ទីក្រុងសេអ៊ូល៖ ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងបន្តរាតត្បាតយ៉ាងខ្លាំងក្លាដល់ដំណាក់កាលគ្រប់គ្រងលែងបានទៅហើយនៅពេលត្រឹមតែមួយថ្ងៃទំហំនៃការឆេះបានកើនឡើងទ្វេមួយជាពីរបើប្រៀបធៀបរវាងម្សិលមិញ និងថ្ងៃនេះ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីអាជ្ញាធរមូលដ្ឋាន។ ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍នេះបានកើនឡើងដល់២៧នាក់ខណៈដែលមនុស្ស៣០នាក់ទៀតរងរបួស។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានយុនហាប់។
អាជ្ញាធរចាត់ទុកថានេះជាភ្លើងឆេះព្រៃដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រកូរ៉េសម័យទំនើប។ ត្រឹមតែប្រាំ ឬប្រាំមួយថ្ងៃប៉ុណ្ណោះភ្លើងបានលេបត្របាក់ព្រៃឈើជាង៣៥០០០ហិចតារ។ ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង លោកហានដុកស៊ូ ថ្លែងថាយើងកំពុងស្ថិតនៅក្នុងស្ថានភាពអាសន្នទូទាំងប្រទេសដោយសារភ្លើងឆេះព្រៃដែលរីករាលដាលហួសពីការស្មានរបស់យើង។

ការិយាល័យជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្លែងថាអគារ និងផ្ទះរបស់អ្នកស្រុកសរុប៣២៥ខ្នងត្រូវបានបំផ្លាញអស់គ្មានសល់ ខណៈដែលមនុស្សជាង៣៧០០០នាក់ត្រូវតែបង្ខំចិត្តរត់ចោលផ្ទះសម្បែង និងស្នាក់នៅតាមទីជម្រកបណ្ដោះអាសន្ន។ ប្រឈមនឹងបញ្ហានេះ អាជ្ញាធរកំពុងប្រើប្រាស់វិធានការសរុបដើម្បីចាត់ការភ្លើងឆេះព្រៃដោយប្រើប្រាស់កម្លាំងមនុស្សជាង៩ពាន់នាក់, ឡានទឹកជាច្រើនគ្រឿង និងឧទ្ធម្ភាគចក្រ១២០គ្រឿងដើម្បីទម្លាក់ទឹកពីលើអាកាស។

យោធាកូរ៉េខាងត្បូងបានបញ្ចេញប្រេងឥន្ធនៈពីក្នុងស្តុកដើម្បីផ្គត់ផ្គង់តម្រូវការរបស់ឧទ្ធម្ភាគចក្រដែលត្រូវបំពេញការងារនៅតំបន់ដាច់ស្រយាល ឬតំបន់ភ្នំដែលឡានទឹកពិបាកធ្វើដំណើរទៅដល់។ តំបន់ឆឹងសុងកំពុងរងគ្រោះខ្លាំងដោយសារភ្លើងឆេះព្រៃលើកនេះ។ គេឃើញតែផ្សែងដ៏ខ្មៅងងឹតគ្របដណ្ដប់ជុំជិតពីលើភ្នំជូវ៉ាង (Juwang) និងឃើញឧទ្ធម្ភាគចក្រដឹកជញ្ជូនទឹកស្រោចពីលើភ្នំនេះជាបន្តបន្ទាប់។

ឥឡូវនេះ ភ្លើងឆេះព្រៃកំពុងគំរាមកំហែងតំបន់បេតិកភ័ណ្ឌជាតិសំខាន់ៗ។ រូបបដិមាព្រះពុទ្ធជាច្រើនអង្គត្រូវអាជ្ញាធរលើកចេញពីកន្លែងគ្រោះថ្នាក់នៅតំបន់ភាគអាគ្នេយ៍។ គេបានប្រើប្រាស់កម្លាំងមនុស្ស៧៥០នាក់ដើម្បីការពារតំបន់បេតិកភ័ណ្ឌ។ តំបន់បេតិកភ័ណ្ឌយ៉ាងតិច១៨កន្លែង រួមទាំងវត្តអារាមបុរាណគូនសា (Gounsa) នៅតំបន់អ៊ូយសឹង (Uiseong) ត្រូវភ្លើងអគ្គិភ័យដុតបំផ្លាញសឹងតែក្លាយជាផេះ។

ពាក់ព័ន្ធនឹងដើមហេតុនៃភ្លើងឆេះព្រៃនេះ អាជ្ញាសង្ស័យថានេះជាស្នាដៃរបស់មនុស្សច្រើនជាងកត្តាធម្មជាតិ។ នេះជារដូវដែលមនុស្សត្រូវការសម្អាតផ្នូរដូនតា និងឪពុកម្ដាយរបស់ខ្លួន។ ដូច្នេះ ពួកគេអាចនឹងជម្រះស្មៅ ឬរុក្ខជាតិងាប់ៗដើម្បីដុតចោល។ ឬមិនដូច្នេះទេ ភ្លើងនេះអាចនឹងបង្កឡើងដោយមនុស្សផ្សារដែកនៅក្នុងព្រៃ។ រដ្ឋបាលព្រៃឈើរំពឹងថានឹងមានភ្លៀងធ្លាក់នៅយប់នេះនៅលើទីតាំងដែលមានភ្លើងឆេះព្រៃ។ ប៉ុន្តែនេះគ្រាន់តែជាភ្លៀងកក់ខែបន្តិចបន្តួចតែប៉ុណ្ណោះ។ ដូច្នេះមិនអាចធ្វើឱ្យរលត់ភ្លើងឆេះព្រៃនេះទាំងស្រុងបានឡើយ។ ខាងលើនេះជាការដកស្រង់ពីគេហទំព័រឌីដាប់បលយូ (DW)៕
ចែករំលែកព័តមាននេះ