សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិកកំពុងនាំចូលស៊ុតមាន់ (ពងមាន់) រាប់លានពីប្រទេសកូរ៉េខាងត្បូង និងតួកគី ដើម្បីដោះស្រាយកង្វះការផ្គត់ផ្គង់ក្នុងស្រុកដ៏ធ្ងន់ធ្ងរ ដោយសារតែជំងឺផ្ដាសាយបក្សី ដែលបានជំរុញឱ្យតម្លៃហក់ឡើងខ្ពស់នៅទូទាំងប្រទេស។ នេះបើតាមប្រភពពី South China Morning Post ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
អ្នកស្រី Brooke Rollins រដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិក បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋធានីវ៉ាស៊ីនតោនថា ការនាំចូលពីកូរ៉េខាងត្បូង និងតួកគីបានចាប់ផ្តើមរួចហើយ ហើយសេតវិមានក៏កំពុងពិភាក្សាជាមួយប្រទេសផ្សេងទៀត ដើម្បីទទួលបានការផ្គត់ផ្គង់ថ្មី ប៉ុន្តែមិនបានបញ្ជាក់ពីប្រទេសណានោះទេ ដោយអ្នកស្រីបានបន្ថែមថា «យើងកំពុងពិភាក្សាលើនាំចូលស៊ុតរាប់រយលានក្នុងរយៈពេលដ៏ខ្លី»។
ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា សមាគមបសុបក្សីរបស់ប្រទេសប៉ូឡូញ និងលីទុយអានីបានបង្ហើបថា ពួកគេក៏ត្រូវបានការទាក់ទងដោយស្ថានទូតអាមេរិកផងដែរ ពាក់ព័ន្ធនឹងការនាំចេញស៊ុតដែលអាចធ្វើទៅបាន។
តម្លៃស៊ុតហក់ឡើងខ្ពស់ ដោយសារតែការផ្ទុះជំងឺផ្តាសាយបក្សីច្រើនករណីនៅអាមេរិក ដែលបង្ខំឱ្យកសិករសម្លាប់សត្វមាន់យ៉ាងហោចណាស់៣០លានក្បាល និងរឹតបន្តឹងខ្លាំងចំពោះការផ្គត់ផ្គង់។ តម្លៃស៊ុតបានក្លាយទៅជាចំណុចដ៏រសើបមួយសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អំឡុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន ដោយលោកព្យាយាមទាក់ទាញប្រជាប្រិយភាពពីការខកចិត្តរបស់អ្នកបោះឆ្នោត ជុំវិញការកើនឡើងថ្លៃដើមសំខាន់ៗលើមុខទំនិញ អំឡុងពេលកាន់តំណែងរបស់លោកប្រធានធិបតី ចូ បៃដិន (Joe Biden)។
ទោះបីជាយុទ្ធនាការរបស់លោក ត្រាំ សន្យាថានឹងកាត់បន្ថយតម្លៃយ៉ាងណាក៏ដោយ ក៏តម្លៃស៊ុតបានកើនឡើងច្រើនជាង ៦៥% កាលពីឆ្នាំមុន ហើយវាត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ៤១% នៅឆ្នាំនេះ។
កាលពីខែកុម្ភៈ ក្រសួងកសិកម្មអាមេរិកបានបង្ហាញផែនការទឹកប្រាក់១ពាន់លានដុល្លារលើ៥ចំណុច ដើម្បីដោះស្រាយតម្លៃស៊ុត ដោយថវិកា៥០០លានដុល្លារ សម្រាប់វិធានការជីវសុវត្ថិភាព ហើយប្រហែល១០០លានដុល្លារសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំង និង៤០០លានដុល្លារទៀត សម្រាប់កម្មវិធីជំនួយហិរញ្ញវត្ថុកសិករ។ រដ្ឋបាលលោក ត្រាំ បានអះអាងថា ខ្លួននឹងផ្តល់កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតលក់ជាមួយនឹងការអនុវត្តដ៏ល្អបំផុត និងសេវាកម្មប្រឹក្សាដោយឥតគិតថ្លៃ ហើយបង់ថ្លៃសេវារហូតដល់ ៧៥% នៃការចំណាយលើការដោះស្រាយភាពងាយរងគ្រោះ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺផ្តាសាយបក្សី។
បើទោះបីជាជំងឺគ្រុនផ្តាសាយបក្សី ឬ H5N1 បានរីករាលដាលក្នុងចំណោមហ្វូងបក្សីនៅសហរដ្ឋអាមេរិកអស់ជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែការផ្ទុះឡើងជាថ្មី ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២២ បានរងផលប៉ះពាល់ដល់កសិដ្ឋានយ៉ាងធ្ងន់ធ្ងរ ដោយបានសម្លាប់សត្វបក្សីជាង១៥៦លានក្បាល ហើយតម្លៃស៊ុតមាន់ក៏បានកើនឡើងយ៉ាងខ្លាំង រហូតដល់ពលរដ្ឋអាមេរិកជាច្រើនបានត្អូញត្អែរអំពីតម្លៃដ៏ខ្ពស់ និងពិបាករកទិញថែមទៀត ដោយសារកង្វះការផ្គត់ផ្គងធ្ងន់ធ្ងរ៕ ដកស្រង់ ៖ South China Morning Post និង BBC



ចែករំលែកព័តមាននេះ