ទីក្រុងតេអេរ៉ង់៖ អគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់ព្រមានថាបើអាមេរិក ឬប្រទេសដទៃហ៊ានធ្វើអ្វីអ៊ីរ៉ង់ ពួកគេប្រាកដជាត្រូវព្រនង់ជាមិនខាន។ ប្រសាសន៍របស់មេដឹកនាំអ៊ីរ៉ង់រូបនេះផ្សាយតាមទូរទស្សន៍ និងត្រូវគេយកទៅបង្ហោះនៅលើបណ្ដាញសង្គមជាផ្លូវការរបស់រដ្ឋ។ ការព្រមាននេះក៏កើតមានឡើងនៅពេលសភាពការណ៍កាន់តែឡើងកម្ដៅរវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់។
ម៉្យាងទៀត ការព្រមាននេះកើតឡើងបន្ទាប់ពីលោកត្រាំចេញសេចក្ដីប្រកាសកាលពីថ្ងៃចន្ទថាអ៊ីរ៉ង់ត្រូវតែជាអ្នកទទួលខុសត្រូវចំពោះករណីដែលក្រុមហ៊ូទីវាយប្រហារនាវាដឹកទំនិញនៅសមុទ្រក្រហម។ ក្រុមហ៊ូទីកំពុងគ្រប់គ្រងប្រទេសយេម៉ែនភាគច្រើន និងកំពុងធ្វើសកម្មភាពយោធាយ៉ាងពុះកញ្ជ្រោល ហេតុនេះអាមេរិកចាត់វិធានការវាយប្រហារមូលដ្ឋានរបស់ពួកគេ។
សង្គ្រាមនៅមជ្ឈិមបូព៌ាមិនទាន់បង្ហាញសញ្ញាធូរស្បើយនៅឡើយទេ។ បន្ទាប់ពីអាមេរិកវាយប្រហារមូលដ្ឋានខ្លួនរបស់ក្រុមហ៊ូទី និងបន្ទាប់ពីអ៊ីស្រាអែលផ្ទុះសង្គ្រាមជាថ្មីនៅហ្កាហ្សា ហ៊ូទីក៏សច្ចាថាខ្លួនមិនដកថយជាដាច់ខាត។ ថ្មីៗនេះ ហ៊ូទីបាញ់មីស៊ីលចូលអ៊ីស្រាអែល ធ្វើឱ្យអ៊ីស្រាអែលបញ្ចេញសំឡេងស៊ីរ៉ែនស្រែកកងរំពងពាសពេញទីក្រុងតែឡាវីវ និងយេរូសាឡឹម។
ដោយសារអ៊ីរ៉ង់ជាអ្នកគាំទ្រក្រុមហ៊ូទីនៅយេម៉ែន, ក្រុមហេសបូឡានៅលីបង់ និងក្រុមហាម៉ាស់នៅហ្កាហ្សា ដូច្នេះ ធ្វើឱ្យគេព្រួយបារម្ភថាសង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងផ្ទុះឡើងកាន់តែខ្លាំង។ អ៊ីរ៉ង់ខ្លួនឯងក៏កំពុងមានបញ្ហាពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរផងដែរ។ អ៊ីស្រាអែលអាចនឹងវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅថ្ងៃណាមួយដោយមានជំនួយ និងការគាំទ្រពីអាមេរិក។ អាមេរិកនិយាយរួចហើយថាខ្លួនមិនអាចបណ្ដោយឱ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរបានសម្រេចជាដាច់ខាត។
នៅថ្ងៃសុក្រសប្ដាហ៍នេះ អគ្គមគ្គុទេសក៍អ៊ីរ៉ង់ប្រកាសច្រានចោលការអះអាងរបស់អាមេរិកដែលថាក្រុមចលនាប្រដាប់អាវុធទាំងនោះជាកូនចៅរបស់អ៊ីរ៉ង់។ អ៊ីរ៉ង់ថាពួកគេជាក្រុមឯករាជ្យ-ម្ចាស់ការ។ ដូច្នេះអ៊ីរ៉ង់គ្មានបានបង្គាប់បញ្ជាពួកគេទេ។ កាលពីដើមខែមីនា លោកត្រាំថ្លែងថាលោកបានផ្ញើលិខិតមួយច្បាប់ជូនអគ្គមគ្គុទេសក៍អ៊ីរ៉ង់ដើម្បីជំរុញឱ្យគាត់ជ្រើសរើសយកផ្លូវចរចាគ្នាពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ។ បើសិនអ៊ីរ៉ង់ហ៊ានជំទាស់នឹងបំណងល្អនេះ ត្រាំព្រមានប្រើប្រាស់កម្លាំងយោធា។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ចាត់ទុកថាលិខិតនោះមានចរិតគំរាមកំហែង។ ប៉ុន្តែយ៉ាងហោចណាស់វាជាការបោះដៃរកគ្នាទៅវិញទៅមក ហើយជាឱកាសសម្រាប់ការសន្ទនាគ្នា។ រដ្ឋមន្ត្រីរូបនេះថ្លែងថាអ៊ីរ៉ង់កំពុងពិភាក្សាគ្នាដើម្បីរកវិធីឆ្លើយតបបែបណាចំពោះលិខិតនោះ។ អគ្គមគ្គុទេសក៍អ៊ីរ៉ង់ធ្លាប់បានច្រានចោលការបោះដៃរបស់លោកត្រាំមួយសាហើយ ហើយចោទប្រកាន់ថាលោកត្រាំនិយាយបានតែនៅលើបបូរមាត់ថាចង់ចរចាគ្នា។ ប៉ុន្តែធាតុពិត គាត់ចូលចិត្តនិយាយសម្លុត និងគំរាមកំហែងគេ៕
ចែករំលែកព័តមាននេះ