ប្រទេសថៃ ៖ បណ្តាអាជីវករ និងអ្នកនាំចេញផ្លែទុរេនរបស់ប្រទេសថៃរំពឹងថា តម្លៃទុរេននឹងធ្លាក់ចុះនៅឆ្នាំនេះ ដោយសារតែការផ្គត់ផ្គង់ត្រូវបានព្យាករណ៍ថានឹងកើនឡើង។
តាមប្រភពពីកាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា លោក Sanchai Puranachaikiri ប្រធានសមាគមពាណិជ្ជករ និងនាំចេញផ្លែឈើស្រស់របស់ថៃ បានប៉ាន់ប្រមាណថា ការផ្គត់ផ្គង់ផ្លែទុរេននៅក្នុងខេត្តភាគខាងកើតក្នុងឆ្នាំនេះ នឹងកើនឡើង ២០% នៅពេលរដូវប្រមូលផល ដែលនឹងចាប់ផ្តើមក្នុងខែមេសាខាងមុខ។ ហើយបើយោងតាមកាសែតថៃ The Nation បានឱ្យដឹងថា រដូវទុរេនត្រូវប៉ាន់របស់ប្រទេសថៃ ជាធម្មតាប្រមូលផលចាប់ពីខែមេសា ដល់ខែកក្កដា ដោយចាប់ផ្តើមនៅតំបន់ភាគខាងកើត មុនពេលបន្តទៅតំបន់ភាគខាងត្បូង។
ដោយឡែក លោក Paiboon Wongchotesathit អតីតប្រធានសមាគមបានព្យាករណ៍ថា ការផ្គត់ផ្គង់ទុរេនសរុបក្នុងតំបន់នឹងកើនឡើងដល់៨០ម៉ឺនតោន ដោយតម្លៃរំពឹងថានឹងធ្លាក់ចុះ បើធៀបនឹងឆ្នាំមុន។ ដូច្នេះអ្នកទិញនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែទុរេនតម្លៃថោកជាង និងមានគុណភាពជាង។
ប្រសិនបើតម្លៃធ្លាក់ចុះអំឡុងពេលជាក់លាក់ណាមួយ កសិករនឹងសម្រេចចិត្តប្រមូលផលដោយប្រុងប្រយ័ត្ន និងលក់ទុរេនរបស់ពួកគេនៅពេលតម្លៃកើនឡើង។ យុទ្ធសាស្ត្រនេះ នឹងជួយជៀសវាងការប្រញាប់លក់ពេកដូចដែលបានកើតឡើងកាលពីឆ្នាំមុន ដែលនាំឱ្យអ្នកទិញទទួលបានទុរេនមិនទាន់ទុំ។
ក្រសួងកសិកម្ម និងសហករណ៍ថៃបានព្យាករណ៍ថា ទិន្នផលទុរេននឹងកើនឡើង ៣៧% បើធៀបនឹងឆ្នាំមុនក្នុងចំនួន ១,៧៦លានតោននៅឆ្នាំនេះ ដែលនេះនឹងបង្ហាញពីភាពល្អប្រសើរឡើងពីឆ្នាំមុន នៅពេលដែលការប្រមូលផលទុរេនដ៏សំខាន់របស់ប្រទេសថៃ រងផលប៉ះពាល់ដោយរលកកំដៅដែលបានបោកបក់ពាសពេញអាស៊ីអាគ្នេយ៍ ដ្បិតកាលពីខែមេសា ឆ្នាំមុន ប្រទេសថៃបានកត់ត្រាសីតុណ្ហភាព ៤៤,២អង្សារសេ។
លោក Sam Sin នាយកផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន S&F Produce Group ដែលជាក្រុមហ៊ុនថៃនាំចេញទុរេនទៅកាន់ប្រទេសចិនបានប្រាប់កាសែត South China Morning Post នៅពេលនោះ ចំពេលទទួលបានព័ត៌មានពីបណ្តាកសិករថា រលកកំដៅបានធ្វើឱ្យទុរេនទុំលឿនជាងពេលកំណត់ ហើយមិនពេញទំហំល្អ និងធ្វើឱ្យតម្លៃទីផ្សារធ្លាក់ចុះខ្លាំង៕ ដកស្រង់ ៖ Bangkok Post, Nation Thailand និង VnExpress
ចែករំលែកព័តមាននេះ