ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានរងរបួសហូរឈាមជោគខ្លួន ដោយសារតែត្រូវជនដៃដល់វាយមួយដៃចំមុខ ។ បន្ទាប់មកជនរងគ្រោះក៏បានទៅប្តឹងសមត្ថកិច្ចចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុ ប៉ុន្តែក្នុងពេលកំពុងប្រត្តិបត្តិការឃាត់ខ្លួនជនដៃដល់ ស្រាប់តែជនដៃដល់ទាញដាវកែច្នៃដេញកាប់មកលើកំលាំងសមត្ថកិច្ច បណ្តាលឱ្យលោកមេប៉ុស្តិ៍ម្នាក់រងរបួសធ្ងន់ធ្ងរ ។
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៣និង៤៥នាទីរសៀល ថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៥ នៅចំណុចភូមិត្រពាំងស្យា ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យឈ្មោះ ទឿង សារីម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំខាងលើចំណែកជនរងគ្រោះឈ្មោះ ផាន ឡាក់មួយ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។ ដោយឡែកលោកវរសេនីយ៍ត្រី ឡោ ឡាបាំង ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារ បានរងរបួសប្រអប់ដៃឆ្វេងដេរអស់ចំនួន៧ថ្នេរ និងត្រូវរបួសកូនដៃខាងស្តាំផងដែរ។
នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា នៅមុនពេលឈានដល់ការប្រើហិង្សា និងយកដាវកែច្នៃកាប់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពាររងរបួសនោះ គឺមានជនសង្ស័យម្នាក់ឈ្មោះ ទឿង សារីម បានធ្វើសកម្មភាពកាន់ដាវកែច្នៃ០១ដើមចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ផាន ឡាក់មួយ ខណៈដែលជនរងគ្រោះកំពុងដេកនៅក្រោមផ្ទះ។ ភ្លាមនោះជនរងគ្រោះបានដើរចេញពីកន្លែងសម្រាកទៅ ប៉ុន្តែត្រូវបានដៃដល់វាយមួយដៃចំកណ្ដាលមុខ បណ្ដាលឱ្យបែក និងហូរឈាមជោកដួលទៅលើដី រួចហើយជនដៃដល់បានគេចខ្លួន ។
មន្ត្រីនគរបាលស្រុកបសេដ្ឋបានឱ្យដឹងទៀតថា ក្រោយកើតហេតុ ជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ច នគរបាលមូលដ្ឋាន ។ ភ្លាមៗនោះកំលាំងជំនាញព្រហ្មនណ្ឌស្រុកបសេដ្ឋបានសហការជាមួយប៉ុស្តិស្វាយរំពារចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការឃាត់ខ្លួនជនដៃដល់ ប៉ុន្តែក្នុងពេលកំពុងប្រត្តិបត្តិការឃាត់ខ្លួនជនដៃដល់នោះ ស្រាប់តែជនដៃដល់បានទាញយកដាវកែច្នៃដេញកាប់មកលើកំលាំងសមត្ថកិច្ចនគរបាល ត្រូវចំលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារ ចំនួន២ដាវ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅគ្លីនិកដើម្បីព្យាបាល។
បច្ចុប្បន្នកំលាំងជំនាញព្រហ្មទណ្ឌស្រុកបសេដ្ឋបានឃាត់ខ្លួនជនសង្ស័យដៃដល់ យកមកសួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋ ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យដៃដល់ ថាខ្លួនពិតជាបានធ្វើសកម្មភាពវាយលើជនរងគ្រោះឈ្មោះផាន ឡាក់មួយ និងយកដាវធ្វើសកម្មភាពកាប់លើជនរងគ្រោះជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារ ប្រាកដមែន ។ មូលហេតុគឺ៖ ជនសង្ស័យដៃដល់ ខឹងជាមួយជនរងគ្រោះឈ្មោះ(ផាន ឡាក់មួយ) ដោយសារជនរងគ្រោះជេរប្រមាថទៅលើរួបខ្លួននូវពាក្យអសុរោះពេក ។
សូមបញ្ជាក់ថា ជនសង្ស័យដៃដល់ជាមនុស្សកាចសាហាវ និងធ្លាប់ចូលមណ្ឌលអប់រំកែប្រែម្តងរួចមកហើយ ប៉ុន្តែនៅតែមិនរៀងចាល ហើយនៅតែប្រព្រឹត្តអំពើហិង្សាទៀត៕










ចែករំលែកព័តមាននេះ