ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ថា នៅ​កម្ពុជា និង​ថៃ នោះ​ទេ ឲ្យ​តែ​ជា​គណបក្ស ឬ​អ្នកនយោបាយ​ប្រឆាំង គឺ​តែងតែ​ចោទប្រកាន់​បក្ស​កាន់​អំណាច ដែល​ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​រៀង​ៗ​ខ្លួន​ថា បាត់បង់​ទឹកដី​ទៅ​អោយ​ប្រទេស​ជិតខាង​ខ្លួន​ជា​បន្តបន្ទាប់ ។…

មិន​ថា នៅ​កម្ពុជា និង​ថៃ នោះ​ទេ ឲ្យ​តែ​ជា​គណបក្ស ឬ​អ្នកនយោបាយ​ប្រឆាំង គឺ​តែងតែ​ចោទប្រកាន់​បក្ស​កាន់​អំណាច ដែល​ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​រៀង​ៗ​ខ្លួន​ថា បាត់បង់​ទឹកដី​ទៅ​អោយ​ប្រទេស​ជិតខាង​ខ្លួន​ជា​បន្តបន្ទាប់ ។ នេះ​ជា​ចរិត​របស់​អ្នកនយោបាយ​កេង​ចំណេញ​លើ​អារម្មណ៍​ជាតិនិយម​របស់​ប្រជាជន​ស្លូតត្រង់ ។ ការ​ដុត​រឿង​នេះ​នឹង​មិន​ចំណេញ​ទាំង​កម្ពុជា និង​ថៃ ហើយ​មាន​តែ​ខាត​ពេល និង​អាច​ឈាន​ដល់​ជម្លោះ​ប្រដាប់​អាវុធ បើសិនជា​រឿង​នេះ​កាន់តែ​ធ្ងន់​ហួស​ពី​ការ​គ្រប់គ្រង​បាន ។

សម្រាប់​កម្ពុជា​ក្រុម​អ្នកនយោបាយ​ប្រឆាំង ជា​ពិសេស​អ្នក​ដែល​និរទេស​ខ្លួន​ទៅ​នៅ​បរទេស​បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​តែ​ដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ដូច​ជា​កោះ​គុត ប្រាសាទតាមាន់ធំ ជាដើម​ទៅ​អោយ​ថៃ និង​ផ្នែក​ខ្លះ​ទៀត​ទៅ​អោយ​វៀតណាម ។​ល​។

តាំងពី​ពេល​ដែល​ធ្វើ​នយោបាយ​នៅ​ក្នុងស្រុក​រហូត​ដល់រ​សាត់អណ្តែត​ចេញ​ឆ្ងាយ​ពី​ប្រទេស ក្រុម​អ្នកនយោបាយ​ទាំងនោះ​នៅ​តែ​បន្ត​យក​រឿង​ព្រំដែន​នេះ​ឆ្កឹះ​រំលេច​ហើយ ព្យាយាម​ដុត​វា​ឲ្យ​ចេញ​ជា​បញ្ហា​នៅ​ក្នុង​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​ជា​បន្តបន្ទាប់ ។ ប៉ុន្តែ​ការ​ចោទប្រកាន់ គឺ​មិន​មាន​មូលដ្ឋាន​ផ្នែក​ច្បាប់ និង​ការ​ការ​ពិត​ឡើយ ។ ចំណែក​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​និយាយ​ហើយ​និយាយ​ទៀត​ថា រដ្ឋាភិបាល​មិន​ធ្វើ​អោយ​បាត់បង់​ទឹកដី សូ​ម្បី​តែ​មួយ​មី​លី​ម៉ែត្រ ។ កាលពី​ថ្ងៃ​ទី​២៦ ខែមីនា សម្តេច​មហា​បវរ​ធិ​បតី បាន​ពន្យល់​ទៀត​ថា រឿង​ទំនាស់​ទឹកដី​មិនមែន​ធ្វើ​តាម​ចេះ​តែ​នឹកឃើញ​ទេ ។ វា​ត្រូវ​មាន​ផែនការ​ច្បាស់លាស់ ។ ចំណែក​ការ​ប្រើ​កម្លាំង​ទ័ព​ក៏​មិនមែន​ជា​ជម្រើស​ទេ ។

