ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​កំណែទម្រង់ គឺជា​រឿង​ចាំបាច់​ត្រូវ​តែ​ធ្វើ ប៉ុន្តែ​អភិក្រម​នៃ​ការ​ធ្វើ និង​ដំណើរការ​នៃ​ការ​អនុវត្ត​ក៏​ដូច​ជា វិធីសាស្ត្រ​នៃ​ការ​ធ្វើ​មិន​អាច​ដូច​គ្នា​បាន​ទេ ។ កំណែទម្រង់​នៅ​កម្ពុជា មិន​អាច​ដូច​កំណែទម្រង់​នៅ​វៀតណាម ឬ​ក៏​នៅ​ឡាវ ឬ​ប្រទេស​ផ្សេង​បាន​ឡើយ…

រឿង​កំណែទម្រង់ គឺជា​រឿង​ចាំបាច់​ត្រូវ​តែ​ធ្វើ ប៉ុន្តែ​អភិក្រម​នៃ​ការ​ធ្វើ និង​ដំណើរការ​នៃ​ការ​អនុវត្ត​ក៏​ដូច​ជា វិធីសាស្ត្រ​នៃ​ការ​ធ្វើ​មិន​អាច​ដូច​គ្នា​បាន​ទេ ។ កំណែទម្រង់​នៅ​កម្ពុជា មិន​អាច​ដូច​កំណែទម្រង់​នៅ​វៀតណាម ឬ​ក៏​នៅ​ឡាវ ឬ​ប្រទេស​ផ្សេង​បាន​ឡើយ ។ សូមកុំ​យក​កម្មវិធី​កំណែទម្រង់​ប្រទេស​មួយ​មក​ប្រៀបធៀប​នឹង​ប្រទេស​មួយ​ពីព្រោះ​បរិបទ​សង្គម នយោបាយ សេដ្ឋកិច្ច ក៏​ដូច​ជា វប្បធម៌ គឺ​វា​ខុស​គ្នា ។

តាំង​តែ​ពី​ខែកុម្ភៈ មក​ដល់​ខែមីនា​នេះ ប្រធានបទ​នៃ​ការ​ធ្វើ​កំណែទម្រង់​មានការ​ជជែក​គ្នា​ច្រើន​គួរសម​ដែរ នៅ​ក្នុង​សង្គម ជា​ពិសេស គឺ​ក្រោយ​ពេល​ដែល​សភា​វៀតណាម​បាន​សម្រេច​អនុម័ត កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ នូវ​ច្បាប់​រៀបចំ​រដ្ឋាភិបាល​ថ្មី​ដែល​នៅ​ក្នុង​នោះ​វៀតណាម​ប្រកាស​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ​ពី​១៥ ទៅ​២៥% និង​កាត់​តម្រឹម​ក្រសួង​ពី​១៨​មក​នៅ​ត្រឹម​១៤ ។

