ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​អាកាសធាតុ និង​ការ​បំពុល​ខ្យល់​នៅ​កម្ពុជា គឺជា​រឿង​គួរតែ​យកចិត្តទុកដាក់ ហើយ​តាមដាន​ឡើង​វិញ ដើម្បី​សុវត្ថិភាព​ផ្នែក​សុខភាព និង​ជា​ការ​ចូលរួម​ចំណែក​ការពារ​ខ្លួន​ទប់ទល់​នឹង​បញ្ហា ដែល​អាច​កើត​មាន​ជាយថាហេតុ ។ នៅ​កម្ពុជា រឿង​អាកាសធាតុ​នៅ​មិន​ទាន់​ជា​បញ្ហា​បារម្ភ​នៅឡើយ​ទេ…

រឿង​អាកាសធាតុ និង​ការ​បំពុល​ខ្យល់​នៅ​កម្ពុជា គឺជា​រឿង​គួរតែ​យកចិត្តទុកដាក់ ហើយ​តាមដាន​ឡើង​វិញ ដើម្បី​សុវត្ថិភាព​ផ្នែក​សុខភាព និង​ជា​ការ​ចូលរួម​ចំណែក​ការពារ​ខ្លួន​ទប់ទល់​នឹង​បញ្ហា ដែល​អាច​កើត​មាន​ជាយថាហេតុ ។

នៅ​កម្ពុជា រឿង​អាកាសធាតុ​នៅ​មិន​ទាន់​ជា​បញ្ហា​បារម្ភ​នៅឡើយ​ទេ ប៉ុន្តែ​ចំណុច​ដែល​គួរតែ​យកចិត្តទុកដាក់​នោះ គឺថា​នៅ​ថៃ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អាកាសធាតុ​ជាមួយនឹង​កម្ពុជា​ដែរ​នោះ​មាន​ព័ត៌មាន​ថា នៅ​តំបន់​ខ្លះ​កម្តៅ​អាច​កើនឡើង​រហូត​ដល់​ទៅ​៤០​អង្សា​សេ​ហើយ កាលពី​ថ្ងៃ​ម្សិលមិញ ។

សារព័ត៌មាន The Nation បាន​រាយការណ៍ កាលពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៥​ថា សីតុណ្ហភាព​នៅ​ខេត្ត​៩ នៅ​ថៃ​សីតុណ្ហភាព​អាច​ឡើង​ដល់​ទៅ​៤០​អង្សា​សេ ហើយ​បាន​ព្រមាន​ថា រលក​កម្តៅ​នេះ​អាច​នឹង​កើត​មាននៅ​ទូ​ទាំង​ប្រទេស ។

សម្រាប់​កម្ពុជា​យើង រឿង​សីតុណ្ហភាព​នេះ ខាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ផ្សាយ​ថា រហូត​ដល់​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៥ ខាង​មុខ​សីតុណ្ហភាព​នៅ​គ្រប់​តំបន់ ពោល គឺ​ទំនាប កណ្តាល ខ្ពង់រាប និង​តំបន់​មាត់សមុទ្រ​សីតុណ្ហភាព គឺ​ឡើង​មិន​លើស​ពី​៣៥​អង្សា​សេ​ឡើយ ។

ជា​រួម​បញ្ហា​សីតុណ្ហភាព​នៅ​កម្ពុជា​មិន​ទាន់​ឡើង​ដល់​កម្រិត​ដែល​យើង​ហៅ​ថា ជា​រលក​កម្តៅ​នៅឡើយ​ទេ ប៉ុន្តែ​សូមកុំ​ភ្លេច​តាមដាន​នូវ​បច្ចុប្បន្នភាព​នៃ​ព័ត៌មាន​ពីព្រោះ​សីតុណ្ហភាព គឺ​មាន ការ​ប្រែប្រួល និង​លឿន​ខ្លាំង ។ ដោយឡែក ក្រៅពី​បញ្ហា​សីតុណ្ហភាព រឿង​បំពុល​ខ្យល់​វិញ ដែល​ស្ងប់ស្ងាត់​មួយ​រយៈ​កាលពី​ថ្ងៃ​ទី​២៤ ខែមីនា កម្រិត​បំពុល​ខ្យល់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហាក់​កើត​មាន​ជា​ថ្មី ដោយ​មាន​សេចក្តីរាយការណ៍​ថា វា​កើត​មាននៅ​ភ្នំពេញ និង​នៅ​សៀមរាប ។

