រាជធានីភ្នំពេញ ៖ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ការផ្តល់ឋានន្តរស័ក្តិជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេច ម៉ែន សំអន នាពេលនេះ ជាការឆ្លើយតបចំពោះគុណបំណាច់ ដែលបានធ្វើកិច្ចការងារបម្រើជាតិ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងក្នុងពិធីអបអរសាទរ និងបំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃទី២១ខែមីនា ឆ្នាំ២០២៥នៅវិមានសន្តិភាពសម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការផ្ដល់ឋានន្តរសក្តិជូនថ្នាក់ដឹកនាំ៣រូបមុនផងដែរ មានសម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេចផ្ទាល់ គឺជាព្រះរាជទានមិនមែនជាការស្នើសុំទេ គឺនៅឆ្នាំ២០០៧ ដែលត្រូវបានប្រទានជាថ្មីម្តងទៀត ហើយផ្កាយមាសនេះ មិនបានផ្តល់ជូនសម្តេចក្រុមព្រះទេ ដោយសារបានបញ្ចុះសក្តិម្តងហើយ នៅត្រឹមតែផ្កាយ៤ប៉ុណ្ណោះ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានអត្តលេខយោធា០០២ ចំណែកសម្តេចក្រុមព្រះ មានអត្តលេខ០០១ ។ សម្តេចបានមានប្រសាសន៍ថា សម្ដេចបានចូលធ្វើទាហានចាប់ពីថ្ងៃទី៤ មេសា ១៩៧០ រហូតដល់ឆ្នាំ១៩៩៣ ទើបទទួលបានឋានន្តរស័ក្តិ ។

សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ការផ្តល់ឋានន្តរសក្តិជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេច ម៉ែន សំអន នាពេលនេះ ជាការឆ្លើយតបចំពោះគុណបំណាច់ ដែលបានធ្វើកិច្ចការងារបម្រើជាតិ ហើយសម្តេចទាំងពីរក៏ជាអ្នកចូលរួមបង្កើតរបបរាជានិយមផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលចូលរួមជាមួយសម្តេច ក្នុងកិច្ចការងារជាច្រើនកន្លងមក។ ជាមួយគ្នានោះដែរសម្តេចតេជោបាន រំលឹកឡើងពីប្រវត្តិសាស្ត្រការតស៊ូ ជាមួយយុទ្ធមិត្ត ដើម្បីរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការតស៊ូមតិក្នុងរដ្ឋសភា ដើម្បីទាមទារសំឡេងពីរភាគបី នៅក្នុងរដ្ឋសភា និងគោលការណ៍៥០បូក១។
សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឲ្យដឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានតម្រូវឲ្យអ៊ុនតាក់គ្រប់គ្រងក្រសួងចំនួនប្រាំនៅកម្ពុជា ក្នុងនោះ មានក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងហិរញ្ញវត្ថុ ការពារជាតិ និងក្រសួងយុត្តិធម៌ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅពេលមានសភាពការណ៍កើតឡើង សម្ដេចហាក់ដូចជាមាននិស្ស័យពីអតីតជាតិ ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់។ មានសម្ដេច ទៀ បាញ់ ម្នាក់ប្រៀបដូចជាមានទាហានមួយកងពល មានការងារលំបាកៗ តែងមាន សម្តេចទៀ បាញ់ នៅជាមួយសម្ដេចជានិច្ច។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា បើនិយាយពីនយោបាយ ឈ្នះ-ឈ្នះ បើគ្មានសម្តេចពិជ័យសេនា ទៀ បាញ់ ទេ សម្ដេចមិនប្រាកដថា នឹងជោគជ័យ ឬអត់នោះទេ ដែលសម្តេចមានភាពនឹងនរ ក្នុងវិភាគសភាពការណ៍ ។
បន្ទាប់មក ក៏មានពិធីបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្ហបណ្ឌិត ម៉ែន សំអន ព្រមទាំងពិធីជូនដាច់ផ្កាពីក្រសួងស្ថាប័នសំខាន់ៗផងដែរ មាន ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរាជធានីខេត្តជាច្រើនទៀត ៕
ចែករំលែកព័តមាននេះ