សូមអបអរ និងរីករាយនៅពេលដែលទទួលបាននូវបច្ចុប្បន្នភាពនៃវឌ្ឈនភាពគម្រោងកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ ជាស្ថាបត្យកម្មបម្រើវិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជាដ៏ធំសម្បើម នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ។ តាមព័ត៌មានដែលគេបានរាយការណ៍ជូនលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា…
សូមអបអរ និងរីករាយនៅពេលដែលទទួលបាននូវបច្ចុប្បន្នភាពនៃវឌ្ឈនភាពគម្រោងកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ ជាស្ថាបត្យកម្មបម្រើវិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជាដ៏ធំសម្បើម នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ។
តាមព័ត៌មានដែលគេបានរាយការណ៍ជូនលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចការសាងសង់ប្រមាណ ៩៥% នឹងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនាខែកក្កដាខាងមុខនេះ ។

ចាប់ពីពេលនេះតទៅ រហូតដល់ខែកក្កដា ដែលគេគ្រោងបើកដំណើរការ អាកាសយានដ្ឋានថ្មីសាងសង់នៅលើដីស្រែ និងបឹងដែលមានទំហំជាង២.៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F នៅសល់តែ៥ភាគរយប៉ុណ្ណោះ ប៉ុន្តែកុំថា កិច្ចការទាំងនេះតិចហើយមើលស្រាលអោយសោះ ។
ពេលវេលាដើរលឿនណាស់ ហើយក៏មិនប្រាកដថា នៅក្នុងអំឡុងពេលនេះវានឹងអាចមានអ្វីកើតមានឡើងដែលនឹងជះឥទ្ធិពលមកដល់វិស័យអាកាសចរណ៍កម្ពុជាដែរឬយ៉ាងណានោះទេ ។ ដូច្នេះហើយសង្ឃឹមថា គ្រប់ភាគីដែលពាក់ព័ន្ធត្រៀមលក្ខណៈ និងខិតខំកសាង និងរៀបចំដំណើរការនៃការកសាងអាកាសយាន្តដ្ឋានកម្រិតស្តង់ដាអន្តរជាតិដ៏ថ្មីស្រឡាងនេះបានបញ្ចប់ដោយជោគជ័យតាមគម្រោង ។
កិច្ចការនៃការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅអាកាសយានដ្ឋានផ្ទាល់ ពោល គឺខាងផ្នែកសំណង់ គឺជារឿងមួយ ហើយរឿងដែលពាក់ព័ន្ធនឹងភស្តុភាកម្មក៏ដូចជា សេវាកម្ម រួមតាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀតដែលមានទំនាក់ទំនងនឹងប្រតិបត្តិការដឹកជញ្ជូនផ្លូវអាកាសវាក៏សំខាន់ផងដែរ ។

សូមឲ្យដំណើរការរៀបចំតាំងពីបទដ្ឋានបច្ចេកទេស សុវត្ថិភាព ការដឹកជញ្ជូន ការតភ្ជាប់ពីអាកាសយានដ្ឋានចូលក្រុង ក៏ដូចជា សេវាកម្មពាក់ព័ន្ធរាប់សិបជំពូកឲ្យរួចរាល់ផងដែរនៅក្នុងអំឡុងពេលនេះ ដើម្បីធ្វើយ៉ាងណាឲ្យសមិទ្ធផលដែលមានតម្លៃប្រមាណជា១.៥០០ លានដុល្លារអាចធានាឲ្យវានឹងក្លាយជាព្រលានយន្តហោះលំដាប់ 4F អាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 ចុះចតដោយសុវត្ថិភាព ជាពិសេស គឺអាចទទួលអ្នកដំណើរបានរហូតដល់១៣លាននាក់ ក្នុង១ឆ្នាំនាដំណាក់កាលទី១ ដូចដែលគេបានគ្រោងទុក ។
នៅពេលដែលបានដឹកនាំមន្ត្រី និងអ្នកបច្ចេកទេសពាក់ព័ន្ធនឹងទេសចរណ៍ទៅទស្សនៈកិច្ចគម្រោងកសាងអាកាសយានដ្ឋានថ្មីនេះ លោករដ្ឋមន្ត្រីទេសចរណ៍បានឲ្យដឹងថា អាកាសយានដ្ឋាននេះពិតជានឹងផ្តល់ធាតុចូលដ៏សម្បើមដល់គម្រោងទាក់ទាញភ្ញៀវទេសចរបរទេសពី៧,២លានទៅ ៧,៥លាននាក់ នៅក្នុងឆ្នាំ២០២៥នេះ ។
ផ្អែកតាមទឡ្ហីករណ៍បែបនេះ អ្នកដែលពាក់ព័ន្ធនឹងគម្រោងនេះ សូមកុំគិតថា រយៈពេល៤ខែវាងាយស្រួលនឹងសម្រចកិច្ចការដែលនៅសល់ត្រឹម៥ភាគរយនេះឲ្យសោះ ។ ៥ភាគរយដែលនៅសល់ គឺនៅមានការងារច្រើនដែលនៅតែទាមទារការប្តេជ្ញាចិត្ត ទាមទារការប្រឹងប្រែង និងការទទួលខុសត្រូវកាន់តែខ្លាំង ។
រឿងមួយដែលមិនគួរបំភ្លេចនោះ គឺសេវាកម្មតភ្ជាប់ពីអាកាសយានដ្ឋាននោះមកតំបន់កណ្តាលក្រុង ដោយសារតែអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានឈ្មោះដើមថា ព្រលានពោធិចិនតុង ដែលកំពុងតែប្រើប្រាស់នៅពេលបច្ចុប្បន្ន វាជិតទីប្រជុំជនហើយថ្លៃធ្វើដំណើរ គឺអស់ពីជាមធ្យមពី១០ទៅ២០ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែពីអាកាសយានដ្ឋានថ្មីមកវិញ គឺឆ្ងាយដូច្នេះតម្លៃអាចឡើងដែលចំណុចនេះអ្នកដែលពាក់ព័ន្ធគួររិះគិត ។
ដើម្បីសម្រួល និងផ្តល់ជម្រើសជូនពលរដ្ឋក៏ដូចជា អ្នកដំណើរនានារួមតាំងភ្ញៀវទេសចរបរទេស សេវារថយន្តក្រុងសាធារណៈគួរតែមានភ្ជាប់ ឬក៏បើកជើងភ្ជាប់ទៅកាន់ទីនោះ ។ ក្រៅពីនោះ ក៏គួរតែគិតគូជម្រើសផ្សេងៗទៀតតាមត្រូវការ និងប្រភេទសេវាកម្មដែលអ្នកដំណើរចង់បាន តែមានតម្លៃសមរម្យ ។
សរុបទៅ យើងរំពឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមិនមានការពន្យាពេលឡើយ ហើយអាកាសយានដ្ឋាននេះនឹងដំណើរការតាមកាល និងពេលវេលាដែលបានគ្រោងទុក ។ ជាមួយគ្នានេះយើងក៏មានជំនឿជឿជាក់ថា អ្វីៗនឹងប្រពឹត្តិទៅដោយរលូន មិនមានអ្វីដែលជាឧបសគ្គ រារាំងគោលដៅដែលយើងបានកំណត់ ៕
ចែករំលែកព័តមាននេះ