នៅក្នុងចំណោមពលរដ្ឋកម្ពុជាសរុប១៧លាននាក់ មានពលរដ្ឋតិចបំផុតដែលស្គាល់សាធារណរដ្ឋតូហ្គោ ប៉ុន្តែកម្ពុជាចាំបាច់ត្រូវតែទទួល និងស្វាគមន៍ ហើយក៏លើកទឹកចិត្តឲ្យពលរដ្ឋស្គាល់ប្រជាជាតិនេះ និងប្រជាជាតិនានា ដើម្បីបញ្ជាក់អំពីគោលនយោបាយការបរទេសរបស់កម្ពុជា ។ នៅតាមតុកាហ្វេ មានពលរដ្ឋវ័យកណ្តាល…
នៅក្នុងចំណោមពលរដ្ឋកម្ពុជាសរុប១៧លាននាក់ មានពលរដ្ឋតិចបំផុតដែលស្គាល់សាធារណរដ្ឋតូហ្គោ ប៉ុន្តែកម្ពុជាចាំបាច់ត្រូវតែទទួល និងស្វាគមន៍ ហើយក៏លើកទឹកចិត្តឲ្យពលរដ្ឋស្គាល់ប្រជាជាតិនេះ និងប្រជាជាតិនានា ដើម្បីបញ្ជាក់អំពីគោលនយោបាយការបរទេសរបស់កម្ពុជា ។
នៅតាមតុកាហ្វេ មានពលរដ្ឋវ័យកណ្តាល និងមជ្ឈឹមវ័យខ្លះ បានជជែកគ្នាដោយចម្ងល់ពាក់ព័ន្ធព័ត៌មាននៃការស្វាគមន៍របស់កម្ពុជាចំពោះវត្តមាន លោក រ៉ូបឺត ដូសេ (Robert DUSSEY) រដ្ឋមន្ត្រីការបរទេស សមាហរណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេសនៃសាធារណរដ្ឋតូហ្គោ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ។
ក្រៅពីចម្ងល់របស់ពលរដ្ឋទាំងនេះក៏អាចមានពលរដ្ឋផ្សេងទៀត ដែលឆ្ងល់បែបនេះដែរ ។ ពួកគេប្រាកដជា ចង់ដឹងថា តើប្រទេសនេះនៅទីណាមានគោលនយោបាយបែបណាមានស្ថានភាពសេដ្ឋកិច្ចយ៉ាងណា ហើយប្រជាពលរដ្ឋយ៉ាងម៉េច?តើវាមានផលប្រយោជន៍អីដែលកម្ពុជាចាំបាច់ត្រូវមានទំនាក់ទំនងជាមួយនឹងប្រទេសនេះ? និងសំនួរជាច្រើនទៀត ប៉ុន្តែសូមកុំឆ្ងល់គ្រាន់តែដឹងថា អ្វីដែលកម្ពុជាបានកំពុងតែធ្វើនៅពេលនេះ គឺជាសក្ខីកម្មបញ្ជាក់អំពីគោលនយោបាយការរបទេសរបស់កម្ពុជា ។
គោលនយោបាយការបរទេសរបស់កម្ពុជា គឺរាប់អានមិត្តប្រសើរជាការបង្កើតសត្រូវ ហើយកម្ពុជាប្រកាន់យកគោលនយោបាយឯករាជ្យ អធិបតេយ្យភាព ដោយមិនយកប្រយោជន៍ប្រទេសជាតិជាថ្នូរ និងដោះដូរទៅនឹងការអូសទាញនយោបាយ និងជំនួយរបស់បរទេសណាមួយឡើយ ហើយក៏គ្មានគោលនយោបាយរើសអើងប្រទេសធំ ប្រទេសតូច ប្រទេសមាន ឬប្រទេសក្រឡើយសំខាន់ គឺលើកកម្ពស់មិត្តភាពជាជាងបង្កើតសត្រូវ ។
កន្លងមក មិនមែនមានតែសាធារណរដ្ឋតូហ្គោទេ ដែលកម្ពុជារាប់អាន គឺនៅមានប្រទេសតួចៗ និងក្រីក្រជាច្រើនទៀតនៅអាហ្វ្រិក និងប្រទេសដែនកោះនៅមហាសមុទ្រ ដែលកម្ពុជាតែងតែស្វាគមន៍ និងផ្តល់តម្លៃដោយស្មើភាព និងគោរពនៅក្នុងស្មារតីផលប្រយោជន៍ទៅវិញទៅមកជាបន្តបន្ទាប់ ។
