រាជធានីភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា បានបើកកិច្ចពិភាក្សារវាងអ្នកកាសែត និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ ។
យោងតាមលិខិតរបស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានឲ្យដឹងថា ក.អ.ក សហការជាមួយ ក្រេឌីត យូរី ខេមបូឌា (CBC) រៀបចំវេទិកាពិភាក្សាសារព័ត៌មានដូចប្រធានបទខាងលើ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន សំខាន់អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ច បានស្វែងយល់អំពីតួនាទី នៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា ក្នុងការលើកកម្ពស់ស្ថិរភាពវិស័យហិរញ្ញវត្ថុនៅក្នុងទីផ្សារឥណទាន, និន្នាការ នៃទីផ្សារឥណទាន និងឥរិយាបថអ្នក ប្រើប្រាស់ រួមទាំងស្ថានភាពឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៤ ។
តាមរយៈ នៃកិច្ចពិភាក្សានោះអ្នកសារព័ត៌មាន ក៏នឹងទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងនឹងសិទ្ធិ របស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានឥណទានជាមួយលក្ខខណ្ឌសមស្របសម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាការ ការពារសិទ្ធិរបស់អតិថិជនផ្ទាល់ខ្លួនពីហានិភ័យឥណទាន និងវិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទាន មានភាពមិនប្រក្រតីផងដែរ ។
ក.អ.ក ចាត់ទុកកិច្ចពិភាក្សានេះ មានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ច ដោយពួកគេនឹងទទួលបាន នូវចំណេះដឹងបន្ថែមអំពីការប្រើឥណទានប្រកបដោយទំនួលខុសត្រូវ និងស្ថានភាព ឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៤ ៕




ចែករំលែកព័តមាននេះ