ដោយឡែក នៅ​ថៃ​ឯណោះ​វិញ លោក​ឧត្តមសេនីយ ប្រា​វិត វង្ស​សុវណ្ណ មេដឹកនាំ​គណបក្ស ប៉ា​ឡា​ង ប្រា​ឆា​រ៉ាត នៅ​ពេល​ដែល​គណបក្ស​របស់​លោក​នៅ​ជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាលចម្រុះ​គឺ​បាន​រក្សា​ភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​នៅ​ពេល​ដែល​គណបក្ស​លោក​ខ្ទាត​ចេញពីរ​ដ្ឋា​ភិ​បា​ចម្រុះ​ហើយ​ក្លាយជា​គណបក្សប្រឆាំង​បាន​យក​បញ្ហា​ព្រំដែន​នេះ គឺជា​ដើមចម​ចម្បង​មួយ​រិះគន់​រដ្ឋាភិបាលចម្រុះ​ថៃ​ដែល​កំពុង​តែ​ដឹកនាំ​ដោយ​លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា ។

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ថៃ​នានា លោក ប្រា​វិត វង្ស​សុវណ្ណ បាន​ចោទប្រកាន់​រដ្ឋាភិបាល​លោកស្រី ផៃ​ថង​ថា ស៊ី​ណា​វ៉ា​ត្រា ថា បាន​ដឹកនាំ​ប្រទេស​នាំ​ឲ្យ​បាត់បង់​ទឹកដី​ទៅ​កម្ពុជា ។

លោក​ឧត្តមសេនីយ​រូប​នេះ​បាន​សង្កត់ធ្ងន់​រឿង​អនុស្សា​រណៈ​យោគយល់​គ្នា​រវាង​កម្ពុជា និង​ថៃ​ដែល​ចុះ​នៅ​ឆ្នាំ​២០០១ ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើការ​រុករក​កំណប់​រ៉ែ​ប្រេងកាត និង​ឧស្ម័ន​ធម្មជាតិ​នៅ​តំបន់​ត្រួតស៊ីគ្នា​នៅ​ឈូង​សមុទ្រ​ថៃ ។ លោក​ឧត្តមសេនីយ​រូប​នោះ​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​នយោបាយ​បែប​នោះ​បូក​ផ្សំ​នឹង​រឿង​សេដ្ឋកិច្ច និង​បញ្ហា​ផ្សេង​ទៀត​ប្រុង​ផ្តួល និង​បំបែក​រដ្ឋាភិបាលចម្រុះ​ថៃ​នា​ពេល​បច្ចុប្បន្ន​នេះ ។
ក្រៅពី​នោះ​អ្នកនយោបាយ​ខ្លះ​ទៀត​ក៏​បាន​ព្យាយាម​យក​កម្ទេច​រងើកភ្លើង​ជាតិនិយម​ផ្សេង​ទៀត នៅ​ប្រាសាទតាមាន់ធំ និង​កន្លែង​ក្តៅ​ៗ​ខ្លះមក​ព្យាយាម​ឆ្កឹះ​ផ្លុំ​បង្កាត់​ឲ្យ​ចេញ​ជា​អណ្តាតភ្លើង​ជាតិនិយម​ដុត​កម្លោច​នយោបាយ​របស់​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​នេះ​ផង​ដែរ ។

រឿង​ជាតិនិយម និង​បញ្ហា​ព្រំដែន គឺជា​រឿង​ដែល​ពិបាក​នឹង​ដោះស្រាយ​បំផុត ហើយ​មក​ដល់​ពេល​នេះ​នៅ​លើ​ពិភពលោក​នៅ​មានរឿង​ព្រំដែន​ជា​ច្រើន​ដែល​មិន​ទាន់​អាច​ដោះ​ចេញ ជាក់ស្តែង​រឿង​ព្រំដែន​រវាង​ចិន និង​ឥណ្ឌា រឿង​ថៃ និង​ម៉ា​ឡេ​ស៊ី បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង ជាដើម ។

ដូចដែល​យើង​ដឹង កម្ពុជា មាន​ព្រំដែន​ជាប់​ថៃ វៀតណាម និង​ឡាវ ហើយ​នៅ​ក្នុង​ចំណោម ប្រទេស​ទាំងនេះ​មាន​តែ​កម្ពុជា និង​ថៃ​ទេ ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​មាន​គណបក្ស​នយោបាយ​ច្រើន ហើយ​មាន​រដ្ឋាភិបាល​ដែល​កើត​ពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ។