តាម​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់ https://www.iqair.com/ បាន​បង្ហាញ​ថា កាលពី​ថ្ងៃ​ទី​២៤ គុណភាព​ខ្យល់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​កម្រិត​បំពុល​ខ្យល់​បាន​កើនឡើង​ដល់​កម្រិត មិនល្អ​សម្រាប់​ក្រុម​ដែល​ងាយ​រង​គ្រោះ ។

គុណភាព​ខ្យល់​នៅ​រាជធានី​នៅ​ថ្ងៃ​នោះ ត្រូវ​វាយតម្លៃ​ថា ជាទី​ក្រុង​ដែល​បំពុល​ខ្លាំង​បំផុត ទី​១៥​ក្នុង​ពិភពលោក និង​ទី​៦ អាក្រក់​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​នេះ ដោយនៅ​ក្រោម​ហាណូយ និង បាងកក ប៉ុន្តែ​នៅ​ថ្ងៃ​ទី ២៥ ខែមីនា ស្ថានភាព​ហាក់​ថយ​ចុះ​បន្តិច តែ​នឹង​វិល​មក​ស្ថានភាព​ប្រសើរ​វិញ​ចាប់ពី​ថ្ងៃ​ទី​២៦ ខែមីនា តទៅ ។ កំហាប់​ធូលី​នៅ​ក្នុង​ខ្យល់​ពេល​នោះ គឺ​នៅ​ក្នុង​រង្វង់ ៣៨ មីក្រូ​ក្រាម​នៅ​ក្នុង​មួយ​ម៉ែត្រគូប ។

ទន្ទឹម​នឹង​នេះ នៅ​ខេត្តសៀមរាប កម្រិត​បំពុល​ខ្យល់​មានការ​ថយ​ចុះ ប៉ុន្តែ​ក៏​បន្ត​ស្ថិត​នៅ​ក្នុង​លំដាប់​ខ្ពស់​គួរសម​ដដែល ដែល​មាន​កំហាប់​ធូលី​នៅ​ក្នុង​ខ្យល់​ប្រមាណ​ជា​៥១ មីក្រូ​ក្រាម​នៅ​ក្នុង​មួយ​ម៉ែត្រគូប ។ ស្ថានភាព​បំពុល​ខ្យល់​នៅ​ខេត្តសៀមរាប នឹង​អាច​ធ្លាក់​នៅ​ក្រោម​កម្រិត​បំពុល​គឺ​នៅ​ក្នុង​រង្វង់​ថ្ងៃ​ទី​២៦ ខែមីនា ខាង​មុខ ។

កំណើន​សីតុណ្ហភាព និង​កំហាប់​បំពុល​ខ្យល់​វា​មិនមែន​ជា​កត្តា​ដែល​កើត​ដោយ​កម្ពុជា​នោះ​ទេ វា គឺជា​បា​តុ​ភូ​តិ​ធម្មជាតិ​គួប​ផ្សំ និង​បញ្ហា​ប​ម្រែ​ប​ម្រូ​ល​អាកាសធាតុ ហើយ​កម្រិត​បំពុល​ខ្យល់​វិញ​ក៏​មិនមែន​ដោយសារ​តែ​បញ្ហា​នៅ​ក្នុងស្រុក​តែ​មួយ​នោះ​ទេ គឺ​វា​វា​ជា​បាតុភូត​តំបន់ ។ បរិយាកាស គឺ​គ្មាន​ព្រំដែន​ទេ ដូច្នេះ​សំខាន់ គឺ​យើង​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