ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះលោកម៉ាយវ៉ល (Mike Waltz) ដែលជាទីប្រឹក្សាសន្តិសុខជាតិ និងដែលបានធ្វើឱ្យបែកធ្លាយព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងផែនការរបស់អាមេរិកវាយប្រហារទៅលើមូលដ្ឋានរបស់ក្រុមហ៊ូទីនៅប្រទេសយេម៉ែន។ កំហឹងក្រេវក្រោធនេះកើតឡើងបន្ទាប់ពីព័ត៌មានសម្ងាត់ត្រូវបែកធ្លាយទៅដល់ដៃរបស់និពន្ធនាយកគេហទំព័រដឹអេនលេនធីក (The Atlantic)។
ប្រភពខ្លះថាតាមពិតមន្ត្រីរដ្ឋាភិបាលអាមេរិកបង្ហោះឯកសារសម្ងាត់នោះនៅក្នុងប្រព័ន្ធស៊ីកណល (Signal) ដែលជាក្រុមសន្ទនាសម្ងាត់។ ប៉ុន្តែចៃដន្យអ្វីនៅអំឡុងពេលនៃការបង្ហោះឯកសារសម្ងាត់នោះ លោកម៉ាយវ៉លមានលេខទូរស័ព្ទរបស់និពន្ធនាយក លោកចែហ្វហ្វ្រ៊ី ហ្គោលបឺក (Jeffrey Goldberg)។ លោកវ៉លក៏ទាញឈ្មោះរបស់លោកហ្គោលបឺកទៅក្នុងគ្រុបសម្ងាត់នោះដែរ។
តាមពិតត្រាំក្ដៅក្រហាយរឿងធ្វើឱ្យការណ៍សម្ងាត់នេះល្មមទេ។ ប៉ុន្តែអ្វីដែលធ្វើឱ្យលោកខឹងដាច់ក្បាលដាច់កន្ទុយនោះនៅត្រង់ថាទីប្រឹក្សាសន្តិសុខជាតិរូបនេះមានលេខទូរស័ព្ទរបស់និពន្ធនាយកហ្គោលបឺក។ លោកត្រាំក្នុងនាមជាប្រធានាធិបតី និងក៏ជាអគ្គបញ្ជាការកងទ័ពផងដែរនោះកំពុងដេកឆ្ងល់ និងមានមន្ទិលសង្ស័យមិនចេះអស់មិនចេះហើយថាហេតុអ្វីបានជាទីប្រឹក្សារូបនេះមានលេខទូរស័ព្ទរក្សាទុកនៅក្នុងទូរស័ព្ទដៃរបស់គាត់មិនដឹងតាំងពីអង្កាល់។ លោកត្រាំជេរប្រទេចផ្ដាសាដាក់លោកវ៉លថាជាមនុស្សចោលម្សៀត។
កាលពីយប់មិញ លោកវ៉លប្រាប់ទូរទស្សន៍ហ្វក់ថាលោកសូមទទួលខុសត្រូវទាំងស្រុងចំពោះការបែកធ្លាយការណ៍សម្ងាត់នោះ។ លោកថាលោកជាអ្នកបង្កើតក្រុមសន្ទនាសម្ងាត់។ ការភ្លាត់ស្នៀតលើកនេះជាកំហុសដ៏អាម៉ាស់សម្រាប់រូបលោក។ ប៉ុន្តែលោកវ៉លក៏ព្យាយាមនិយាយវាយបកទៅអ្នកកាសែតរូបនោះវិញដែរ។ លោកនិយាយដោយប្រយោលថានៅទីក្រុងនេះ (វ៉ាស៊ីនតោន) មានអ្នកកាសែតច្រើនណាស់ដែលប្រើភាសាភូតកុហកដើម្បីបានល្បីឈ្មោះ។
ឧទាហរណ៍ ដូចជាអ្នកកាសែតម្នាក់នេះជាដើម (ចែហ្វហ្វ្រ៊ី ហ្គោលបឺក) លោកពុំដែលជួបមុខ ពុំដែលស្គាល់ ពុំដែលនិយាយរកគ្នាទាល់តែសោះ។ លោកថាយើងកំពុងស្រាវជ្រាវដើម្បីចង់ដឹងថាតើបុគ្គលរូបនេះអាចចូលទៅក្នុងក្រុមសម្ងាត់នេះដោយរបៀបណា។ តាមមើលទៅ លោកវ៉លខ្លួនឯងជាអ្នកទាញចែហ្វហ្វ្រ៊ី ហ្គោលបឺកចូលទៅក្នុងគ្រុបសម្ងាត់នោះ។ គ្រុបនេះមានមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិកតែ១៨នាក់ប៉ុណ្ណោះជាសមាជិក។ ពួកគេពិភាក្សាគ្នាអំពីផែនការធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហ៊ូទី។
អាមេរិកចាប់ផ្ដើមបើកប្រតិបត្តិសឹកនេះនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ លោកចែហ្វហ្វ្រ៊ីសម្រេចថាមិនផ្សព្វផ្សាយផែនការសម្ងាត់នេះជាសាធារណៈទេ។ ប៉ុន្តែកាលពីថ្ងៃចន្ទ គាត់បានបង្ហាញសារខ្លះៗដែលលាតត្រដាងការរិះគន់មាក់ងាយពីសំណាក់មន្ត្រីរដ្ឋាភិបាលអាមេរិកចំពោះពួកអឺរ៉ុប។ ក្នុងនោះ គេឃើញសាររបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកសរសេរថាលោកសូមចែករំលែកការស្អប់ខ្ពើមចំពោះគំនិតកេងប្រវ័ញ្ចរបស់ពួកអឺរ៉ុបផង។ គួរឱ្យអាណិតណាស់៕
ចែករំលែកព័តមាននេះ