ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​នូវ​ធនធាន​មាស​ដ៏​សម្បូរ​បែប​មួយ​នៅ​ក្នុង​ប្រទេស ដូច្នេះ​មន្ត្រី​ពាក់ព័ន្ធ​ក៏​ដូច​ជា ប្រជាពលរដ្ឋ​គួរតែ​នាំ​គ្នា​រៀន​វិធីសាស្ត្រ​កែ​ច្នៃ​មាស​នោះ​ឲ្យ​ទៅ​ជា​ប្រយោជន៍​សម្រាប់​ខ្លួនឯង សហគមន៍ និង​ប្រទេស​ជាតិ​ទាំងមូល ។ ធនធាន​ដែល​ជា​កំណប់មាស​ដ៏​មាន​តម្លៃ​ដែល​នាយក​រដ្ឋមន្ត្រី​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត…

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​នូវ​ធនធាន​មាស​ដ៏​សម្បូរ​បែប​មួយ​នៅ​ក្នុង​ប្រទេស ដូច្នេះ​មន្ត្រី​ពាក់ព័ន្ធ​ក៏​ដូច​ជា ប្រជាពលរដ្ឋ​គួរតែ​នាំ​គ្នា​រៀន​វិធីសាស្ត្រ​កែ​ច្នៃ​មាស​នោះ​ឲ្យ​ទៅ​ជា​ប្រយោជន៍​សម្រាប់​ខ្លួនឯង សហគមន៍ និង​ប្រទេស​ជាតិ​ទាំងមូល ។

ធនធាន​ដែល​ជា​កំណប់មាស​ដ៏​មាន​តម្លៃ​ដែល​នាយក​រដ្ឋមន្ត្រី​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បង្ហើប​នោះ គឺ​សហគមន៍​ទេសចរណ៍​ដែល​កម្ពុជា​មាន​ច្រើន ហើយ​ខ្លះ​ក៏​ចេះ​ច្នៃ ខ្លះ​មិន​ទាន់​ចេះ​ច្នៃ ដែល​គប្បី​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ជួយ​ធ្វើ​យ៉ាងណា​ប្រែក្លាយ​សហគមន៍​ទេសចរណ៍​ឲ្យ​កាន់តែ​ផុលផុស ។

ថ្លែង​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នូវ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៩ នៅ​ខេត្តតាកែវ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៥ សម្ដេច​មហា​បវរ​ធិ​បតី បាន​បង្ហើប​ថា កម្ពុជា​មាន​ធនធាន​នេះ​ច្រើន​ណាស់ ហើយ​មាន​សក្តានុពល ។

ជាមួយ​គ្នា​នេះ សម្តេច​ក៏​បាន​ជំរុញ​ឱ្យ​ក្រសួងបរិស្ថាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួងទេសចរណ៍ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ជួយ​ដល់​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​គ្រប់គ្រង​គំនិត​ផ្តួចផ្តើម​ទេសចរណ៍​សហគមន៍​ប្រកបដោយ​និរន្តរភាព ។

នៅ​ក្នុងអំឡុងពេល​នោះ សម្តេច​មហា​បវរ​ធិ​បតី ក៏​បាន​អំពាវនាវ​ដល់​ស្ថាប័នហិរញ្ញវត្ថុ រួម​ទាំង​ធនាគារ ធនាគារពាណិជ្ជ​នានា​ឱ្យ​ជួយ​ដល់​វិស័យ​ទេសចរណ៍​តាម​សហគមន៍ ដោយ​សង្កត់ធ្ងន់​ថា វា​ជា​គំរូ​អាជីវកម្ម​ដែល​ផ្តល់​ផលប្រយោជន៍​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ហើយ​វា​ក៏​ជា​គំរូ​អាជីវកម្ម​មួយ​ដែល​នឹង​អាច​ជួយ​ការ​ការពារ​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ ។

សម្តេច​មហា​បវរ​ធិ​បតី បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរតែ​សម្របសម្រួល​ផ្តល់​សេវា និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ទន្ទឹម​នឹង​ការ​ជួយ​សហគមន៍​ផង​ដែរ​អំពី​អនាម័យ​ការ​គ្រប់គ្រង​កាក​សំណល់ និង​ទីផ្សារ ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​រយៈពេល​វែង ។

តាម​ការ​កាត់​ត្រា​កន្លង​មក កម្ពុជា​មាន​សហគមន៍​ទេសចរណ៍​នៅ​តាម​មូលដ្ឋាន​នេះ​ប្រមាណ​ជា​ជាង​១២០​កន្លែង ។ ហើយ​មក​ដល់​ពេល​នេះ​សហគមន៍​ខ្លះ​ក៏​បាន​ដំណើរការ​ខ្លះ​ក៏​បាន​តែ​បង្កើត ប៉ុន្តែ​ខ្វះ​មូលដ្ឋាន​នៃ​ចំណេះដឹង និង​ការ​គ្រប់គ្រង ដែល​ទាមទារ​ការ​យកចិត្តទុកដាក់​ពី​អ្នកជំនាញ ។

