ខ្លួនមនុស្សយើង អាចរស់បានតែពីរបីនាទីប៉ុណ្ណោះ បើគ្មានខ្យល់អុកស៊ីសែន ។ នេះបើយោងតាមសារព័ត៌មានBBC របស់អង់គ្លេស ។ ដូច្នេះបញ្ហាគុណភាពខ្យល់ មិនមែនជារឿងលេងសើចឡើយ សូមលើកកម្ពស់ការប្រុងប្រយ័ត្ន…
ខ្លួនមនុស្សយើង អាចរស់បានតែពីរបីនាទីប៉ុណ្ណោះ បើគ្មានខ្យល់អុកស៊ីសែន ។ នេះបើយោងតាមសារព័ត៌មានBBC របស់អង់គ្លេស ។
ដូច្នេះបញ្ហាគុណភាពខ្យល់ មិនមែនជារឿងលេងសើចឡើយ សូមលើកកម្ពស់ការប្រុងប្រយ័ត្ន និងតាមដានដំណើរវិវត្តន៍របស់វាឲ្យជាប់ពីព្រោះស្ថានភាពហាក់ប្រែប្រួលរហ័ស ខណៈដែលស្ថាប័នពាក់ព័ន្ធគួរធ្វើបច្ចុប្បន្នភាព និងសេចក្តីសម្រេចចិត្តឲ្យបានលឿនផងដែរ ប្រសិនបើមានការប្រែប្រួល ជាពិសេសកម្រិតនៃកំហាប់សមាធាតុធូលីនៅក្នុងខ្យល់ខ្ពស់ ។

រឿងខ្យល់នេះសំខាន់បំផុត ហើយវា គឺជារឿងអាយុជីវិត និងបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋពីព្រោះខ្យល់វាសំខាន់បំផុតសម្រាប់ជីវិត ។
នៅក្នុងករណីដែលមនុស្សជួបប្រទះស្ថានភាព នៅក្នុងបរិយាកាសមួយ ដែលគ្មានខ្យល់ មនុស្សអាចបាត់បង់ស្មារតីក្នុងរយៈពេលត្រឹមតែ២នាទី ។ ហើយបើឈានដល់រយៈពេល៤នាទី មនុស្សអាចប្រឈមមុខនឹងការខូចខាតខួរក្បាល ។ ធ្ងន់ធ្ងរជាងនេះ មនុស្សនឹងអាចស្លា.ប់ក្នុងរយ:ពេល៤ទៅ៦ នាទីបន្ទាប់ពីនោះ ។ នេះបើយោងតាមវេបសាយសុខភាព MedlinePlus ។
ប៉ុន្តែនៅក្នុងករណីដែលមានបរិយាកាសបំពុលខ្យល់ មនុស្សមិនគ្រោះថ្នាក់ធ្ងន់ធ្ងរពេកបែបនោះទេ ប៉ុន្តែមនុស្សអាចរងផលវិបាកលើប្រព័ន្ធដកដង្ហើម បញ្ហាដំណើរការនៃឈាម ព្រមទាំងបេះដូងជាដើមដោយសារតែកង្វះអុកស៊ីសែនចិញ្ចឹមចរន្តឈាមគ្រប់គ្រាន់ ។
តាមស្តង់ដារបស់អង្គការសុខភាពពិភពលោក នៅក្នុងករណីដែលកំហាប់កម្រិតធូលី នៅក្នុងខ្យល់ដែលគេហៅថា PM2.5 ឡើងដល់កម្រិតចាប់ពី១០១មីក្រូក្រាម នៅក្នុងខ្យល់មួយម៉ែត្រគូបនោះ ផល និងរោគសញ្ញាមិនល្អចំពោះអ្នកដែលមានសុខភាពខ្សោយនឹងលិចចេញ ។ រោគសញ្ញាដំបូងនៃការដែលយើងគួរតែប្រុងប្រយ័ត្ន គឺអាការៈ ក្អក ពិបាកដកដង្ហើម ឈឺទ្រូង ឈឺក្បាល ចង្វាក់បេះដូងលោតខុសប្រក្រតី ក្អួតចង្កោរ អស់កម្លាំង ។
នៅក្នុងស្ថានភាពនេះ គួរតែប្រញាប់ទៅពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិត ហើយត្រូវកាត់បន្ថយសកម្មភាពនៅខាងក្រៅជាបន្ទាន់ ។
តាមគេហទំព័រ https://www.iqair.com/ កាលពីម្សិលមិញវេលាម៉ោងរង្វង់ម៉ោង៧យប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ កំហាប់ធូលីនៅក្នុងខ្យល់នៅរាជធានីភ្នំពេញបានឡើងខ្ពស់គួរសម ពោល គឺដល់១៤៤,៤ មីក្រូក្រាម នៅក្នុងមួយម៉ែត្រគូប ប៉ុន្តែនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំដដែល ពោល គឺត្រឹមវេលាម៉ោង៥ព្រឹក គឺវាបានថយចុះមកនៅត្រឹមតែ៧៤,២ មីក្រូក្រាម នៅក្នុងមួយម៉ែត្រគូបប៉ុណ្ណោះ ។
កម្រិតនៃការប្រែប្រួលគុណភាពខ្យល់ គឺខ្លាំង និងលឿន ។ ដូច្នេះហើយគប្បីតាមដានឲ្យជាប់ជានិច្ច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយឲ្យតែកម្រិតកំហាប់ធូលីនៅក្នុងខ្យល់ឡើងដល់១០១ទៅ១៥០មីក្រូក្រាម នៅក្នុងមួយម៉ែត្រគូប គឺស្ថិតនៅក្នុងស្ថានភាពពណ៌ទឹកក្រូច ដែលជាកម្រិត ត្រូវប្រុងប្រយ័ត្នហើយ ជាពិសេសគឺអ្នកដែលមានសុខភាពខ្សោយ ។

បើកម្រិតកំហាប់ធូលីឡើងដល់១៥១ ទៅដល់២៥០មីក្រូក្រាម នៅក្នុងមួយម៉ែត្រគូប គឺវាឡើងដល់កម្រិតពណ៌ក្រហម ដែលជាស្ថានភាពដែលមនុស្សគ្រប់គ្នា គួរតែជៀសវាងសកម្មភាពខាងក្រៅ ហើយអ្នកដែលមានបញ្ហាខ្សោយ គឺអាចត្រូវការឧបករណ៍ការពារផ្លូវដង្ហើមតែម្តង ។
នៅក្នុងកម្រិតកំហាប់ធូលីឡើងដល់ពី២៥០មីក្រូក្រាម នៅក្នុងមួយម៉ែត្រគូប ឬលើសពីនេះ នោះ គឺជាស្ថានភាពអាសន្នចំពោះសុខភាពតែម្តង ។ នៅក្នុងស្ថានភាពបែបនេះ សូម្បីតែមនុស្សដែលមានសុខភាពល្អ ក៏ពិបាកនឹងស៊ូទ្រាំបានដែរ ។
សរុបទៅ សូមលើកកម្ពស់ការប្រុងប្រយ័ត្ន ហើយគប្បីតាមដានការប្រែប្រួលនៃគុណភាពខ្យល់ ខណៈដែលនៅប្រទេសជិតខាងមាន វៀតណាម និងថៃជាដើម ក៏កំពុងតែស្ថិតនៅក្នុងស្ថានភាពគួរឲ្យប្រុងប្រយ័ត្នផងដែរ ៕
ចែករំលែកព័តមាននេះ