រាជធានីភ្នំពេញ ៖ កាលពី២ថ្ងៃមុនមានបុរសម្នាក់បានបើករថយន្តម៉ាកហាយឡែនឌ័រ១គ្រឿង ហើយពុំដឹងថាស្រវឹង ឬបែបណានោះទេ ស្រាប់តែជ្រុលទៅបុកបុរសអ្នកជិះម៉ូតូម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយនៅពេលភ្លាមៗនោះរថយន្តខាងលើ ក៏បានឈប់នៅនឹងកន្លែងដែរ ព្រោះកិនពីលើម៉ូតូជាប់ ។
ខណៈនោះបុរសអ្នកបើកបររថយន្តនោះអត់ព្រមចុះមកដើម្បីទទួលខុសត្រូវនោះទេ លុះបន្តិចក្រោយមកបុរសនោះក៏បានបើករថយន្តគេចបាត់ស្រមោល ប៉ុន្តែមុននិងចាកចេញទៅផុត ក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាស្រែកឲ្យឈប់ ហើយរហូតអ្នកខ្លះយកសម្ភារៈផ្សេងៗដេញវាយកញ្ចក់និងដេញគប់រថយន្តនោះទៀតផង ។
ទោះបីបើករត់បាត់ក៏ដោយ នៅទីបំផុតត្រូវបាននគរបាលខណ្ឌដង្កោធ្វើការស្រាវជ្រាវរកឃើញ និងនាំយកទៅរក្សាទុកដើម្បីចាត់ការតាមច្បាប់ហើយ ក្រោយជនបង្កបើកយកទៅលាក់ទុកនៅឯផ្ទះបងប្អូន ប៉ុន្តែជនបង្កកំពុងគេចខ្លួននៅឡើយ ។
ឧប្បត្តិហេតុគ្រោះចរាចរណ៍នេះបានកើតឡើង កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ព ស្ថិតនៅតាមផ្លូវលេខ១៩ បុរី ក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តម៉ាកហាយឡេនឌ័រ១គ្រឿងនោះ ពណ៍ ស ពាក់ស្លាកលេខកំពង់ធំ2B-5236 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ដែលប្រភពខ្លះថាបុរសនោះគឺជាគ្រូបង្រៀនថ្នាក់អនុវិទ្យាល័យទៀតផង បានបើកបុកម៉ូតូ១គ្រឿងម៉ាកហុងដាC-125 ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KL-8825 ហើយបុរសអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរណាស់ ដួលដេកនៅក្នុងថ្លុកឈាម និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ។
នគរបាលពុំទាន់ប្រាប់ឲ្យដឹងលម្អិតថា អំពីអត្តសញ្ញាណបុរសដែលជាអ្នកបើកបររថយន្តបង្កខាងលើនោះនៅឡើយទេ ដោយគ្រាន់តែប្រាប់ខ្លះៗថា ក្រោយពេលកើតមានឧប្បត្តិហេតុនេះឡើង បានធ្វើឲ្យប្រជាពលរដ្ឋមានការខឹងសម្បារចំពោះភាពមិនទទួលខុសត្រូវរបស់អ្នកបើកបររថយន្តនេះខ្លាំងណាស់ ។ ដោយឡែកលោកលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចាត់ឲ្យលោកវរសេនីយ៍ទោ ឃឹម សារិទ្ធិ អធិការរងទទួលផែនចរាចរណ៍ខណ្ឌ ដឹកនាំកម្លាំងនគរបាលខណ្ឌ ចុះធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុភ្លាមៗ ។
នគរបាលបានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមទៀតថា រហូតដល់វេលាយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ក៏បានរកឃើញរថយន្តនោះដោយជនបង្កបានបើកយកទៅទុកនៅផ្ទះបងប្អូននៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់មកកម្លាំងនគរបាលខាងលើបាននាំយករថយន្តនេះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោទាំងយប់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕





ចែករំលែកព័តមាននេះ