ្ធនាការនេះកើតឡើងនៅពេលអ៊ុយក្រែនអាចវាយកាន់កាប់ទឹកដី១ចំណែករបស់រុស្ស៊ីនៅបែលហ្គោរ៉ូត (Belgorod)។ ចំណែករុស្ស៊ីវាយសម្រុកទៅមុខនៅតំបន់ខឺស (ទឹកដីរុស្ស៊ី) និងតំបន់ហ្សាប៉ូរីហ្សៀរបស់អ៊ុយក្រែន។ ឌីបស្ទេតថ្លែងបន្តទៀតថាគ្រាន់តែនៅថ្ងៃទី២៨ ខែមីនាមួយថ្ងៃប៉ុណ្ណោះ រុស្ស៊ីវាយប្រហារ២០០ដងចូលទឹកដីអ៊ុយក្រែន។ យោងតាមឌីបស្ទេត, សង្គ្រាមផ្ទុះឡើងកាន់តែខ្លាំងគួរឱ្យព្រួយបារម្ភនៅលើសមរភូមិជាច្រើនកន្លែង។ ទាហានរុស្ស៊ីកាន់តែធ្វើសកម្មភាពយ៉ាងផុលផុសនៅខែមីនា។
ប្រភពខ្លះថារុស្ស៊ីត្រៀមវាយលុកទ្រង់ទ្រាយធំនៅរដូវផ្ការីក។ ហេតុនេះអ៊ុយក្រែនក៏កំពុងរៀបជើងព្រួលជាបណ្ដើរៗផងដែរ។ អ៊ុយក្រែនថ្វីដ្បិតដកថយពីខឺស ប៉ុន្តែងាកទៅវាយតំបន់បែលហ្គោរ៉ូតវិញម្ដង។ វិទ្យាស្ថានសិក្សាអំពីសង្គ្រាម (ISW) ឱ្យដឹងពីម្សិលមិញថាកងទ័ពអ៊ុយក្រែនទើបតែវាយលុកចូលកាន់តែជ្រៅទៅក្នុងតំបន់បែលហ្គោរ៉ូត អូប្លាស់ (Belgorod Oblast) ខណៈដែលរុស្ស៊ីវាយរំដោះបានថែមទៀតនូវទឹកដីរបស់ខ្លួននៅតំបន់ខឺស និងវាយសម្រុកចូលតំបន់ហ្សាប៉ូរីហ្សៀរបស់អ៊ុយក្រែន។
វិទ្យាស្ថាននេះយល់ថាលោកពូទីននឹងជំរុញការវាយប្រហារដើម្បីបង្ហាញប្រាប់ពិភពលោកថារបបដឹកនាំរបស់លោកហ្សេឡិនស្គីជាក្រុមអសមត្ថភាពដែលមិនសមមានមុខមកចរចាជាមួយលោកទេ។ ថ្មីៗនេះ លោកពូទីនលើកជាសំណើថាអ៊ុយក្រែនគួរបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន និងបោះឆ្នោតឡើងវិញដើម្បីមានសិទ្ធិចុះកិច្ចព្រមព្រៀងសន្តិភាពដោយស្របច្បាប់។
នៅក្នុងព្រឹត្តិការណ៍មួយទៀត រុស្ស៊ីបន្តវាយប្រហារយ៉ាងខ្លាំងក្លាទៅលើតំបន់ខាគីវនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ កាលពីយប់មិញ រុស្ស៊ីបញ្ជូនយន្តហោះដ្រូនហោះឡើងងងឹតមេឃទៅវាយប្រហារទីក្រុងធំលំដាប់ទី២របស់អ៊ុយក្រែនមួយនេះបណ្ដាលឱ្យស្លាប់មនុស្ស២នាក់ និងរបួស៣៥នាក់។ កងទ័ពអាកាសអ៊ុយក្រែនអះអាងថារុស្ស៊ីបញ្ជូនយន្តហោះដ្រូនយ៉ាងតិច១១១គ្រឿង និងមីស៊ីលផ្លោងមួយគ្រាប់វាយប្រហារចូលតំបន់ខាគីវ, ស៊ូមី, អូដេសា និងដូញែត។ ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនអាចបាញ់ទម្លាក់ដ្រូនបាន៦៥គ្រឿង និងឆក់ដោយប្រព័ន្ធអគ្គិសនីដើម្បីទម្លាក់មកដីបាន៣៥គ្រឿង។
គួរកត់សម្គាល់ថានេះមិនមែនជាការវាយប្រហារតែម្ខាងៗទេ។ ភាគីទាំង២បន្តវាយប្រហារគ្នាទៅវិញទៅមក ជាពិសេសវាយលើទីតាំងផលិតថាមពល។ លោកពូទីនកាលពីពេលនិយាយទូរស័ព្ទជាមួយលោកត្រាំបានសន្យាថាលោកគាំទ្រការផ្អាកវាយប្រហារគ្នាទៅវិញទៅមកទៅលើទីតាំងផលិតថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែលោកមិនទាន់អនុវត្តទេលុះត្រាតែអ៊ុយក្រែនឈប់វាយប្រហារថាមពលរបស់រុស្ស៊ីដែរ។ ខាងលើនេះជាការដកស្រង់ប្រភពពីញូស្វីក (Newsweek) និងរ៉យទ័រ៕
ចែករំលែកព័តមាននេះ