សម្រាប់អ្នកដែលឃ្លានទុរេន ហើយចង់ទទួលទានទុរេនធម្មជាតិនៅក្នុងស្រុក ប្រសិនបើអាចទ្រាំបានគួរតែទ្រាំសិនទៅពីព្រោះថា ប្រសិនបើអ្នកឃ្លានហើយទិញទុរេនទៅបរិភោគនៅពេលនេះ ភាគរយនៃការជួប និងទទួលទានទុរេននាំចូល គឺមានខ្ពស់ណាស់ ដោយសារតែពេលវេលានេះវាមិនមែនជារដូវដែលទុរេនខ្មែរយើងទុំនៅឡើយទេ ។ ថ្មីៗនេះ…
សម្រាប់អ្នកដែលឃ្លានទុរេន ហើយចង់ទទួលទានទុរេនធម្មជាតិនៅក្នុងស្រុក ប្រសិនបើអាចទ្រាំបានគួរតែទ្រាំសិនទៅពីព្រោះថា ប្រសិនបើអ្នកឃ្លានហើយទិញទុរេនទៅបរិភោគនៅពេលនេះ ភាគរយនៃការជួប និងទទួលទានទុរេននាំចូល គឺមានខ្ពស់ណាស់ ដោយសារតែពេលវេលានេះវាមិនមែនជារដូវដែលទុរេនខ្មែរយើងទុំនៅឡើយទេ ។

ថ្មីៗនេះ មានការជជែកគ្នា ហើយក៏មានការរិះគន់ច្រើនករណីទាក់ទងនឹងអ្នកលក់ទុរេននាំចូលពីប្រទេសជិតខាង ហើយស្រែកឃោសនាលក់ថា គឺជាទុរេនទើបប្រមូលផលពីចម្ការនៅលើបណ្តាញសង្គមរហូតដល់ សមត្ថកិច្ចជំនាញបានចុះទៅសើបអង្កេតនឹងឈានដល់ណែនាំអ្នកដែលក្លែងបន្លំនោះ ។
បន្ទុះព័ត៌មាននៃការក្លែងបន្លំប្រភពទុរេននេះកើតមានឡើង ក្រោយពេលដែលអាជ្ញាធរចិនបានប្រតិកម្មពាក់ព័ន្ធការរកឃើញសារធាតុ Basic Yellow ២ ឬ Auramine O និង Cadmium នៅលើទុរេនវៀតណាម និងថៃ រហូតដល់អាជ្ញាធរគយចិនធ្វើការរឹតបន្តឹងការនាំចូលទុរេន កាលពីដើមខែកុម្ភៈ ។
ក្រៅពីនោះ ក៏វាផ្ទួនគ្នានឹងការបែកធ្លាយលិខិតពីទីស្តីការគណរដ្ឋមន្ត្រីផ្ញើជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឲ្យយកចិត្តទុកដាក់លើការនាំចូលទុរេន និងការដាំដុះនៅក្នុងប្រទេស និងពន្លឿនការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីវិភាគលើសារធាតុទាំងនេះ ដើម្បីជួយគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅពេលដែលមានការនាំចូលទុរេនស្រស់ ដើម្បីការពារអ្នកទទួលទាននៅក្នុងស្រុក កាលពីថ្ងៃទី១៨ ខែ កុម្ភៈ ។

ក្រៅពីអ្នកដែលប្រកាសលក់នៅលើបណ្តាញសង្គមនៅលើទីផ្សារឯណោះវិញក៏មានលក់ទុរេនបណ្តើរៗដែរ ប៉ុន្តែគេក៏មិនដឹងប្រភពច្បាស់លាស់ដែរ ដោយអ្នកលក់ភាគច្រើនសុទ្ធតែអះអាងថា ជាទុរេនចម្ការរបស់ពួកគេ ។ ជាការពិត នៅក្នុងចម្ការទុរេននៅ៩ខេត្ត ដែលមានដូចជា កំពត កំពង់ចាម ត្បូងឃ្មុំ រតនៈគីរី មណ្ឌលគីរី បាត់ដំបង ពោធិសាត់ កោះកុង និងកំពង់ធំ ដែលមានចម្ការទុរេនសរុបប្រមាណជាលើសពី៥ពាន់ហិកតា ទិន្នផលទុរេនដែលប្រមូលពីចម្ការទាំងនេះ គឺភាគច្រើន គឺគេប្រមូលផលពីខែឧសភា រហូតដល់ខែសីហា ប៉ុណ្ណោះ ។
តាមបទពិសោធន៍របស់អ្នកដាំទុរេន ផលទុរេនដែលមាននៅក្នុងអំឡុងពេលនេះ នៅលើទីផ្សារអាចមានដែរមិនមែនអត់ឡើយ ប៉ុន្តែ គឺតិចបំផុតដែលគេហៅថា ទុរេនខុសរដូវ ពោល គឺវាផ្កាវាផ្លែមុនគេ ហើយមួយចម្ការៗមានតិចដើមណាស់ ដែលអោយផលបែបនេះ ។ ក្រៅពីនោះវាអាចដែរ ប្រសិនបើអ្នកដាំដាក់ថ្នាំអ័រម៉ូនជំនួយឲ្យវាផ្លែមុនរដូវ ។ ក្រៅពីនោះភាគច្រើន គឺទុរេនដែលនាំចូលនោះហើយពីព្រោះខាងថៃ និងវៀតណាមគេដាំគេបង្កាត់ពូជ ហើយគេអាចប្រមូលផលទុរេនវិលជុំ ដើម្បីផ្គត់ផ្គង់ទីផ្សារនាំចេញ ជាពិសេស គឺចិនដែលវាកំពុងតែពេញនិយមខ្លាំង ។

