ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន​នេះ អ្នក​ដែល​កំពុង​តែ​មានមុខ​ជំនាញ និង​របរ​មួយ​ដ៏​ឯករាជ្យ តាម​រយៈ​ការ​បង្កើត​មាតិកា ហើយ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម ដែល​ភាសា​អង់គ្លេស​គេ​និយម​ហៅ​ថា Influencer គឺ​មាន​កាន់តែ​ច្រើន ប៉ុន្តែ​ប្រាក់​ចំណូល​របស់​ពួក​គេ ប្រហែលជា​មិន​ត្រូវ​បាន​គេ​ដឹង​ទូលំទូលាយ​ឡើយ…

នៅ​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន​នេះ អ្នក​ដែល​កំពុង​តែ​មានមុខ​ជំនាញ និង​របរ​មួយ​ដ៏​ឯករាជ្យ តាម​រយៈ​ការ​បង្កើត​មាតិកា ហើយ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម ដែល​ភាសា​អង់គ្លេស​គេ​និយម​ហៅ​ថា Influencer គឺ​មាន​កាន់តែ​ច្រើន ប៉ុន្តែ​ប្រាក់​ចំណូល​របស់​ពួក​គេ ប្រហែលជា​មិន​ត្រូវ​បាន​គេ​ដឹង​ទូលំទូលាយ​ឡើយ ។

បច្ចុប្បន្ន​នេះ សម្រាប់​នៅ​ថៃ គេ​អាច​គ្រប់គ្រង​ចំណូល​របស់​ក្រុម​អ្នក​ដែល​មានមុខរ​បរជា Influencer នេះ​បាន​ហើយ ដោយសារ​តែ​ចំណូល​របស់​ពួក​គេ​មានការ​កើនឡើង គួរ​ឲ្យ​ចាប់អារម្មណ៍​បែប​នេះ ទើប​អាជ្ញាធរ​ថៃ​បាន​កំពុង​តែ​គិតគូរ​ជំរុញ​ឲ្យ​ក្រុម​អ្នក​ដែល​មានមុខ​របរ​នេះ ត្រូវ​រួមចំណែក​បង់ពន្ធ​ជូន​រដ្ឋ នៅ​ក្នុង​ប្រទេស​គេ​ហើយ ។

តាម​អ្វី ដែល​ចុះ​ផ្សាយ​នៅ​លើ​សារព័ត៌មាន The Nation បាន​ឲ្យ​ដឹង​ថា សម្រាប់​ក្រុម​អ្នក Influencer ដែល​មាន​អ្នក​តាមដាន​ពី​១K​ទៅ​ដល់​១០K គេ​អាច​រក​ចំណូល​នៅ​ក្នុង​រង្វង់​ពី​៨០​ទៅ​១៥០ ដុល្លារ​នៅ​ក្នុង​មួយ​ផុស ដោយឡែក​អ្នក​ដែល​មាន​អ្នក​តាមដាន​ពី​១០ K ទៅ​៥០K គឺ​អាច​រក​ចំណូល​ពី​១៥០ ដុល្លារ​ទៅ៣០០​ដុល្លារ ។ រីឯ​ក្រុម Influencer ដែល​មាន​អ្នក​តាមដាន​ប្រមាណ​ជា​ពី​៥០K ទៅ​៥០០ K គឺ​អាច​រក​ប្រាក់​ចំណូល​បាន​ពី​៣០០​ដុល្លារ​ទៅ​៩០០ដុល្លារ ហើយ​អ្នក​ដែល​មាន​អ្នក​តាមដាន​ពី​៥០០K ទៅ​ដល់​១​លាន គឺ​អាច​រក​ចំណូល​បាន​ដល់​ទៅ​ពី​៩០០ ដុល្លារ​ទៅ​ដល់​ជិត​៣០០០ដុល្លារ​នៅ​ក្នុង​មួយ​ផុស ។

អាស្រ័យ​ថា ស្ថានភាព​ចំណូល​របស់​ពួក​គេ​ច្រើន​បែប​នេះ​ហើយ ទើប​អគ្គនាយកដ្ឋាន​ចំណូល​ថៃ បាន​ចេញ​សេចក្តីណែនាំ​មួយ​ទៅ​ដល់​ក្រុម អ្នក​ដែល​កំពុង​តែ​រកស៊ី​ក្នុង​វិស័យ​ឌី​ជី​ថ​ល ជា​ពិសេស​ក្រុម​អ្នក​លក់រាយ​តាម​អ៊ីនធឺណិត អាជីវកម្ម​អេ​ឡិច​ត្រូ​និក Influencer លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម អំពី​ភាព​ចាំបាច់​នៃ​ការ​បង់ពន្ធ ។

លោក ភិន​សៃ សូ​រ៉ា​ស្វា​ឌី (Pinsai Suraswadi) អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នាយកដ្ឋាន​ជំនាញ​នេះ បាន​និយាយ​ថា អ្នករក​ប្រាក់​ចំណូល​វ័យក្មេង​ជា​ច្រើន ពោល គឺ​នៅ​ក្នុង​សេវាកម្ម e-commerce ក្រុម​អ្នក Influencer​ជាដើម សូម​គិតគូរ​ចំពោះ​បញ្ហា​នេះ ។