សាធារណរដ្ឋតូហ្គោ ត្រូវបានគេដឹងថា ប្រទេសមួយដែលមានទីតាំងស្ថិតនៅទ្វីបអាហ្វ្រិកខាងលិច ដែលមានព្រំដែនជាប់ហ្គាណា ប្រទេសបេណាំង ប្រទេសបួរគីណា ហ្វាសូ ហើយមានថានៈជាប្រទេសដែលមានការអភិវឌ្ឈតិចតួចបំផុតមួយនៅឈូងសមុទ្រហ្គីនៀ ។ សំខាន់ប្រទេសនេះមានទំនាក់ទំនងការទូតនឹងកម្ពុជាប្រមាណជា១៥ ឆ្នាំមកហើយ ។
ប្រទេសនេះ ជាប្រទេសតូចមួយដែលមានផ្ទៃដីប្រមាណជា៥៧ពាន់គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះ និងមានប្រជាពលរដ្ឋត្រឹមតែ៨លាននាក់ ។ នៅសម័យបុរាណប្រទេសនេះត្រូវបានគេដឹងថា ធ្លាប់រងគ្រោះដោយការជួញដូទាសករ ហើយប្រទេសនេះជាប្រទេសមួយដែលនិយាយភាសាបារាំង ។
សាធារណរដ្ឋតូហ្គោ មានសេដ្ឋកិច្ចចម្បង គឺកសិកម្ម ដោយអាចនាំចេញផលិតផលសំខាន់ៗមួយចំនួនដូចជា កាហ្វេ កាកាវ សណ្តែកដី កប្បាស ហើយនឹងកំណប់រ៉ែផូស្វាត ។ ប្រទេសនេះ មានអត្រាផលិតផលនៅក្នុងស្រុកសរុបប្រមាណជា ២៥ពាន់លានដុល្លារជាង ។ តូហ្គោ ជាប្រទេសនិយាយបារាំងដែរ ដូច្នេះសង្ឃឹមថា នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ កម្ពុជារំពឹងថា នឹងទទួលការគាំទ្រពី សាធារណៈរដ្ឋតូហ្គោ ។
នៅក្នុងឋានៈជារដ្ឋឯករាជ្យដូចគ្នា វត្តមានរបស់លោក រ៉ូបឺត ដូសេ នៅកម្ពុជាបានត្រូវទទួលស្វាគមន៍យ៉ាងកក់ក្តៅដូចជា បណ្តាថ្នាក់ដឹកនាំបរទេសដទៃទៀតដោយសមភាគីកម្ពុជា ដែលរួមមានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ភាគីទាំងពីរបានជួបពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច វិនិយោគ កសិកម្ម និងទេសចរណ៍ ព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ផងដែរ ។
ក្រៅពីនោះ លោក រ៉ូបឺត ដូសេ ក៏បានទទួលការអនុញ្ញាតចូលជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ ។
ក្នុងឱកាសនៃជំនួបសម្តេចធិបតី បានលើកទឹកចិត្ត និងគាំទ្រឲ្យភាគីកម្ពុជា និងសាធារណៈរដ្ឋតូហ្គោ សិក្សា និងស្វែងរកនូវកាលានុវត្តភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរផងដែរ ។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងតូហ្គោ មានវិស័យសក្ដានុពលជាច្រើនទៀត ក្នុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល និងរដ្ឋាភិបាល, វិស័យឯកជន និងឯកជន ក៏ដូចជា ការតភ្ជាប់រវាងប្រជាជន និងប្រជាជន៕
ចែករំលែកព័តមាននេះ