ចំណែក​កាលពី​ថ្ងៃ​ទី​២០ ខែមីនា ថ្មី​ៗ​នេះ​ឡាវ ដែល​គេ​ដឹង​មាន​របប​នយោបាយ​ស្រ​ដៀង​គ្នា​នឹង​វៀតណាម​ក៏​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាត់​បន្ថយ​ក្រសួង​ពី​១៧ មក​នៅ​ត្រឹម​១៣​ផង​ដែរ ។ រឿង​នេះ គឺជា​រឿង​នៅ​ប្រទេស​វៀតណាម និង​ឡាវ មិន​អាចយ​កមក​ពាក់ព័ន្ធ​នឹង​កម្ពុជា​បាន​ឡើយ ដោយសារ​កម្ពុជា និង​ប្រទេស​ទាំង​ពីរ ទោះបីជា​មាន​ភូមិ​ផង​របង​ជាមួយ​គ្នា ហើយ​ក៏​មាន​ទំនាកទំនង និង​ភាតរភាព​ប្រទាក់ក្រឡា​គ្នា​ច្រើន​ក៏​ពិតមែន ប៉ុន្តែ​កម្ពុជា​មាន​ស្ថានភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច​ខុស​ពី​ប្រទេស​ទាំង​ពីរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់លាស់​រួច​ហើយ កាលពី​ថ្ងៃ​ទី​២០ ខែមីនា ដដែល នៅ​ពេល​ដែល​បាន​ចូលរួម​បិទ​សន្និបាត​ក្រសួង​មុខងារសាធារណៈ ។ សម្តេច​មហា​បវរ​ធិ​បតី បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កំណែទម្រង់ គឺ​ចាំបាច់​ណាស់ ដែល​កម្ពុជា​ត្រូវ​តែ​ធ្វើ​ដោយ​ថែម​ទាំង​បញ្ជាក់ និង​សង្កត់​អត្ថន័យ​ថា កំណែទម្រង់ គឺ​រស់​ហើយ បើ​មិន​កំណែទម្រង់ គឺ​ស្លា​.​ប់ ប៉ុន្តែ​កម្ពុជា​មាន​អភិក្រម​នៃ​ការ​ធ្វើ​កំណែទម្រង់​តាម​បរិបទ​របស់​កម្ពុជា​ផ្ទាល់ ។ សម្តេច​មហា​ធិ​បតី នៅ​ពេល​នោះ​បាន​មាន​ប្រសាសន៍​ថា ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​បាន​បន្ត​ធ្វើ​កំណែទម្រង់​វិស័យ​សាធារណៈ​ដោយ​ជ្រើសរើស​អភិក្រម​បង្រួម ដើម្បី​ពង្រឹង ប៉ុន្តែ​កម្ពុជា​បាន​ជ្រើសរើស​ផ្លូវ​ផ្សេង ។

សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា នៅ​ពេល​នេះ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស ប៉ា​គី​ស្ថាន ម៉ា​ឡេ​ស៊ី វៀតណាម និង​អា​ហ្ស​ង់​ទី​ន​ជាដើម បាន​អនុវត្ត​កំណែទម្រង់​វិស័យ​សាធារណៈ​ដោយ​បង្រួម​ដើម្បី​ពង្រឹង ប៉ុន្តែ​កម្ពុជា​អនុវត្ត​តាម​អភិក្រម​នោះ​ទេ គឺ​កម្ពុជា​មាន​អភិក្រម​ផ្ទាល់ ដោយ​អនុវត្ត​តាម​វិធីសាស្ត្រ «​ពង្រឹង​ជា​ជាង​ពង្រីក​» ។

បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​ក្រសួង និង​រដ្ឋលេខាធិការដ្ឋាន​ចំនួន​៣០ ដែល​មាន​មន្ត្រីរាជការ​សរុប​ចំនួន​២៣២.០៣៤​នាក់ ក្នុង​នោះ​ស្រី ៩៦.៩៦៩​នាក់ ។ នៅ​ក្នុង​ស្ថានភាព​បែប​នេះ សម្តេច​ធិ​បតី​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លើស​មន្ត្រី​ហើយ​ក៏​ខ្វះ​មន្ត្រី ពោល គឺ​កន្លែង​ខ្លះ​មាន​មន្ត្រី​ច្រើន​គ្នា ប៉ុន្តែ​ខ្វះ​មន្ត្រី​ជំនាញ ដូច្នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល ផ្អាក​ការ​ជ្រើសរើស​មន្ត្រីរាជការ​ថ្មី ហើយ​តម្រូវ​ឲ្យ​ស្ថាប័ន​នានា ធ្វើការ​វិភាគ​មុខងារ​មន្ត្រី ដើម្បី​ពិនិត្យ​គុណ​វឌ្ឍន៍ និង​ការ​ទទួលខុសត្រូវ ហើយ​លើកទឹកចិត្ត​ឲ្យ​មន្ត្រី​ធ្វើការ​ឲ្យ​ត្រូវ​នឹង​សមត្ថភាព​ព្រមទាំង​ជំនាញ ។

