រាជធានីភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានជួបគ្នាពិភាក្សាគិតគូរអំពីការផ្ទេរមន្ត្រី ដោយត្រូវថ្លឹងថ្លែងជាមូលដ្ឋានលើស្ថានភាពរបស់លោកគ្រូ អ្នកគ្រូផង អត្ថប្រយោជន៍របស់សិស្សានុសិស្សផង និងបរិបទ នៃការកែទម្រង់រដ្ឋបាលសាធារណៈផង ។
ការជួបពិភាក្សារបស់តំណាងក្រសួង ចំនួន២ខាងលើ ដោយគោរពយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តយ៉ាងហ្មត់ចត់ តាមអនុសាសន៍ និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានជួបគ្នាពិភាក្សា និងគិតគូរ ទៅលើបច្ចេកទេស និងយន្តការ ព្រមទាំងវិធីសាស្ត្រនានា សំដៅដល់ការដោះស្រាយករណីស្នើសុំផ្ទេរទីកន្លែងបំពេញការងាររបស់មន្ត្រីរាជការស៊ីវិល ដែលជាគ្រូបង្រៀន ។
យោងតាមបណ្តាញសង្គមរបស់ក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា កិច្ចប្រជុំកាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ត្រូវបានដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទីក្រសួងមុខងារសាធារណៈ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូក្រសួងអប់រំ យុវជន និងកីឡាជាច្រើនរូបទៀត ។
កិច្ចប្រជុំបច្ចេកទេសនារសៀលនេះ បានគិតគូរ ថ្លឹងថ្លែង គ្រប់ជ្រុងជ្រោយទាំងអស់ រួមបញ្ចូលទាំងការគិតគូរពីស្ថានភាពរបស់លោកគ្រូ អ្នកគ្រូ ដែលមានបំណងផ្ទេរ កន្លែងបំពេញការងារ ក៏ដូចជាការគិតគូរថ្លឹងថ្លែងទៅដល់ប្រយោជន៍របស់សិស្សានុសិស្ស ដែលកំពុងសិក្សានៅតាមតំបន់នានាទូទាំងប្រទេស ដែលមានតម្រូវការចាំបាច់នូវក្នុងការទទួលបានការអប់រំ ។
នៅក្នុងកិច្ចប្រជុំបច្ចេកទេសនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំង២ បានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ធ្វើយ៉ាងណាព្យាយាមរកដំណោះស្រាយដែលសមស្របជូនទៅដល់លោកគ្រូ អ្នកគ្រូផង ក៏ដូចជាសិស្សានុសិស្សផង ព្រមទាំងប្រយោជន៍ដែលជាគោលដៅរួមនៃតម្រូវការរបស់រាជរដ្ឋាភិបាល ក្នុងបរិបទនៃកំណែទម្រង់រដ្ឋបាលសាធារណៈផង ។
កិច្ចប្រជុំទទួលបានមតិយោបល់ និងធាតុចូលជាច្រើន ដើម្បីរៀបចំគោរពជារបាយការណ៍ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេចធ្វើយ៉ាងណាសម្រួលដល់ការដោះស្រាយស្ថានភាពនានារបស់លោកគ្រូ អ្នកគ្រូ និងដោះស្រាយស្ថានភាពដូចដែលបានរៀបរាប់ខាងលើ និងស្របទៅតាមទស្សនៈវិស័យ ក៏ដូចជាការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងមន្ត្រី និងការរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែល្អប្រសើរ ៕



ចែករំលែកព័តមាននេះ