ទេសចរណ៍​តាម​សហគមន៍ គឺជា​ទម្រង់​មួយ​នៃ​ទេសចរណ៍​ប្រកបដោយ​ការ​ទទួលខុសត្រូវ ដែល​គាំទ្រ​សហគមន៍​មូលដ្ឋាន និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពួក​គេ ។ វា គឺជា​គំរូ​នៃ​ដំណើរការ​អាជីវកម្ម​មួយ​ដែល​តម្រូវ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ផ្ទាល់ ។ ការ​សម្រេចចិត្ត​គ្រប់គ្រង​ទាំងអស់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សហគមន៍ តាម​ស្មារតី ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ហើយ​ប្រាក់​ចំណូល និង​ចំណេញ​ទាំងអស់​ផ្តល់​ផលប្រយោជន៍​ដោយ​ផ្ទាល់​ដល់​សហគមន៍​មូលដ្ឋាន​ផ្ទាល់ ។

ពិត​ណាស់ សហគមន៍​ទេសចរណ៍ គឺ​ប្រៀប​បាន​នឹង​កំណប់មាស​របស់​ប្រជា​សហគមន៍ ប៉ុន្តែ​ទម្រាំ​វា​ក្លាយទៅជា​មាស​ដែល​អាច​ចែក​គ្នា​ចាយ​ចែក​គ្នា​ទុកដាក់​បាន គឺ​វា​ទាមទារ​ឱ្យ​មាន​តុល្យភាព​នៃ​តម្រូវការ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​របស់​សហគមន៍​មូលដ្ឋាន ហើយ​ប្រជា​សហគមន៍ និង​អ្នក​ដែល​ពាក់ព័ន្ធ​ដាច់​ខា​ច​ត្រូវ​តែ​ធានា​ថា ធនធាន​ទេសចរណ៍​នេះ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​តិចតួច និង​ទទួល​បាន​អត្ថប្រយោជន៍​រយៈពេល​វែង ។

ដើម្បី​ឲ្យ​សហគមន៍​ទេសចរណ៍​ក្លាយជា​មាស​បាន​ចាំបាច់​បំផុត គឺ​ត្រូវ​មានការ​ចូលរួម​ពី​សហគមន៍ ហើយ​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជា​សហគមន៍​មាន​សិទ្ធិ​អំណាច និង​ការ​ការ​សម្រេចចិត្ត​នៅ​ក្នុង​ការ​គ្រប់គ្រង​តំបន់​របស់​ពួក​គេ​ដោយ​ស្ថិត​ក្រោម​ច្បាប់ ។ ក្រៅពី​នោះ សហគមន៍​នេះ​ក៏​ទាមទារ​ឲ្យ​មានការ​កំណត់​ទស្សនៈវិស័យ​យូរអង្វែង ចេះ​រៀបចំ​ផែនការ ចេះ​ធ្វើ​ទីផ្សារ ចេះ​ផ្តល់​សេវាកម្ម ចេះ​ស្រលាញ់​ធនធានធម្មជាតិ និង​បរិស្ថាន ហើយ​ក៏​ទាមទារ​ការ​ចេះ​គ្រប់គ្រង​នឹង​បែងចែក​ផលប្រយោជន៍​ដោយ​ស្មើភាព ។

សរុប​ទៅ​សហគមន៍​ទេសចរណ៍ គឺជា​មាស​មិន​ទាន់​ច្នៃ​មួយ​នៅ​កម្ពុជា ដូច្នេះ​ដើម្បី​ឲ្យ​វា​ក្លាយជា​កំណប់មាស​ដ៏​ពិតប្រាកដ កម្ពុជា​ទាមទារ​នូវ​ការ​ដាក់​ចេញ​នូវ​ផែនការ និង​កម្មវិធី​អភិវឌ្ឍន៍ ក៏​ដូច​ជា គោលនយោបាយ​តម្រង់​ទិស​មួយ​ច្បាស់លាស់ ។ វា គឺជា​មាស​មែនហើយ ប៉ុន្តែ​វា​ក៏​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ឡើយ នៅ​ក្នុង​ដំណើរការ​ទាញ​យក​មាស​នោះ​ឲ្យ​ចេញ​ជា​ផល​សម្រាប់​បម្រើ​ការ​អភិវឌ្ឍ​ជាតិ និង​សហគមន៍​បាន ។ ឭ​ថា មាស​នរណា​ក៏​ចង់បាន នរណា​ក៏​ចង់​គ្រប់គ្រង ប៉ុន្តែ​បើ​ខ្វះ​ការ​គ្រប់គ្រង​ច្បាស់លាស់​មិន​ត្រឹមតែ​បាន​មាស​មក​ចែក​គ្នា​ទេ គឺ​ជម្លោះ​ក៏​អាច​នឹង​កើត​មាន​មុន​បាន​មាស​នោះ​មក​ចែក​គ្នា​ផង​ក៏​មាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