នៅ​ក្នុង​ឱកាស​ដដែល​នោះ សម្តេច​មហា​បវរ​ធិ​បតី ក៏​បាន​ប្រកាស​ជា ចំហ​ថា កម្ពុជា​នឹង​មិន​ធ្វើការ​កំណែទម្រង់​តាម​រយៈ​រូបភាព​បង្រួម​ក្រសួង ឬ​កាត់​បន្ថយ​បុគ្គលិក​ដូច​ជា ប្រទេស​មួយ​ចំនួន​បាន​កំពុង​តែ​ធ្វើ​នោះ​ឡើយ ។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម សភា​វៀតណាម បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​រៀបចំ​រដ្ឋាភិបាល​ថ្មី​ដោយ​កាត់​បន្ថយ​ក្រសួង​ចំនួន​៤ ដើម្បី​ជួយ​សន្សំ​ថវិការដ្ឋ ដោយ​ក្នុង​នោះ​ប៉ុស្តិ៍​ទូរទស្សន៍​រដ្ឋ​ចំនួន​៥ និង​ក្រសួង​៤​ទៀត​នឹង​ត្រូវ​ច្របាច់​បញ្ចូល​គ្នា​ជាមួយនឹង​ក្រសួង​ដទៃ​ទៀត ។

នៅ​វៀតណាម នៅ​ពេល​នេះ​ក្រសួងផែនការ និង​វិនិយោគ ត្រូវ​បាន​ច្របាច់​ចូល​ជាមួយ​ក្រសួង​ហិរញ្ញវត្ថុ ហើយ​ក្រសួង​ដឹក​ជញ្ជូន និង​ក្រសួង​សំណង់​នឹង​ត្រូវ​បញ្ចូល​គ្នា ។ ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន និង​ក្រសួងកសិកម្ម នឹង​ត្រូវ​ច្របាច់​បញ្ចូល​គ្នា​ផង​ដែរ ។ ការ​រៀបចំ​រចនាសម្ព័ន្ធ​ក្រសួង​ឡើង​វិញ​របស់​វៀតណាម​នឹង​ប៉ះពាល់​ដល់​ការងារ​មន្ត្រី​រដ្ឋ​ចំនួន ១០​ម៉ឺន​នាក់ ដោយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​មាន​សមាជិក​២៥​រូប គឺ​នាយក​រដ្ឋមន្ត្រី​មួយ​រូប ឧបនាយករដ្ឋមន្ត្រី​៧​រូប រដ្ឋមន្ត្រី​១៤​រូប និង​ប្រធាន​ស្ថាប័ន​ថ្នាក់​រដ្ឋមន្ត្រី​៣​រូប ។

ក្រៅពី​នេះ​វៀតណាម​ក៏​កំពុង​តែ​សិក្សា​រៀបចំ​កាត់​បន្ថយ​រដ្ឋបាល​កម្រិត​ខេត្ត​៥០​ភាគរយ​ដើម្បី​រុញ​រដ្ឋាភិបាល​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​ប្រជាជន សម្រួល​ប្រតិបត្តិការ និង​កែ​លម្អ​សេវា​សាធារណៈ​។ ដោយឡែក​នៅ​ឡាវ​ឯណោះ​វិញ​សភា បាន​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​លើ​ផែនការ ដែល​កាត់​បន្ថយ​ចំនួន​ក្រសួង​ពី​១៧ មក​នៅ​ត្រឹម​១៣ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី ស៊ុន​សៃ ស៊ី​ផា​ន់​ដ​ន (Sonexay Siphandone)​។

