ខេត្តកណ្តាល ៖ កម្មករសំណង់ម្នាក់ កំពុងតែចងដែក ស្រាប់តែដាច់ខ្សែលួសចងជន្ទុលទ្រធ្នឹម បណ្តាលឲ្យជនរងគ្រោះដាច់ផ្ងារធ្លាក់ពីលើអន្ទា ដែលមានកំពស់៧ម៉ែត្រ មកលើដី ធ្លាយខួរក្បាលស្លាប់ភ្លាមៗ ។
ហេតុការណ៍ខាងលើនេះដែលបានកើតទ្បើង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចការដ្ឋានសាងសង់ផ្ទះក្នុងបុរីមួយកន្លែង ក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផូ សុគា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់ក្នុងបុរីខាងលើ ស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
បើយោងតាមប្រភពព័ត៌មានពីកម្មករសំណង់ដែលបានធ្វើការជាមួយជនរងគ្រោះឲ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោង ០៧ នាទីព្រឹក ជនរងគ្រោះ បានចូលមកធ្វើការនៅការដ្ឋានសំណង់សព្វមួយដង ដោយគាត់បានឡើងទៅចងដែកធ្នឹមដំបូលផ្ទះ ដើម្បីត្រៀមចាក់ធ្នឹមជាមួយកម្មករសំណង់ម្នាក់ទៀត រហូតដល់វេលាម៉ោង ០៨ ព្រឹកជនរងគ្រោះកំពុងចងដែកសុខៗ ស្រាប់តែដាច់ខ្សែលួសចងជន្ទុលទ្រធ្នឹម បណ្តាលឲ្យជនរងគ្រោះដាច់ផ្ងារធ្លាក់ពីលើអន្ទា ដែលមានកំពស់៧ម៉ែត្រ មកលើដី បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ ។ ក្នុងពេលនោះកម្មករសំណង់ដែលធ្វើការជាមួយគ្នាបានក៏បាន ប្រញាប់ប្រញាល់រាយការណ៍ទៅមេការ និងរាយការណ៍ជូនសមត្ថកិច្ចតែម្ដង ។
ក្រោយពីធ្វើការត្រួតពិនិត្យ សមត្ថកិច្ចជំនាញបានឲ្យបញ្ជាក់ថា ជនរងគ្រោះគឺស្លាប់ដោយ ដាច់ខ្សែលួសចងជន្ទុលទ្រធ្នឹម ធ្លាក់ស្លាប់ពិតប្រាកដមែន និងបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកព័តមាននេះ