រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលគ្រោងវិនិយោគអភិវឌ្ឍន៍កំពង់ផែខេត្តព្រះសីហនុ នៅជំហានទី៣ ជិត១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩ ខាងមុខ ។
ថ្លែងក្នងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ខេត្តព្រះសីហនុ គឺជាខេត្តនាំមុខនៅកំពង់ទឹកជ្រៅ ក្នុងចំណោមប្រទេសកម្ពុជា ពិតណាស់កម្ពុជាមានកំពង់ផែខេត្តកំពត កំពង់ផែកោះកុង និងផែផ្សេងៗទៀត ។
សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ៖ «ខ្ញុំធ្លាប់បានប្រាប់ហើយថា អត់ប្រកួតបានជាមួយកំពង់ផែព្រះសីហនុទេ ហើយប្រទេសរបស់យើងក៏ត្រូវកំណត់គោលដៅផែអាទិភាពធំ ខេត្តផ្សេងទៀតក៏យើងត្រូវអភិវឌ្ឍដែរ នៅកោះកុង នៅកំពត ។ ប៉ុន្ដែសម្រាប់កត្តានុពល និងការវិនិយោគយើងដូចគ្រោងពីនេះទៅដល់ឆ្នាំ២០២៩ នូវជំហានទី៣ យើងគ្រោងវិនិយោគជិត១ពាន់លានដុល្លារបន្ថែមទៀត» ។ ជាមួយគ្នានោះដែរ សម្តេចមហាបវរធិបតី បន្ដថា ឥឡូវនេះជំហានទី១ មានការពង្រីក ពង្រឹងខេត្តព្រះសីហនុ ។
សម្ដេច រំលឹកថា កាលពីឆ្នាំទៅសម្ដេចអញ្ជើញសម្ពោធកំពង់ផែនៅខេត្តព្រះសីហនុ ដោយចាយថវិកាជាង២០០លានដុល្លារ ដោយឥណទានសហការជាមួយជប៉ុន ដូច្នេះនៅសល់ពីរដំណាក់កាលទៀត ជាង៦០០លានដុល្លារ រាជរដ្ឋាភិបាលមានការវិនិយោគធំណាស់ទៅលើកំពង់ផែខេត្តព្រះសីហនុ មិនត្រឹមតែជាផែអន្ដរជាតិនោះទេ តែរៀបចំតំបន់ភស្ដុភារកម្ម ដើម្បីបម្រើវិស័យដឹកជញ្ជូន ។
ជាមួយគ្នានោះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា សក្ដានុពលខេត្តព្រះសីហនុនឹងកាន់តែរីកធំតទៅទៀតនាពេលខាងមុខ ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះ គឺធនធានមនុស្សក្នុងខេត្ត ដើម្បីបម្រើដល់ការអភិវឌ្ឍរីកចម្រើនទាំងនេះ ៕
ចែករំលែកព័តមាននេះ