នៅ​ក្នុង​ស្ថានភាព​បែប​នេះ វា​គឺជា​រឿង​សំណាង​មួយ​របស់​កម្ពុជា​ដែរ​ពីព្រោះ​វៀតណាម និង ឡាវ គឺជា​ប្រទេស​ដឹកនាំ​ដោយ​រដ្ឋាភិបាល​បក្ស​តែ​មួយ ។ ប្រទេស​ទាំង​ពីរ​នេះ​មិន​មាន​គណបក្សប្រឆាំង​ដូច​ជា នៅ​ថៃ ។ នៅ​ក្នុង​ករណី​ដែល​ប្រទេស​ទាំង​ពីរ​មាន​បក្ស​ប្រឆាំង​ទៀត​នោះ មិនដឹង​ថា តើ​បញ្ហា​ព្រំដែន​នឹង​មាន​សំពាធ​ប៉ុនណា​នោះ​ទេ​សម្រាប់​កម្ពុជា ។
មក​ដល់​ពេល​នេះ កម្ពុជា​មាន​ខ្សែបន្ទាត់​ព្រំដែន​ជាមួយនឹង​វៀតណាម​មាន​ប្រវែង​ប្រមាណ​១.២៧០​គីឡូម៉ែត្រ ហើយ​ជាមួយនឹង​ឡាវ​មាន​ប្រវែង​ប្រមាណ​ជា​៥៤០​គីឡូម៉ែត្រ ដោយឡែក​ជាមួយនឹង​ថៃ គឺ​មាន​ប្រវែង​ប្រមាណ​ជា​៨០៥​គីឡូម៉ែត្រ ។
មក​ដល់​ពេល​នេះ ទាំង​រដ្ឋាភិបាល​កម្ពុជា វៀតណាម ឡាវ ក៏​ដូច​ជា​ថៃ បាន​កំពុង​តែ​ខិតខំ​ចរចា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ គ្រាន់តែ​គេ​មិនដឹង​ថា វា​នឹង​បញ្ចប់​នៅ​ពេល​ណា​ច្បាស់លាស់​ឡើយ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ជា​ថ្មី​នៅ​ក្នុង​កម្មវិធី​សម្ភោ​ធ​សមិទ្ធផល​នៅ​សាលា​វិទ្យាល័យ​ហ៊ុន​សែន វាល​រេញ​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី ២៦ ខែមីនា ឆ្នាំ​២០២៥​ថា ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​មិន​អាច​ដោះស្រាយ​ត្រឹមតែ​១​ថ្ងៃ​ចប់​បាន​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល​មាន​ជំហរ​ខិតខំ​ដោះស្រាយ​ដោយ​ឈរ​នៅ​លើ​ច្បាប់​អន្តរជាតិ និង​ឯកសា​គតិ​យុទ្ធ​ផ្សេង​ៗ​ដែល​មាន ហើយ​ដែល​ថា កម្ពុជា​បាត់ដី​ទៅ​ប្រទេស​ជិតខាង​សូម​បង្ហាញ​មក​ថា បាត់​កន្លែង​ណាស់ ហើយ​វា​បាត់​យ៉ាងម៉េច ។

សម្តេច​មហា​បវរ​ធិ​បតី លើក​ឡើង​ថា កម្ពុជា​បាន​ត្រៀមខ្លួន​ជា​ស្រេច​តាម​គ្រប់​យន្តការ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន ខណៈ​ដែល​ដំណោះស្រាយ​យោ​ធាន​មិនមែន​ជា​ជម្រើស​ទេ គ្រាន់តែ​កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ការពារ​អធិបតេយ្យ និង​បូរណៈភាព​ដែនដី​របស់​ខ្លួន​ប៉ុណ្ណោះ ។

សរុប​ទៅ​អ្នកនយោបាយ​គួរតែ​បន្ថយ​ការ​ឆ្កឹះ​យក​បញ្ហា​ព្រំដែន​ធ្វើ​ជា​យុទ្ធសាស្ត្រ​នយោបាយ​ដោយ​មិន​មាន​ភស្តុ​តាង​បន្ត​ទៀត​ទៅ ។ សូមកុំ​ព្យាយាម​ឆ្កឹះ​ប​ញ្ហ​ដែល​គ្មាន​មូលដ្ឋាន​យក​មក​ធ្វើ​ជាដើម​ចម​បង្ក​បញ្ហា ។ នៅ​ក្នុង​ករណី​យើង​មាន​ភស្តុ​តាំង​មាន​អំណះអំណាង​មក​បង្ហាញ ប្រកបដោយ​ប្រត្យក្ស​ភាព ចាំ​យើង​និយាយ នៅ​ក្នុង​ករណី​ត្រឹមតែ​ជា​ការ​សង្ស័យ​ទេ កុំ​អី ហើយ​ទុក​អោយ​អ្នកជំនាញ​គេ​ដោះស្រាយ​តាម​លក្ខណៈ​បច្ចេកទេស​ទៅ ។ យើង​ស្រឡាញ់​ទឹកដី​យើង គេ​ក៏​ស្រលាញ់​ទឹកដី​គេ ដុត​ទៅ​ដុត​មក គឺ​មាន​តែ​សង្គ្រាម​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