ទីក្រុងគែ៖ មានហេតុការណ៍លិចនាវាមុជទឹកសម្រាប់ជិះកម្សាន្តជាលក្ខណៈទេសចរណ៍ទៅមើលបាតសមុទ្របណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច៦នាក់គិតតែសាកសពដែលបានរកឃើញ។ ក្រៅពីនេះ មនុស្សជាច្រើនទៀតកំពុងបាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងនៅតំបន់លំហែកាយ១កន្លែងនៃសមុទ្រមរណៈ(Dead Sea) ស្ថិតនៅតំបន់ឆ្នេរសមុទ្រប្រទេសអេហ្ស៊ីប។
សាក្សីនិយាយថាមុនពេលកើតហេតុ គេឃើញភ្ញៀវទេសចរ២៩នាក់បានឡើងជិះនាវាមុជទឹកនោះ ឬហៅថាយានមុជទឹកក៏បានដែរ ខុសគ្នាត្រង់យានមុជទឹកមានទំហំតូចអាចមុជដល់បាតសមុទ្រ និងមិនមែនជានាវាសម្រាប់បម្រើការនៅក្នុងវិស័យយោធាទេ។ សារព័ត៌មានដឹសាន់របស់អង់គ្លេស (The Sun) ចុះផ្សាយថាគេទទួលបានព័ត៌មានផ្សេងគ្នាពាក់ព័ន្ធនឹងចំនួនអ្នកស្ថិតនៅក្នុងនាវា ប្រភពខ្លះថា២៩នាក់ រីឯខ្លះទៀតថា៤៤នាក់។ នេះបើតាមការផ្សាយរបស់ទស្សនាវដ្ដីញូស្វីក (Newsweek)។
គេមិនទាន់ដឹងលម្អិតថាតើអ្នកស្ថិតនៅក្នុងនាវានោះមានជនជាតិអ្វីខ្លះទេ ហើយក៏មិនដឹងថាបុគ្គលិករបស់ក្រុមហ៊ុនមានប៉ុន្មាននាក់ដែរ។ តំបន់លំហែកាយនៅទីក្រុងហួហ្កាដា (Hurghada) ដែលកើតមានហេតុការណ៍លិចនាវានេះជាទីកន្លែងដ៏ពេញនិយមណាស់ដែលអង់គ្លេស និងអាល្លឺម៉ង់ចូលចិត្តទៅកម្សាន្តនៅទីនោះ។ កាលពីឆ្នាំ២០២១ក៏មានករណីលិចនាវាមុជទឹកទេសចរណ៍មួយគ្រឿងបណ្ដាលឱ្យលង់ទឹកស្លាប់ប្ដីប្រពន្ធជនជាតិអាល្លឺម៉ង រួមទាំងកូនតូចរបស់ពួកគេម្នាក់ផងដែរ។
កាលនោះ អ្នកទេសចរចម្រុះជាតិសាសន៍១៣នាក់អាចរួចផុតពីសេចក្ដីស្លាប់បន្ទាប់ពីនាវានោះបើកទៅបុកថ្មប៉ប្រះទឹកពេញមួយទំហឹង។ ក្រោយមកទៀត ហេតុការណ៍លិចនាវាមុជទឹកឆ្នាំ២០២៣ល្បីពេញពិភពលោកព្រោះស្លាប់សុទ្ធតែមហាសេដ្ឋី។ កាលនោះ មនុស្ស៥នាក់នាក់ជិះនាវាមុជទឹកឈ្មោះទីតាន (Titan) ចុះទៅទស្សនាខ្មោចកប៉ាល់ថាយថានិច (Titanic) នៅបាតមហាសមុទ្រអាត្លង់ទិចជម្រៅជាង៤គីឡូម៉ែត្រ។ ម្នាក់ៗចំណាយ២៥ម៉ឺនដុល្លារសម្រាប់ដំណើរទេសចរណ៍មរណៈនេះ។
ងាកមកចាប់អារម្មណ៍ករណីលិចនាវាមុជទឹកនៅអេហ្ស៊ីបវិញម្ដង។ ប្រភពពីគេហទំព័រប៊ីប៊ីស៊ី (BBC) ផ្សាយថាក្រៅពីមនុស្ស៦នាក់ដែលគេគិតថាបានស្លាប់ទៅហើយនោះ អ្នកទេសចរ៩នាក់ទៀតមានសំណាងអាចរួចផុតពីសេចក្ដីស្លាប់។ គ្រាន់តែថាពួកគេរងរបួសខ្លះៗដោយសារការប៉ះទង្គិចមួយទំហឹងទៅនឹងវត្ថុរឹងនៅក្នុងសមុទ្រ។
ប៊ីប៊ីស៊ីចុះផ្សាយបន្តទៀតថាមនុស្ស២៩នាក់ត្រូវគេជួយសង្គ្រោះទាន់ពេលវេលា។ នៅក្នុងចំណោមអ្នករបួសទាំងនោះ ៤នាក់រងរបួសធ្ងន់ ហើយត្រូវគេដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្បែរនោះ។ គេជឿជាក់ថានៅពេលកើតហេតុនោះ មនុស្សយ៉ាងតិច៤០នាក់បានជិះនៅក្នុងនាវាមុជទឹក។ ទស្សនាវដ្ដីញូស្វីកបានដកស្រង់ប្រភពពីមន្ត្រីថ្នាក់មូលដ្ឋានមកចុះផ្សាយថាមនុស្ស៦នាក់បានស្លាប់ហើយ, ៩នាក់រងរបួស និង២៩នាក់ជួយសង្គ្រោះទាន់ពេលវេលាដោយគ្មានរបួសស្នាមអ្វីទាំងអស់៕
ចែករំលែកព័តមាននេះ