ទីក្រុងម៉ូស្គូ៖ ថ្មីៗនេះ លោកពូទីនបំផុសជាគំនិតថាអ៊ុយក្រែនគួរបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន ហើយគួររៀបចំការបោះឆ្នោតឡើងវិញមុននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។ លោកត្រាំកាលពីពេលកន្លងមកក៏បានលើកឡើងអំពីការបោះឆ្នោតនៅអ៊ុយក្រែនផងដែរ។ លោកត្រាំរហូតដល់ទៅចាត់ទុកលោកហ្សេឡិនស្គីជាមេដឹកនាំផ្ដាច់ការដែលបន្តកាន់អំណាចដោយមិនបោះឆ្នោត។
សារនយោបាយរបស់លោកពូទីនថ្ងៃនេះធ្វើឡើងនៅពេលអាមេរិកកំពុងខិតខំកែសម្រួលទំនាក់ទំនងឡើងវិញរវាងម៉ូស្គូ និងវ៉ាស៊ីនតោន, កំពុងខិតខំរៀបចំកិច្ចព្រមព្រៀង និងកំពុងផ្សាភ្ជាប់ទំនាក់ទំនងរវាងទីក្រុងកៀវ និងម៉ូស្គូតាមនយោបាយការទូតចរចាបែបប្រយោល (shuttle diplomacy)។ លោកពូទីនត្រូវបានអ៊ុយក្រែន និងអឺរ៉ុបចោទថាកំពុងព្យាយាមអូសបន្លាយពេលវេលាដើម្បីកុំឱ្យមានបទឈប់បាញ់ឆាប់រហ័សពេក។ ពួកគេថាលោកគ្មានឆន្ទៈច្បាស់លាស់ដើម្បីចរចាបញ្ចប់សង្គ្រាមទេ។
គួរកត់សម្គាល់ថាការដែលលោកពូទីនស្នើឱ្យបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន និងបោះឆ្នោតនៅអ៊ុយក្រែននោះជាអ្វីដែលលោកធ្លាប់គិតជាយូរមកហើយ។ លោកធ្លាប់ដាក់លក្ខខណ្ឌថាបើចង់ឱ្យលោកចុះកិច្ចព្រមព្រៀងសន្តិភាពលុះត្រាតែរដ្ឋាភិបាលអ៊ុយក្រែនកើតចេញពីការបោះឆ្នោតសិន។ លោកមិនសង្កត់ធ្ងន់ថាលោកហ្សេឡិនស្គី ឬមិនហ្សេឡិនស្គីទេ។ សំខាន់ឱ្យតែអ៊ុយក្រែនមានរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត។ បើទុកជាលោកហ្សេឡិនស្គីជាប់ឆ្នោតនៅអាណត្តិថ្មី ក៏លោកពូទីនជាប់ជំពាក់ត្រូវតែធ្វើការជាមួយគ្នា។
យោងតាមយោបល់របស់លោកពូទីន រដ្ឋាភិបាលបណ្ដោះអាសន្ននេះអាចជួយជ្រោមជ្រែងដោយអង្គការសហប្រជាជាតិ, អាមេរិក, អឺរ៉ុប និងក្រុមប្រទេសជាដៃគូដទៃទៀត។ លោកថាការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ននេះជាច្រកផ្លូវឆ្ពោះទៅរកការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ និងផ្ដល់សិទ្ធិអំណាចស្របច្បាប់ទៅឱ្យរដ្ឋាភិបាលថ្មីដែលទទួលបានការជឿទុកចិត្តពីប្រជាជន។ បន្ទាប់ពីនោះ ការចរចាសន្តិភាពអាចចាប់ផ្ដើមបានហើយដើម្បីចុះសន្ធិសញ្ញាសន្តិភាពជាមួយគ្នា។
ក្រោយការធ្វើអត្ថាធិប្បាយរបស់លោកពូទីន អ្នកសារព័ត៌មានបានសាកសួរអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក។ អ្នកនាំពាក្យរូបនេះឆ្លើយថាការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋនៅអ៊ុយក្រែនទុកឱ្យរដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនជាអ្នកសម្រេចចុះ។ ចំណែកអ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយ ឬបញ្ចេញប្រតិកម្មទៅលើរឿងនេះនៅឡើយទេ។
លោកត្រាំកំពុងខិតខំបញ្ចប់សង្គ្រាមអ៊ុយក្រែនឱ្យបានឆាប់ នឹងអាលដកឃ្លាទៅគិតរឿងអ្វីផ្សេងព្រោះសមរភូមិនយោបាយរបស់គាត់មិនមែនអ៊ុយក្រែន ឬអឺរ៉ុបទេ។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់គាត់មិនសូវបានផលដូចការរំពឹងឡើយ។ ថ្មីៗនេះ ថ្វីដ្បិតលោកត្រាំខិតខំសម្រុះសម្រួលឱ្យមានបទឈប់បាញ់នៅសមុទ្រខ្មៅ ប៉ុន្តែរុស្ស៊ីប្រកាសថាខ្លួនទទួលយកតែមាត់ទទេសិន។ បើចង់អនុវត្តកិច្ចព្រមព្រៀងនេះជាក់ស្ដែងលុះត្រាតែអាមេរិកលុបចោលទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់ទៅលើប្រទេសរុស្ស៊ី៕
ចែករំលែកព័តមាននេះ