ទីក្រុងវ៉ាស៊ីនតោន៖ ថ្មីៗនេះ អាមេរិកបាញ់សាកល្បងមីស៊ីលប្រភេទថ្មី។ ប្រភពពីទស្សនាវដ្ដីញូស្វីក (Newsweek) ផ្សាយថានោះជាការបង្ហាញសមត្ថភាពបាញ់ផ្ដក់នូវគ្រាប់មីស៊ីលចំគោលដៅល្អបំផុតទុកសម្រាប់បាញ់ចូលតំបន់ប៉ាស៊ីហ្វិច។ ឧត្ដមសេនីយ៍យោធាអាមេរិក ឆាលហ្វ្លីន (Charles Flynn) ដែលធ្លាប់ជាមេបញ្ជាការកងទ័ពប្រចាំមហាសមុទ្រប៉ាស៊ីហ្វិចធ្លាប់អះអាងតាំងពីខែកុម្ភៈថាគាត់អាចដាក់ពង្រាយជើងទម្រនៅលើទីតាំងសំខាន់ៗនៅតាមស្រឡាយកោះទី១នៃមហាសមុទ្រប៉ាស៊ីហ្វិច។
ស្រឡាយកោះទី១នេះលាតសន្ធឹងចាប់ពីជប៉ុនដល់ហ្វ៊ីលីពីន ហើយមានកោះតៃវ៉ាន់នៅកណ្ដាល។ តាមរយៈនេះ អាមេរិកចង់ពង្រឹងសមត្ថភាពការពារជាតិរបស់ក្រុមសម្ព័ន្ធមិត្ត និងដែនដី ឬប្រទេសជាមិត្តដើម្បីទប់ទល់នឹងការធ្វើកម្មភាពយោធារបស់ប្រទេសចិន។ តូក្យូ និងម៉ានីឡាជាសម្ព័ន្ធមិត្តរបស់អាមេរិកដែលចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក។
អាមេរិកបាញ់សាកល្បងគ្រាប់មីស៊ីលឈ្មោះ PrSM នៅមូលដ្ឋានកងទ័ពអវកាសរបស់ខ្លួន (Space Force) នៅវ៉ាន់ដឹនបឺក (Vandenberg) នៃរដ្ឋកាលីហ្វ័រញ៉ា។ មីស៊ីលនេះបាញ់ចេញពីជើងទម្រសម្រាប់បាញ់កាំជ្រួចហ្វូងហាយម៉ាស់ (HIMARS)។ ការធ្វើតេស្តមីស៊ីលនេះដើម្បីចូលរួមចំណែកពង្រឹងសមត្ថភាពមីស៊ីលរយៈចម្ងាយឆ្ងាយ។ ក្រុមហ៊ុនឡក់ហ៊ីតម៉ាទីន (Lockheed Martin) ដែលជាអ្នកផលិតមីស៊ីលនេះប្រាប់ថាវាមានសមត្ថភាពហោះហើរបានចម្ងាយ៤៩៩គីឡូម៉ែត្រ។
មីស៊ីល PrSM បញ្ជូនទៅដល់ដៃរបស់ទាហានអាមេរិកជាលើកដំបូងកាលពីខែធ្នូ ឆ្នាំ២០២៣ដើម្បីដាក់ជំនួសមីស៊ីលអាត់តាខំ (ATACMS) ដែលចាស់ហួសសម័យ និងដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមត្រជាក់។ អាត់តាខំត្រូវទាហានអ៊ុយក្រែនកំពុងប្រើប្រាស់ទៅលើកងទ័ពរុស្ស៊ី។ មីស៊ីល PrSM មានបីប្រភេទ។ មានប្រភេទបាញ់ពន្លិចនាវា ប្រភេទបាញ់លើគោក និងប្រភេទបំពាក់នៅលើជើងទម្រថ្មីអាចបាញ់បានចម្ងាយមួយពាន់គីឡូម៉ែត្រ៕
ចែករំលែកព័តមាននេះ