លោក​បាន​បន្ថែម​ថា អគ្គនាយកដ្ឋាន​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ធ្វើ​សវន​កម្ម​លើ​កំណត់​ត្រា​ចំណូល​ចំណាយ​រហូត​ដល់​ប្រាំ​ឆ្នាំ​ចុង​ក្រោយ ហើយ​ការ​ខកខាន​ក្នុង​ការ​បង់ពន្ធ​អាច​នាំ​ឱ្យ​មានការ​ផាកពិន័យ ។

ដោយឡែក លោកស្រី ស៊ូ​វី​តា ឆា​រ៉ា​ន​វង្ស ( Suvita Charanwong )​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ថែ​ល​ស្ក​(Tellscore) ដែក​ជា​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទីផ្សារ​ខាង​បង្កើត​វេទិកា​តាម​បណ្តាញ​សង្គម​នៅ​ថៃ​ដែរ​នោះ ក៏​បាន​គូសបញ្ជាក់​អំពី​ទំហំ​នៃ​បញ្ហា​នេះ​ផង​ដែរ ។ លោកស្រី​បាន​លើក​ឡើង​ថា កម្លាំង​ការងារ​ឌី​ជី​ថ​ល​នៅ​ប្រទេស​ថៃ​មាន​ប្រហែល ៩ លាន​នាក់​ក្នុង​នោះ​៧​លាន​នាក់​កំពុង​ធ្វើ​ប្រតិបត្តិការ​ជា​អ្នក​ឯករាជ្យ ហើយ​លោកស្រី​ក៏​បាន​ឯកភាព​ចំពោះ​អ្វី ដែល​បាន​លើក​ឡើង​ពី​ករណី អ្នក Influencer តម្រូវ​ឲ្យ​បង់ពន្ធ​ផង​ដែរ ។

នេះ​គឺជា​និន្នាការ​ថ្មី​នៅ​ថៃ ប៉ុន្តែ​នៅ​កម្ពុជា​គេ​មិនដឹង​ថា មក​ដល់​ពេល​នេះ​ស្ថាប័ន​ជំនាញ​នៅ​ក្នុង​ប្រទេស​អាច​គ្រប់គ្រង​រឿង​ប្រាក់​ចំណូល​របស់​ក្រុម​អ្នក​ដែល​បង្កើត​មាតិកា​សង្គម​ពោល គឺ​ក្រុម​អ្នក​ដែល ជា Influencer នេះ​បាន ឬ​អត់​នៅឡើយ ។ មក​ដល់​ពេល​នេះ​លើ​បញ្ហា​ពន្ធ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា គឺ​សុទ្ធតែ​ជាប់​កាតព្វកិច្ច​ត្រូវ​បង់ពន្ធ​ជា​ច្រើន​ប្រភេទ រាប់​តាំងពី​ពន្ធ​លើ​ប្រាក់​ចំណូល ពន្ធ​លើ​ប្រាក់​ចំណាយ ពន្ធ​លើ​បុគ្គលិក ហើយ​ក៏​ត្រូវ​ជាប់​នូវ​អ្វី​ដែល​គេ​ហៅ​ថា កាតព្វកិច្ច បេឡា​ជាតិ​សន្តិសុខ​សង្គម បន្ថែម​មួយទៀត​ផង​ដែរ ។

តាម​ដែល​ដឹង​ប្រាក់​ចំណូល​ដែល​បណ្តា​អ្នក​បង្កើត​មាតិកា​នៅ​លើ​បណ្តាញ​សង្គម​អាច​កំពុង​តែ​ទទួល​បាន​នៅ​ពេល​នេះ​អាច​មិន​ដល់​ថៃ​នៅឡើយ​ទេ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​មិនជា​តិច​ណាស់ណា​ដែរ ។ ចំណូល​ដែល​ពួក​គេ​អាច​ទទួល​បាន​នៅ​ពេល​នេះ គឺ​អាច​មាន​ពី​ការ​ផុស និង​ពី​ការ​ផ្សាយពាណិជ្ជកម្ម ហើយ​ក្រៅពី​នោះ​ពួក​គេ​ក៏​អាច​រក​ចំណូល​ពី​ការ​បង្កើត​មាតិកា​ផ្សព្វផ្សាយ​ពី​ផលិតផល​ដែល​គេ​ជួល​ពួក​គេ​ឲ្យ​ផលិត​បន្ថែម​មួយ​ចំណែក​ទៀត ។

ចំពោះ​នៅ​កម្ពុជា Influencer ល្បី​ៗ មួយ​ចំនួន អាច​រក​ចំណូល​បាន​ដល់​ទៅ​៥០០០ ទៅ​១០ ០០០ ដុល្លារ​ក្នុង​មួយ​ខែ ។ ប៉ុន្តែ​ទោះបីជា​យ៉ាង​ក្តី​ចំណូល​របស់​ពួក​គេ គឺ​មាន​ភាព​មិន​ទៀងទាត់​ទេ ។ យុវជន និង​យុវតី​មួយ​ចំនួន​ដែល​មាន​សមត្ថភាព​កំពុង​តែ​ខិតខំ​ក្នុង​ការ​បង្កើត​មាតិកា​ដោយ​ឯករាជ្យ ដើម្បី​រក​ចំណូល​ជាមួយ​បណ្តាញ​សង្គម​ដូច​ជា ហ្វេ​ស​ប៊ុ​ក និង​យូ​ធ្យូ​ប​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