បងប្អូននៅតាមខេត្តសូមបង្កើនការប្រុងប្រយ័ត្នក្នុងការមើលថែរក្សាសត្វរបស់ខ្លួនអោយបានល្អ ពីព្រោះថា តាមច្បាប់ បងប្អូនអាចនឹងត្រូវសងការខូចខាតដល់ទ្រព្យសម្បត្តិរបស់អ្នកដទៃ បើសិនជាសត្វគោ ឬក្របីរបស់បងប្អូនមកនៅលើផ្លូវសាធារណ: និងបង្កគ្រោះថ្នាក់ណាមួយដល់អ្នកបើកបរតាមដងផ្លូវ ។
មាត្រា៧៥០នៃក្រមរដ្ឋប្បវេណី បានចែងថា «បុគ្គលដែលកាន់កាប់សត្វត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដល់អ្នកដទៃ ដោយសត្វដែលខ្លួនកាន់កាប់»។
លោក សេង ឌីណា អ្នកនាពាក្យក្រសួងយុត្តិធម៌ បានចុះផ្សាយមាត្រានៃច្បាប់នេះនៅតាមហ្វេសប៊ុក កាលពីថ្ងៃទី២១ ខែ មីនា ។
ផ្អែកទៅលើមាត្រានេះ ប្រជាជននៅតាមបណ្តាខេត្តគួរតែប្រយ័ត្នក្នុងការមើលថែសត្វរបស់ខ្លួនអោយបានល្អ ដើម្បីសុវត្ថិភាពរបស់សត្វផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពអ្នកបើកបរតាមផ្លូវជាតិធ្វើដំណើរទៅតាមខេត្តនានាផង និងដើម្បីចៀសវាងការទទួលខុសត្រូវផ្នែកច្បាប់ផង ។
កន្លងមកធ្លាប់មានករណីដែលសត្វគោឬក្របី បានត្រូវឃើញនៅតាមផ្លូវជាតិទៅតាមខេត្ត ។ ទន្ទឹមនោះវាក៏ធ្លាប់មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារសត្វបានផ្អើលមកលើផ្លូវផងដែរ ៕
ចែករំលែកព័តមាននេះ