ក្រោម​រចនាសម្ព័ន្ធ​ថ្មី ក្រសួងផែនការ និង​វិនិយោគ ត្រូវ​បាន​បញ្ចូល​គ្នា​ជាមួយ​ក្រសួង​ហិរញ្ញវត្ថុ ដោយ​រក្សា​ឈ្មោះ​ក្រសួង​ហិរញ្ញវត្ថុ ។ ដោយឡែក ក្រសួង​ថាមពល និង​រ៉ែ ត្រូវ​បាន​រួម​បញ្ចូល​គ្នា​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ដែល​នឹង​បន្ត​ប្រតិបត្តិការ​ក្រោម​ឈ្មោះ​ដដែល ។ រីឯ​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន ត្រូវ​បាន​បញ្ចូល​គ្នា​ជាមួយ​ក្រសួងកសិកម្ម និង​រុក្ខា​ប្រមាញ់ ហើយ​អង្គភាព​ថ្មី​នេះ​ត្រូវ​បាន​គេ​ហៅ​ថា ក្រសួងកសិកម្ម និង​បរិស្ថាន ។

ក្រៅពី​នោះ ក្រសួងមហាផ្ទៃ​ត្រូវ​បាន​រំលាយ ហើយ​អង្គភាព​នានា​នៅ​ក្នុង​ក្រសួង​នេះ ត្រូវ​បាន​បែងចែក​ទៅ​តាម​អង្គភាព​ផ្សេង​ៗ ដោយ​អង្គភាព​ដែល​នៅ​សល់​ខ្លះ ត្រូវ​បាន​ដាក់​នៅ​ក្រោម​គណៈកម្មាធិការ​បុគ្គលិក និង​នៅ​ក្រោម គណៈកម្មាធិការ​មជ្ឈិមបក្ស ខណៈ​ដែល​មុខងារ​អភិបាលកិច្ច និង​រដ្ឋបាល​ដែនដី ត្រូវ​បាន​ផ្ទេរ​ទៅ​នៅ​ក្រោម​ការិយាល័យ​នាយក​រដ្ឋមន្ត្រី និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ទៀត ។

លើស​ពី​នេះ ក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ត្រូវ​បាន​រៀបចំ​ឡើង​វិញ ដោយ​វិស័យ​ព័ត៌មាន​ឥឡូវនេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមប្រឹក្សា​ឃោសនា និង​បណ្តុះបណ្តាល​របស់​គណៈកម្មាធិការ​មជ្ឈិមបក្ស ហើយ​ក្រសួង​ត្រូវ​ប្តូរ​ឈ្មោះ​ជា​ក្រសួង​វប្បធម៌ និង​ទេសចរណ៍ ។

សរុប​ទៅ​ការ​ធ្វើ​កំណែទម្រង់ គឺជា​រឿង​ចាំបាច់​ដែល​កម្ពុជា​ត្រូវ​តែ​ធ្វើ ប៉ុន្តែ​ដើម្បី​ស្ថិរភាព​សេដ្ឋកិច្ច សង្គម និង​នយោបាយ ជា​ពិសេស គឺ​ធានា​បាន​នូវ​សន្តិភាព និង​ការ​អភិវឌ្ឍ ប្រកបដោយ​ចិ​រ​ភាព​ការ​កំណត់​យក​អភិរ​ក្រម​នៃ​ការ​អនុវត្ត​កម្មវិធី​កំណែទម្រង់ គឺ​កម្ពុជា​គួរតែ​អនុវត្ត​តាម​គន្លង និង​បទ​ពិសោធន៍ ជា​ពិសេស គឺ​យន្តការ និង​បែបបទ​នៃ​ការ​ធ្វើ​របស់​ខ្លួន ។ នៅ​វៀតណាម នៅ​ឡាវ គេ​មាន​បរិបទ​សង្គម នយោបាយ និង​សេដ្ឋកិច្ច​ផ្សេង​គេ​ធ្វើ​តាម​បែប​របស់​គេ ប៉ុន្តែ​យើង​ក៏​មាន​របស់​យើង ដូច្នេះ​យើង​គួរតែ​ពង្រឹង និង​អនុវត្ត​តាម​វិធី​របស់​ខ្លួន ប៉ុន្តែ​ដាច់ខាត​គ្រប់​គ្នា​ត្រូវ​ចូលរួម ហើយ​ការ​វះកាត់ គឺ​ចាំបាច់​ត្រូវ​តែ​ធ្វើ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