រាជធានីភ្នំពេញ ៖ ការបញ្ជ្រាបចំណេះដឹងពីហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានដល់សំណាក់ប្រជាពលរដ្ឋ និងរួមទាំងការបញ្ចូលអក្ខរកម្មហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាអប់រំទូទៅរបស់សាលារដ្ឋ មិនត្រឹមតែជួយតម្រង់ទិស ក្នុងការប្រើប្រាស់ថវិការរបស់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពទេ តែវាក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ នេះបើតាមលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ។
បញ្ជាក់ក្នុងកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ស្តីពី «ការចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ» នាសណ្ឋានគារ NOVOTEL ក្នុងរាជធានីភ្នំពេញ ។
លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា សមាគមទាំង២ គឺសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជា បានខិតខំយ៉ាងខ្លាំងជាមួយការងារជាច្រើននាកន្លងមក ដោយក្នុងចំណោមនេះការផ្សព្វផ្សាយ និងការផ្តល់ចំណេះដឹងដល់សាធារណជន គឺជាការងារអាទិភាព។ ក្រៅពីនេះសាធារណជនទូទៅ ដែលមិនមែនជាអតិថិជន ក៏គាត់ត្រូវតែទទួលបាននូវចំណេះដឹងដូចគ្នា។ សមាគមទាំង២ កន្លងមកនេះ បានគាំទ្រ ក្នុងការដាក់បញ្ចូលកម្មវិធីមីក្រូហិរញ្ញវត្ថុ បញ្ចូលក្នុងកម្មវិធីសិក្សា ដែលមានសម្រាប់សិស្សថ្នាក់ទី៤ និងទី៧ ជាដើម។ សម្រាប់នាថ្មីៗនេះ ក៏មានការរៀបចំដាក់បញ្ចូលកម្មវិធីសិក្សាថ្មីៗបន្ថែមទៀតដល់សិស្សានុសិស្ស ដែលទាំងនេះ គឺធ្វើឡើងសម្រាប់កសាងធនធានមនុស្សនៅកម្ពុជា ដែលជាទំពាំងស្នងឬស្សី ដើម្បីឱ្យពួកគេមានបំណិនជីវិត ទៅលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ក្រៅអំពីនេះ ការធ្វើសិក្ខាសាលានៅតាម ភូមិ ស្រុក ក៏ជាផ្នែកសំខាន់មួយទៀត សម្រាប់ផ្តល់លើចំណេះដឹងមីក្រូហិរញ្ញវត្ថុ ដល់ពលរដ្ឋឱ្យបានជ្រួតជ្រាបពីបញ្ហានេះ ក្នុងការប្រើប្រាស់ថវិការឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ។
លោកជំទាវ ឌិត នីតា បានថ្លែងឱ្យដឹងដែរថា ៖ នាថ្មីៗមកនេះ សមាគមបានចងក្រងពីក្រមសីលធម៌ វិជ្ជាជីវៈ សម្រាប់ភ្នាក់ងារឥណទាន។ ចំណុចមួយ ក្នុងក្រមសីលធម៌ វិជ្ជាជីវៈនោះ គឺការផ្តល់នូវចំណេះដឹងមូលដ្ឋានដល់អតិថិជន ដើម្បីឱ្យពួកគាត់យល់ដឹងពីលក្ខខណ្ឌផ្សេងៗដូចជា កិច្ចសន្យា ការយល់ដឹងពីចំណុចសំខាន់ៗ ទៅលើឥណទាន ។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា របៀបវីរៈសំខាន់របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជា គឺបានផ្តល់ចំណេះដឹង ហើយពិសេសការផ្តល់ឥណទាន ដើម្បីធ្វើយ៉ាងណាមានប្រសិទ្ធភាពខ្ពស់។ យើងបានធ្វើស្ទើរគ្រប់វិស័យទាំងអស់ ទាំងអាជីវកម្មខ្នាតតូច អាជីវកម្មខ្នាតធំ។ ក្រៅពីនេះ សមាគម ក៏បានកិច្ចសហការជាមួយសាលារដ្ឋ ដើម្បីបង្កើនចំណេះដឹងបន្ថែមទៀតលើវិស័យមីក្រូហិរញ្ញវត្ថុ ហើយចំណេះជំនាញនេះ អាចផ្សារភ្ជាប់ជាមួយជីវិតរស់នៅរបស់ពួកគាត់ក្នុងការប្រើប្រាស់ថវិការបានប្រសិទ្ធភាពទៅថ្ងៃអនាគត។ ក្រៅពីនេះ សមាគមក៏បានផ្សារភ្ជាប់ជាមួយសាលារៀនរដ្ឋ ដើម្បីធ្វើយ៉ាងណាផ្សារភ្ជាប់ផ្នែកគណិតវិទ្យាថ្នាក់ទី៧ ទី៨ និងថ្នាក់ទី៩ ជាមួយចំណេះមីក្រូហិរញ្ញវត្ថុ ហើយគាត់អាចផ្សារភ្ជាប់ជាមួយជីវិតប្រចាំថ្ងៃ ឬក្រុមគ្រួសាររបស់គាត់។
លោកបានថ្លែងថា ការផ្សព្វផ្សាយការអប់រំលើចំណេះដឹងនឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយទទួលខុសត្រូវនេះ គឺជារបៀបវីរៈកាន់តែសំខាន់ទៅៗ មិនអាចមើលរំលងបានឡើយ ។
ទាក់ទិនក្នុងរឿងនេះលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានបញ្ជាក់ថា ការផ្តល់ចំណេះដឹង និងការផ្សព្វផ្សាយពីបញ្ហាមីក្រូហិរញ្ញវត្ថុ ក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ពលរដ្ឋ ដែលត្រូវយល់ដឹងពិសេសទៅលើកម្ចី ឬការសងមកវិញទាន់ពេលវេលា ដែលបញ្ហានេះធ្វើឱ្យពួកគាត់មិនជួបបញ្ហាប្រឈម ឬក៏ត្រូវជួបផលលំបាកណាមួយ ក៏ព្រោះដោយសារតែកង្វះចំណេះដឹងមួយនេះ ៕


ចែករំលែកព័តមាននេះ