ប្រទេសកូរ៉េខាងត្បូង ៖ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង កាលពីថ្ងៃទី២៤ មីនា បានបដិសេធ ញត្តិទាមទារឲ្យដកតំណែងនាយករដ្ឋមន្ត្រីលោកHAN DUCK SOO ដែលក្លាយជាប្រធានាធិបតីស្ដីទី រង់ចាំការសម្រេចរបស់តុលាការនោះ លើការដកតំណែងប្រធានាធិបតី លោកYOON SUK YEOL។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងYONHAP។
តាមYONHAPថា ញត្តិទាមទារដកតំណែងនាយករដ្ឋមន្ត្រីត្រូវបានបដិសេធដោយចៅក្រមតុលាការធម្មនុញ្ញ៥រូប ទល់នឹង១រូប គាំទ្រក្នុងចំណោមចៅក្រមទាំង៨រូប នៃតុលាការនោះដែល២រូបបោះអនុប្បវាទ។ លោកHANត្រូវបានបណ្ដាសមាជិកសភាដកតំណែងកាលពីខែធ្នូ២០២៤ ក្រោយកាន់តំណែងប្រធានាធិបតីស្ដីទីលើកដំបូង ។
កូរ៉េខាងត្បូងធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ជ្រៅ ចាប់តាំងពីប្រធានាធិបតីលោកYOON SUK YEOLប្រកាសច្បាប់អាជ្ញាសឹកមុនលុបចោលវិញ។ លោកត្រូវបានសភាដកតំណែង កាលពីថ្ងៃទី១៤ធ្នូហើយតំណែងលោកត្រូវបានព្យួរ រង់ចាំការអនុម័តរបស់តុលាការធម្មនុញ្ញ។ បន្ទាប់មកនាថ្ងៃទី២៧ធ្នូសភាបានដកតំណែងអ្នកជំនួសជាប្រធានាធិបតីស្ដីទីលោកHAN DUCK SOO ដោយចោទលោកថា រារាំងនីតិវិធីប្រឆាំងប្រធានាធិបតី។ រហូតដល់ពេលតុលាការធម្មនុញ្ញធ្វើការសម្រេចតំណែងប្រធានាធិបតីស្ដីទីធ្លាក់លើរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកCHOI SANG MOK។
ទាក់ទិននឹងលោកYOON SUK YEOLបណ្ដាអ្នកជំនាញការព្យាករណ៍ថា សាលដីការបស់តុលាការធម្មនុញ្ញនឹងចេញនាបណ្ដាថ្ងៃខាងមុខតែពុំមានកាលបរិច្ឆេទច្បាស់លាស់ឡើយ។ ប្រសិនបើតុលាការធម្មនុញ្ញសម្រេចដកតំណែងលោក នោះការបោះឆ្នោតប្រធានាធិបតីថ្មី ត្រូវរៀបចំធ្វើ៦០ថ្ងៃក្រោយការសម្រេចនោះ។ បើតុលាការនោះបដិសេធការដកតំណែង ប្រធានាធិបតីរូបនោះនឹងបន្តតំណែងឡើងវិញ។ ប៉ុន្តែលោកYOONនៅត្រូវកាត់ទោសពីការចោទប្រកាន់បទឧក្រិដ្ឋបះបោរ ក្រោយការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីមួយ។
លោកត្រូវចាប់ខ្លួនកាលពីដើមខែមករា បន្ទាប់មកជាប់ឃុំឃាំង មុនពេលដោះលែងវិញនាថ្ងៃទី៨មីនា។ នៅកូរ៉េខាងត្បូងបទចោទប្រកាន់ពីការបះបោរអាចមានទោសជាប់ពន្ធនាគារអស់មួយជីវិតនិងរហូតដល់ប្រហារជីវិត៕
ចែករំលែកព័តមាននេះ