បរទេស ៖ តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ៣,០៨៦ដុល្លារក្នុង១អោន ឬ ៣,៧២០ដុល្លារក្នុង១តម្លឹង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈពេលដែលបណ្តាអ្នកវិនិយោគមានការភ័យខ្លាចកាន់តែខ្លាំង ជុំវិញសង្គ្រាមពាណិជ្ជកម្មពិភពលោក ដែលបង្កឡើងដោយពន្ធនាំចូលដាក់ចេញដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
តម្លៃមាសអន្តរជាតិបានរក្សាតម្លៃនៅ ៣,០៨៥ដុល្លារក្នុង១អោន គិតត្រឹមរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីហក់ឡើងខ្ពស់បំបែកកំណត់ត្រា ៣,០៨៦ដុល្លារក្នុង១អោន កាលពីថ្ងៃទី២៨ ខែមីនា កន្លងទៅ ដែលជាការបំបែកកំណត់ត្រាថ្លៃខ្ពស់បំផុតជាលើកទី១៨ហើយ នៅឆ្នាំនេះ។
លោក Peter Grant អនុប្រធាន និងជាអ្នកយុទ្ធសាស្ត្រជាន់ខ្ពស់នៅក្រុមហ៊ុន Zaner Metals បានថ្លែងថា តម្រូវការនៅតែបន្តក្នុងកម្រិតខ្ពស់ ដែលជំរុញដោយការព្រួយបារម្ភអំពីពន្ធនាំចូល ការធ្វើពាណិជ្ជកម្មពិភពលោក និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយដែលកំពុងតែបន្តផងដែរ។ ដ្បិតមាស គឺជារនាំងការពារដ៏រឹងមាំប្រឆាំងនឹងអស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ ព្រមទាំងការវិវត្តនៃអត្រាការប្រាក់ទាប។
លោក ត្រាំ បានប្រកាសដាក់ពន្ធ ២៥% លើការនាំចូលរថយន្ត និងគ្រឿងបន្លាស់រថយន្តទាំងអស់មកកាន់សហរដ្ឋអាមេរិក ដោយចាប់ផ្តើមនៅសប្តាហ៍ក្រោយ ពោលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ដោយទាញការរិះគន់យ៉ាងខ្លាំងក្លាពីបណ្តាអ្នកនយោបាយ និងនាយកប្រតិបត្តិឧស្សាហកម្មនៅទូទាំងពិភពលោក ព្រមទាំងការព្រមានពីបណ្តាក្រុមហ៊ុនផលិតរថយន្តពិភពលោកថា ការដំឡើងតម្លៃលក់រថយន្តទំនងជាចាប់ផ្តើមហើយ។ បណ្តាអ្នកវិភាគមើលឃើញថា គោលនយោបាយរបស់លោក ត្រាំ គឺជាការជំរុញឱ្យមានអតិផរណា ដែលបង្កហានិភ័យដល់កំណើនសេដ្ឋកិច្ច និងការកើនឡើងភាពតានតឹងពាណិជ្ជកម្មពិភពលោកកាន់តែខ្លាំងឡើង។
ជាមួយគ្នានេះផងដែរ ធនាគារវិនិយោគដ៏ធំរបស់សហរដ្ឋអាមេរិក Goldman Sachs កាលពីពេលថ្មីៗនេះ បានបង្កើនការព្យាកររបស់ខ្លួនថា តម្លៃមាសនឹងហក់ឡើងដល់ ៣,៣០០ដុល្លារក្នុង១អោននៅចុងឆ្នាំនេះ ដែលផ្ទុយពីការព្យាករណ៍មុនត្រឹម ៣,១០០ដុល្លារក្នុង១អោនប៉ុណ្ណោះ។
Goldman Sachs រំពឹងថា ធនាគារកណ្តាលធំៗនៅអាស៊ី នឹងបន្តបង្កើនការទិញមាសស្តុកទុកសម្រាប់រយៈពេលពី ៣ ទៅ ៦ឆ្នាំខាងមុខ ដើម្បីឈានទៅដល់គោលដៅរបស់ពួកគេ។ លើសពីនេះទៀត Goldman Sachs ក៏បានបង្កើនការសន្មត់នៃតម្រូវការមាសពីបណ្តាធនាគារកណ្តាលពិភពលោកដល់៧០តោនក្នុង១ខែ ផ្ទុយពីការព្យាករមុនត្រឹម៥០តោនក្នុង១ខែ ចំពេលមានការកើនឡើងភាពមិនច្បាស់លាស់នៃគោលនយោបាយរបស់សហរដ្ឋអាមេរិក និងការរំពឹងទុកថា ប្រទេសចិនអាចបន្តការទិញមាសស្តុកទុកក្នុងល្បឿនលឿនជាងគេសម្រាប់រយៈពេលពី ៣ ទៅ ៦ឆ្នាំទៀត៕ ប្រភព ៖ Reuters


ចែករំលែកព័តមាននេះ