ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីកំពុងពង្រីកការដាំដុះ និងបំពេញតាមនីតិវិធីផ្លូវច្បាប់ក្នុងការរៀបចំដើម្បីចាប់ផ្តើមនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិន ដោយផ្តល់ជូនអ្នកទិញនូវជម្រើសថ្មី និងមានតម្លៃថោកជាងទុរេនពីប្រទេសថៃ និងវៀតណាម។ នេះបើយោងតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍បានចេញផ្សាយ កាលពីពេលថ្មីៗនេះ។
ការផ្លាស់ប្តូរដ៏សំខាន់នេះ អាចបើកទីផ្សារថ្មីដែលរកកម្រៃបានច្រើនពីឧស្សាហកម្មទុរេនដ៏ធំរបស់ឥណ្ឌណេស៊ី និងចំណង់របស់ប្រជាជនចិនហាក់ដូចជាគ្មានដែនកំណត់ សម្រាប់ផ្លែទុរេន។ ទោះយ៉ាងណាក៏ដោយ អ្នកវិភាគបានលើកឡើងថា អ្នកដាំដុះទុរេនរបស់ឥណ្ឌូនេស៊ី ប្រហែលជាមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាប់ផ្តើមបំពេញតាមអតិថិជនចិនភ្លាមៗនោះទេ ដោយសារតែតម្រូវការក្នុងស្រុកយ៉ាងច្រើន។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ីបានឱ្យដឹងថា មន្ត្រីមកពីរដ្ឋបាលគយទូទៅរបស់ប្រទេសចិនបានធ្វើទស្សនកិច្ចមកប្រទេសឥណ្ឌូនេស៊ីកាលពីពេលថ្មីៗនេះ ដើម្បីពិនិត្យចម្ការទុរេន និងកន្លែងវេចខ្ចប់ឥណ្ឌូណេស៊ី។ អាជ្ញាធរឥណ្ឌូណេស៊ីបានប្រាប់ទីភ្នាក់ងារព័ត៌មានជាតិ Antara ថា ការត្រួតពិនិត្យទំនងកំណត់ថា តើកិច្ចសហប្រតិបត្តិការនាំចេញទុរេនអាចដំណើរការបានដែរឬអត់?
កាលពីខែកក្កដា ឆ្នាំ២០២៤ ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់ដើម្បីពន្លឿនការនាំចេញទុរេនពីខេត្ត Central Sulawesi ខណៈដែលកាលពីខែមុន ប្រភពដដែលក៏បានរាយការណ៍ថា មន្ត្រីឥណ្ឌូណេស៊ីកំពុងតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ផ្តើមការនាំចេញទុរេនរបស់ខ្លួន។
ក្រសួងកសិកម្មឥណ្ឌូណេស៊ីតាមសេចក្តីរាយការណ៍បានកំណត់ភូមិចំនួន ៤២២ ដើម្បីផ្តោតលើការដាំដុះទុរេន ដោយបង្ហាញក្តីសង្ឃឹមជាវិជ្ជមានសម្រាប់ទុរេនទាំងនោះក្នុងការនាំចេញទៅកាន់ប្រទេសចិន។ ឥណ្ឌូណេស៊ី អាចមានគោលបំណងដំបូងក្នុងការនាំចេញទុរេនកកទៅកាន់ប្រទេសចិន ព្រោះទុរេនកក ជាធម្មតាមានតម្លៃថោកជាងផ្លែស្រស់ និងមិនសូវប្រថុយប្រថានជាមួយនឹងបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ ចំពេលប្រទេសចិនបានរារាំងការដឹកជញ្ជូនទុរេនថៃ និងវៀតណាម ដោយសារតែមិនអាចបំពេញតាមស្តង់ដារអនាម័យដ៏តឹងរឹងរបស់ខ្លួន។
ប្រទេសឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់ជាអ្នកដាំដុះផ្លែទុរេនធំជាងគេនៅអាស៊ីអាគ្នេយ៍ ដោយប្រហែល២លានតោន ត្រូវបានប្រមូលផលក្នុងមួយឆ្នាំៗ ទោះយ៉ាងណាក៏ដោយ លោក Mohamad Reza Tirtawinata នាយកមូលនិធិ Nusantara Durian បានលើកឡើងថា ប៉ុន្តែភាគច្រើនទុរេនដុះក្នុងព្រៃដោយគ្មានស្តង់ដារគុណភាពត្រឹមត្រូវ សម្រាប់ការនាំចេញ។
ប្រទេសថៃបានគ្រប់គ្រងទីផ្សារទុរេនរបស់ប្រទេសចិនជាយូរមកហើយ ដោយផ្គត់ផ្គង់ទុរេនចំនួន ៥៧% នៃតម្លៃ ៦,៩៩ពាន់លានដុល្លារដែលចិនបាននាំចូលកាលពីឆ្នាំមុន។ ទិន្នន័យគយចិនក៏បានបង្ហាញថា វៀតណាម គឺជាអ្នកផ្គត់ផ្គង់ធំទីពីរ ដែលមានចំណែកចំនួន ៣៨%។ ហ្វីលីពីន និងម៉ាឡេស៊ីជាប្រទេសទី៣ និងទី៤ ដែលការនាំចេញគិតជាទឹកប្រាក់សរុបបញ្ចូលគ្នា ៣៨,២លានដុល្លារ៕

ចែករំលែកព័តមាននេះ