ទីក្រុងរ៉ង់ហ្គូន៖ ក្រុមចលនាប្រឆាំងនឹងរបបដឹកនាំរបស់លោកមីនអុងឡាំងនៅភូមាបានស្នើឱ្យមានបទឈប់បាញ់រយៈពេល២សប្ដាហ៍ដើម្បីជួយសម្រួលការជួយសង្គ្រោះមនុស្ស និងដឹកជញ្ជូនជំនួយទៅចែកជូនជនរងគ្រោះដោយសារការរញ្ជួយដី។ ពួកគេស្នើឱ្យអនុវត្តបទឈប់បាញ់ចាប់ពីថ្ងៃអាទិត្យតទៅ។ កងទ័ពដែលហៅខ្លួនឯងថា «កងប្រជាការពារ ភីឌីអែហ្វ – PDF» ប្រកាសថាខ្លួននឹងផ្អាកវាយប្រហាររយៈពេល២អាទិត្យ លើកលែងតែការផ្ទុះអាវុធដើម្បីការពារខ្លួនតែប៉ុណ្ណោះ។
ចលនាប្រឆាំងខាងលើនេះប្រកាសបន្តទៀតថាខ្លួននឹងសហការជាមួយអង្គការសហប្រជាជាតិ និងអង្គការអឹនជីអូនានា (NGO) ដើម្បីជួយសម្រួលសន្តិសុខ, ការដឹកជញ្ជូន និងការបោះជំរំបណ្ដោះអាសន្នសម្រាប់ជួយសង្គ្រោះ និងព្យាបាលជនរងគ្រោះនៅលើទីតាំងដែលខ្លួនកំពុងកាន់កាប់។ នេះបើយោងតាមសេចក្ដីប្រកាសដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។
សំណើនៃបទឈប់បាញ់នេះធ្វើឡើងស្របពេលដែលសិង្ហបុរីចេញសេចក្ដីអំពាវនាវដ៏កម្រមួយដើម្បីឱ្យរបបសឹករបស់លោកមីនអុងឡាំង និងក្រុមប្រឆាំងប្រដាប់អាវុធទាំងអស់ផ្អាកប្រយុទ្ធគ្នាជាបណ្ដោះអាសន្នដើម្បីជួយសម្រួលការដឹកជញ្ជូនជំនួយ។ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បណ្ឌិតបាឡាក់គ្រីសស្នាន់ (Balakrishnan) បានចូលរួមកិច្ចប្រជុំពិសេសមួយរបស់សមាគមអាស៊ានតាមប្រព័ន្ធវីឌីអូនៅថ្ងៃអាទិត្យក្រោមការផ្ដួចផ្ដើមឡើងដោយម៉ាឡេស៊ីក្នុងនាមជាប្រធានប្ដូរវេនរបស់អាស៊ានឆ្នាំនេះ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសសិង្ហបុរី លោករដ្ឋមន្ត្រីរូបនេះបានស្នើសុំទីមួយឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅមីយ៉ាន់ម៉ាដើម្បីជួយសម្រួលការដឹកជញ្ជូនជំនួយមនុស្សធម៌ និងទីពីរចាប់ផ្ដើមចេញដំណើរពីបទឈប់បាញ់បណ្ដោះអាសន្ននេះ ភាគីជម្លោះនៅមីយ៉ាន់ម៉ាអាចនឹងឈានទៅរកការផ្សះផ្សាជាតិ សន្តិភាព និងការកសាងជាតិឡើងវិញ។
ដូចជម្រាបជូនពីខាងដើមស្រាប់ ក្រុមប្រឆាំងនៅក្នុងព្រៃបានប្រកាសជាឯកតោភាគីរួចហើយថាខ្លួនគាំទ្របទឈប់បាញ់២អាទិត្យ ទោះបីរបបសឹករបស់លោកមីនអុងឡាំងមិនទាន់ធ្វើអត្ថាធិប្បាយទៅលើសំណើនេះក៏ដោយ។ បន្ទាប់ពីចំនួនអ្នកស្លាប់កើនឡើងដល់ជាង១៦០០នាក់ ក្រុមអ្នកវិភាគព្យាករថាចំនួនអ្នកស្លាប់ពិតប្រាកដដែលរកសាកសពមិនទាន់ឃើញ និងដែលកំពុងកប់ខ្លួននៅក្នុងគំនរបាក់បែកអាចមានចំនួនចន្លោះពី១ម៉ឺនទៅ១សែននាក់ឯណោះ៕
ចែករំលែកព័តមាននេះ