ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ឈានមុខ ​ក្នុង​ការ​អនុវត្ត​គម្រោង​រេ​ដ​បូក ​នៅ​លើ​ពិភពលោក

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​សំដែង​សេចក្តី​ត្រេកអរ ដោយ​លោកស្រី Salimata D….

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​សំដែង​សេចក្តី​ត្រេកអរ ដោយ​លោកស្រី Salimata D. Follea តំណាង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា «​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ឈានមុខ​ ក្នុង​ការ​អនុវត្ត​គម្រោង​រេ​ដ​បូក​នៅ​លើ​ពិភពលោក​» នៅ​ក្នុង​ឱកាស​ជួប​សំដែង​ការ​គួ​សម និង​ពិភាក្សា​ការងារ​ជាមួយ​ក្រសួងបរិស្ថាន កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៥ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​ ។

ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​ថា ក្រសួងបរិស្ថាន​ មាន​មោទកភាព​យ៉ាង​ជ្រាលជ្រៅ ដែល​ទទួល​បានការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ចំពោះ​គម្រោង​រេ​ដ​បូក​នៅ​កម្ពុជា​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ដែល​បាន​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ៗ ​មក​ទិញ​ឥណទាន​កាបូន​នៅ​កម្ពុជា និង​ទទួល​បាន​ថវិកា​ពី​ការ​លក់​ឥណទាន​កាបូន​យក​មក​អភិរក្ស​ព្រៃឈើ​ និង​អភិវឌ្ឍ​ជីវភាព​សហគមន៍ ព្រមទាំង​ទទួល​បាន​បរិមាណ​ឥណទាន​កាបូន​សម្រាប់​រាប់​បញ្ចូល​ទៅ​ក្នុង​ផែនការ​ នៃ​ការ​កាត់​បន្ថយ​ការ​បំ​ភាយ (NDC) សំដៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ «​កម្ពុជា​ជា​ប្រទេស​អព្យាក្រឹត​កាបូន​ត្រឹម​ឆ្នាំ​២០៥០» ​។

ឯកឧត្តម ​ក៏​បាន​បញ្ជាក់​ទៀត​ថា ការ​ទទួល​បាន​ចំណាត់ថ្នាក់​ដ៏​ល្អ​នេះ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង ​នូវគោលនយោបាយ​ដ៏​ត្រឹមត្រូវ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​សកម្ម​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ ការ​អភិរក្ស​ជីវៈចម្រុះ ជាមួយ​ដៃគូ ស្ថាប័ន​ពាក់​ព័​ន្ឌ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ជា​ពិសេស​ប្រជាពលរដ្ឋ នៅ​ក្នុង​ការ​ចូលរួម​អនុវត្ត​គម្រោង​រេ​ដូ​ក​នៅ​កម្ពុជា​។ លើស​ពី​នេះ​ទៅ​ទៀត កម្ពុជា​ក៏​នឹង​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​មូលនិធិ​អាកាសធាតុ​បៃតង​សកល (Green Climate Fund) ដែល​គ្រោង​នឹង​ផ្តល់​ដល់​កម្ពុជា​នូវ​ចំនួន ៤០​លាន​ដុល្លា សម្រាប់​អនុវត្ត​កម្មវិធី​រេ​ដ​បូក​ជាតិ នា​សម័យ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​លើក​ទី​២៩ COP29 នៅ​ទីក្រុង​បា​គូ ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ ​។

សូម​បញ្ជាក់​ថា ការ​អនុវត្ត​គម្រោង​រេ​ដ​បូក​អនុវត្ត​នា​ពេល​កន្លង​មក ត្រូវ​បាន​ផ្តល់​ជំនួយ​បច្ចេកទេស​ពី​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​។ ជា​ជំ​ហ៊ាន​បន្ទាប់​ នា​ពេល​អនាគត​ដ៏​ខ្លី ក្រសួងបរិស្ថាន​ នឹង​ពង្រឹងសមត្ថភាព​មន្ត្រី​ថ្នាក់​ជាតិ ជា​ពិសេស​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ប្រជា​សហគមន៍ ដើម្បី​គ្រប់គ្រង​ទាំងស្រុង​នូវ​ការ​អនុវត្ត​គម្រោង​រេ​ដ​បូក​។ ជាង​នេះ​ទៅ​ទៀត ក្រសួងបរិស្ថាន​កំពុង​កសាង​សមត្ថភាព​ខ្លួន​ឱ្យ​ក្លាយទៅជា «​ស្ថាប័ន​មាន​សម្បទា Accredited Entity» ដើម្បី​ទទួល​បាន​ថវិកា​ដោយ​ផ្ទាល់​ពី​មូលនិធិ​អាកាសធាតុ​បៃតង​ ។

ក្រសួងបរិស្ថាន​ ប្តេជ្ញា​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និង​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ជា​ពិសេស «​មុំ​នៃ​ភាព​បៃតង​» ដោយ​បន្ត​ពង្រឹង​ការ​អនុវត្ត​គម្រោង​រេ​ដ​បូក​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ពង្រីក​ការ​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ៗ​មក​ទិញ​ឥណទាន​កាបូន​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ និង​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន ជា​ពិសេស​តាម​រយៈ ការ​អភិវឌ្ឍ​គោលដៅ​លំហែ​បៃតង​ដែល​ត្រូវ​បាន​គ្រប់គ្រង​ផ្ទាល់ ដោយ​ប្រជា​សហគមន៍​សា​ម៉ី ស្រប​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជំរុញ​ឲ្យ​បង្កើត​របៀង​គោលដៅ​លំហែ​បៃតង ផ្សារ​ភ្ជាប់​ជាមួយ​សហគមន៍​មូលដ្ឋាន ដើម្បី​សហគមន៍​មាន​ជីវភាព​ល្អ​ប្រសើ ហើយនឹង​ចូលរួម​ការពារ​និង​អភិរក្ស​ធនធាន​ធា​ម្ម​ជាតិ កាន់តែ​ប្រសើរ​ថែម​ទៀត​ ។

សូម​រម្លឹក​ជូន​ថា កិច្ចសហការ World Bank ជាមួយ​ក្រសួងបរិស្ថាន​កន្លង​មក គឺ​បាន​អនុវត្ត​លើ​គម្រោង គ្រប់គ្រង​សំណល់​រឹង នៅ​ក្នុង​ដែន​គម្រោង​ការពារ​ធម្មជាតិ ធានា​នូវ​និរន្ត​ភាព​ទេសភាព ការ​អភិរក្ស​ធនធានធម្មជាតិ ការ​គ្រប់គ្រង​ធនធានធម្មជាតិ ដើម្បី​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