រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីឡាវ បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមសិក្សាបង្កើតច្រកទ្វារព្រំដែនជាមួយខេត្តរតនគិរី និងបានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តជាប់ព្រំដែន ខិតខំពង្រឹងកិច្ចសហការជាមួយគ្នាឱ្យបានជិតស្និទ្ធលើការងារថែរក្សាសន្តិសុខតាមខ្សែបន្ទាប់ព្រំដែន ។
ការគាំទ្រនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ នេះបើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយបញ្ចប់ទស្សនកិច្ចនៅឡាវ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ។
ក្នុងជំនួបនោះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា ក៏បានជម្រាបជូន នាយករដ្ឋមន្ត្រី នូវការគាំទ្រ ប្រកបដោយភាពជឿជាក់ចំពោះលទ្ធផលនៃជំនួបរវាងថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ ដែលជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេសការជួយគាំទ្រគ្នាទៅវិញទៅមក ឈរលើស្មារតីមិត្តភាព និងសាមគ្គីភាព ក្នុងបុព្វហេតុរួម នៃសុខុមាលភាពរបស់ប្រជាជន នៃប្រទេសទាំងពីរ តាមស្មារតី នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង ។
ភ្ជាប់នឹងការជម្រាបជូនដោយសង្ខេប អំពីលទ្ធផល នៃជំនួបទ្វេភាគី និងកិច្ចប្រជុំពេញអង្គ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា បានស្នើសុំ នាយករដ្ឋមន្ត្រី ផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែង ការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ ផងដែរ ។
ជាការឆ្លើយតប លោក សន សៃស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានកោតសរសើរប្រកបដោយការលើកទឹកចិត្ត ចំពោះ រដ្ឋមន្ដ្រីមហាផ្ទៃកម្ពុជា ដែលបានដឹកនាំក្រសួងមហាផ្ទៃយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព រួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនារបស់ សម្តេចធិបតី សម្រេចបានមសិទ្ធផលជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា ។
នាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃជាវិជ្ជមានចំពោះលទ្ធ ផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ក្នុងឆ្នាំ២០២៤ និងបង្ហាញការ ជឿជាក់ថាស្ថាប័នទាំងពីរនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការដូចមានក្នុងកំណត់ហេតុឆ្នាំ២០២៥ ឱ្យសម្រេចបានជោគជ័យ ។
នាយករដ្ឋមន្ត្រីឡាវ ក៏បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមសិក្សាបង្កើតច្រកទ្វារព្រំដែនជាមួយខេត្តរតនគិរី និងបានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តជាប់ព្រំដែន រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់កម្រិត ខិតខំពង្រឹងកិច្ចសហការជាមួយគ្នាឱ្យ បានជិតស្និទ្ធ លើការងារថែរក្សាសន្តិសុខតាមខ្សែបន្ទាប់ព្រំដែន ជាពិសេសការទប់ស្កាត់បទល្មើស និងខិតខំបង្កលក្ខណៈឱ្យ បានកាន់តែប្រសើរឡើងថែមទៀតលើការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ៕



ចែករំលែកព័តមាននេះ