ផ្អែកតាមបទពិសោធន៍នេះ អ្នកដែលឃ្លានហើយចង់ញាំទុរេន គួរតែប្រុងប្រយ័ត្ន ហើយប្រសិនបើអាចទ្រាំបានគួរទ្រាំសិនទៅមុនពេលរដូវទុរេនស្រុកយើងវាសម្បូរ ។ សម័យនេះ វិទ្យាសាស្ត្ររីកចម្រើនហើយ ដើម្បីផលប្រយោជន៍ គឺមានមនុស្សខ្លះអាចបន្លែអាចបន្លំដែលនាំឲ្យយើងអ្នកឃ្លានពេលទទួលទានទៅវាអាចមានបញ្ហាសុខភាព ។ ក្រៅពីនោះដើម្បីឲ្យដឹងថា ទុរេនណាជាទុរេននាំចូល និងទុរេនដែលដាំនៅក្នុងស្រុក ក៏គេមានវិធីសាស្ត្រនៅក្នុងការមើលការរើសផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏វាមិនបាន១០០ភាគរយដែរ ពោល គឺវាក៏អាចកាត់បន្ថយការរើស ឬទទួលទានច្រឡំខ្លះៗប៉ុណ្ណោះ ។

តាមអ្វីដែលអ្នកដាំទុរេនបានចែករំលែកកន្លងមកបានឲ្យដឹងថា គ្រប់ប្រភេទពូជទុរេនខ្មែរមិនថា ដាំនៅខេត្តណាទេ គឺគ្មានលក្ខណៈខុសគ្នាច្រើនឡើយ តែគេអាចសង្កេតជារួមបានថា ទុរេនពីចម្ការដាំដុះនៅស្រុកខ្មែរយើង គឺច្រើនមានបន្លាលើសម្បកស្រួចៗ សាច់ទុរេនពណ៌លឿងទុំ មានសណ្ដង់វែងរឹង និងរសជាតិសាច់ទុរេនផ្អែមឈ្ងុយ ។ និយាយឲ្យចំទៅទុរេនខ្មែរផ្ទុយពីផ្លែទុរេននាំចូលពីប្រទេសជិតខាង ដែលមានបន្លាសំបកទាលៗ រីកៗ ផ្លែមូលៗសណ្ដង់ខ្លី និងសម្បុរស្រអាប់ ។ ជាទូទៅទុរេននៅក្នុងស្រុក មិនថ្លោសមូលស្មើគ្នាច្រើន ដូចទុរេននាំចូលទេ ហើយម្យ៉ាងវិញទៀត នៅលើបន្លាសម្បកទុរេនខាងក្រៅហ្នឹងមានចៃដំណាំខ្មៅៗឬសៗខ្លះៗ ។

សរុបទៅ នៅក្នុងនាមជាអ្នកលក់ដោយស្មោះត្រង់ នៅពេលដែលលក់ទុរេនពីណាពីណីមក សូមប្រាប់អតិថិជនដោយស្មោះត្រង់ កុំបន្លែកុំបន្លំ ពោល គឺរបស់នាំចូលប្រាប់គេថា នាំចូលទៅហើយបើរបស់ពីចម្ការសូមប្រាប់ថា ពីចម្ការ ។ ហើយអ្នកដាំវិញ ក៏សូមកុំប្រើប្រាស់នូវថ្នាំ ឬជីកសិកម្មណាដែលផ្តល់ផលប៉ះពាល់ដល់សុខភាពមិនមែនប្រើថ្នាំជម្រុញឲ្យផ្លែឲ្យទុំមុនរដូវកាលឡើយ ។ ទាំងអ្នកដាំ និងអ្នកលក់ សូមស្មោះត្រង់ និងអាជីព ហើយគិតគូរសុវត្ថិភាពអ្នកទទួលទានផង កុំគិតតែចំណេញកុំគិតតែផលប្រយោជន៍ ៕
ចែករំលែកព័តមាននេះ