នៅលើទ្រូងផ្លូវឲ្យតែមានគ្រោះថ្នាក់ចរាចរណ៍ផ្នត់គំនិតចាស់គំរិលនៅក្នុងចំណោមសាធារណជននានា គឺថា «អាតូចត្រូវ ហើយអាធំដឹងតែខុស» គួរតែបញ្ចប់ ហើយគ្រប់គ្នាគួរយកច្បាប់ចរាចរណ៍ផ្លូវគោកជាគោល ។ «ករណីអាតូចបុកអាធំ អាធំខុសនេះ »…
នៅលើទ្រូងផ្លូវឲ្យតែមានគ្រោះថ្នាក់ចរាចរណ៍ផ្នត់គំនិតចាស់គំរិលនៅក្នុងចំណោមសាធារណជននានា គឺថា «អាតូចត្រូវ ហើយអាធំដឹងតែខុស» គួរតែបញ្ចប់ ហើយគ្រប់គ្នាគួរយកច្បាប់ចរាចរណ៍ផ្លូវគោកជាគោល ។
«ករណីអាតូចបុកអាធំ អាធំខុសនេះ » បានផ្ទុះការរិះគន់ពេញបណ្តាញសង្គម ក្រោយពេលដែលសមត្ថកិច្ចខេត្តកំពង់ស្ពឺបានឃាត់ខ្លួនអ្នកបើកបររថយន្តធុនធំម្នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតមានឡើង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២៩០២៥ កាលពីវេលាម៉ោង៣ និង៤៥នាទី នៅលើកំណត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៥ ទៅ៦៦ នៅភូមិក្រាំងខ្ជាយ ឃុំតាំងស្សា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មនុស្សបីនាក់ដែលជិះម៉ូតូតែមួយបានស្លា.ប់ ហើយអ្នកបើកបររថយន្តធុនធំត្រូវសមត្ថកិច្ចឃាត់ខ្លួន រួចថែមទាំងវាស់កម្ពស់គ្នាថែមទៀតទាំងដែល ករណីនេះ គឺមហាជនបានអះអាងថា ខាងម៉ូតូខុសទាំងស្រុង ហើយសមត្ថកិច្ចមិនគួរឃាត់ខ្លួនអ្នកបើកបររថយន្តថែមទៀតផង ។
ការដែលមហាជនកាត់សេចក្តីបែបនេះ គឺដោយសំអាងនៅលើវីដេអូស្តែងៗដែលគេថតបានហើយបង្ហោះនៅលើបណ្តាញសង្គម ដោយគេឃើញខាងរថយន្តធុនធំបើកបរប្រកាន់ស្តាំ ត្រឹមត្រូវ ប៉ុន្តែខាងម៉ូតូបានបើកបរសំដៅរថយន្តទាំងភ្នែនតែម្តង ។

ការលើកឡើងបែបនេះ គឺក្រោយពេលវីដេអូស្តែងៗត្រូវបានគេបង្ហោះ ប៉ុន្តែប្រសិនបើមិនឃើញរូបវីដេអូបែបនោះទេ អ្នកបើកឡានធំនៅតែខុស ។
ក្រោយការរិះគន់យ៉ាងចាស់ដៃពីមហាជននៅលើបណ្តាញសង្គម ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីបំភ្លឺ ដោយលើកឡើងថា ក្រោយការវាស់វែងតាមបច្ចេកទេស និងតាមច្បាប់ចរាចរណ៍ខាងភាគីម៉ូតូ គឺពិតជាខុស ហើយបង្កជាគ្រោះថ្នាក់បណ្តាលឲ្យស្លា.ប់ដោយខ្លួនឯង និងអ្នកដទៃ ។
ដោយឡែក ករណីអ្នកបើករថយន្តវិញក៏ខុសដែរ ដោយការខុសនោះ គឺអ្នកបើកបរមិនមានប័ណ្ណបើកបរដែលត្រូវប្រឈមនឹងច្បាប់ចរាចរណ៍មាត្រា៧៥ថ្មី ហើយការឃាត់ខ្លួននេះ គឺនៅក្នុងនាមជានគរបាលយុត្តិធម៌លើបទល្មើសចរាចរណ៍ ។ នៅក្នុងករណីនេះ ខាងសមត្ថកិច្ចក៏បានរាយការណ៍ជូនស្ថាប័នអយ្យការអមសាលាដំបូងខេត្តពុំមែនបន្តនិតិវិធីតាមអង្គហេតុម៉ូតូបើកបញ្ច្រស់ទិសចូលរថយន្តនោះទេ ។
មកដល់ពេលនេះ អ្នកបើកបររថយន្តនោះក៏បានត្រូវសមត្ថកិច្ចដោះលែងឲ្យវិលត្រឡប់ទៅគេហដ្ឋានវិញហើយដែរ ។
នៅក្នុងករណីនេះកុំបន្ទោសសមត្ថកិច្ចអី អ្វីៗ គឺគេធ្វើតាមច្បាប់ ហើយនៅក្នុងករណីនេះ ពេលខ្លះប្រសិនបើសមត្ថកិច្ចមិននាំខ្លួនអ្នកបើកបរទេ មហាជនខ្លះអាចយល់ច្រឡំ ហើយអាចបង្កហិង្សាលើអ្នកបើកបររថយន្តក៏អាចថាបាន ។
មកដល់ពេលនេះនៅក្នុងផ្នត់គំនិតពលរដ្ឋមួយចំនួនធំឲ្យតែមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងមតិភាគច្រើន គឺដឹងតែដាក់បន្ទុកលើអាធំសឹងតែទាំងអស់ ខណៈដែលធាតុពិតអាធំ គឺជនរងគ្រោះសោះនោះ ។
ទស្សនៈ និងផ្នត់គំនិតបែបនេះ គួរតែបញ្ចប់ ហើយករណីមួយទៀត គឺឲ្យតែគ្រោះថ្នាក់ចរាចរណ៍ហៅគ្នីហៅគ្នាហៅបក្សពួកមកកាងក៏គួរតែបញ្ចប់ដែរទៅ ។ គ្រប់គ្នានៅពេលមានគ្រោះថ្នាក់ចរាចរណ៍គួរយកច្បាប់ចរាចរណ៍ផ្លូវគោក គឺជាគោល ហើយសមត្ថកិច្ច គឺជាអ្នកសម្របសម្រួល និងចាត់វិធានការដោយស្របតាមច្បាប់ ។
នៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង អាធំក៏ដោយ អាតូចក៏ដោយ ឲ្យតែខុស គឺគួរតែទទួលខុសត្រូវនៅចំពោះមុខច្បាប់ ជាធរមានដោយស្មើភាពដោយគ្មានបន្ទុកណាមួយកើតមានឡើង ។ កាលណាសង្គមយើងមានច្បាប់ ពលរដ្ឋយើងគោរពច្បាប់ ហើយគ្រប់គ្នាប្រើប្រាស់ផ្លូវដោយការប្រុងប្រយ័ត្នយោគយល់អធ្យាស្រ័យនោះយើងនឹងអាចនឹងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសបាន ៕
ចែករំលែកព័តមាននេះ