ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានប្រកាសហើយលាចាកសិក្ខាបទយ៉ាងទាន់ហន់ ពោល គឺមុនពេលពិធីរៀបចំនៅវត្តប្រាសាទនាងខ្មៅ…
ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានប្រកាសហើយលាចាកសិក្ខាបទយ៉ាងទាន់ហន់ ពោល គឺមុនពេលពិធីរៀបចំនៅវត្តប្រាសាទនាងខ្មៅ ក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។ ការសម្រេចចិត្តនេះ បង្កការងឿងឆ្ងល់ ហើយភ្ញាក់ផ្អើល និងបង្កើតជាការបញ្ចេញទស្សនៈព្រមយោបល់ផ្សេងៗគ្នាជាច្រើន នៅលើបណ្តាញសង្គម ។

អ្នកខ្លះបានសម្តែងការសោកស្តាយ ខណៈខ្លះទៀតចាត់ទុកថា វាជាសិទ្ធិរបស់លោកជួន កក្កដា ។ ចំណែក លោក ជួន កក្កដា ផ្ទាល់ក៏សំណូមពរថា គេអាចមិនអើពើនឹងលោក ប៉ុន្តែសូមបន្តគាំទ្រដល់ព្រះពុទ្ធសាសនា ។ នៅក្នុងនាមជាព្រះភិក្ខុសង្ឃ ដែលមានចំណេះដឹងជ្រៅជ្រះខាងធម៌វិន័យ ព្រះភិក្ខុក៏ជាអ្នកដែលស្ទាត់ជំនាញ និងជាអ្នកដែលបង្កើតមាតិកា នៅលើបណ្តាញសង្គមដ៏ល្បីល្បាញមួយរូប ដែលតែងតែប្រើប្រាស់បណ្តាញសង្គម ជាពិសេស គឺហ្វេសបុកអប់រំប្រជាពលរដ្ឋខ្មែរចែករំលែកចំណេះដឹង ខាងពុទ្ធសាសនា និងចំណេះដឹងខាងសង្គមក៏ដូចជា វប្បធម៌ និងអរិយធម៌ខ្មែរដ៏ច្រើនមួយរូប ។

ការប្រកាសភ្លាមហើយលាចាកភ្លាមៗបែបនេះហើយ ទើបបានធ្វើឲ្យពុទ្ធសាសនិកជន និងអ្នកដែលគាំទ្រព្រះអង្គមានការភ្ញាក់ផ្អើល ។ ពួកគេធ្វើសេចក្តីសន្និដ្ឋានផ្សេងៗគ្នាទៅតាមការយល់ឃើញ តាមទឡ្ហីករណ៍រៀងៗខ្លួន ហើយខ្លះក៏បានសម្តែងការសោកស្តាយដែលពុទ្ធសាសនាបានបាត់បង់ធនធានមនុស្សម្នាក់បន្ថែមទៀត ។
ក្រោយប្រកាសភ្លាមពិធីលាចាកសិក្ខាបទរបស់ព្រះអង្គក៏បានរៀបចំនៅក្នុងថ្ងៃនោះភ្លាមៗដោយពិធីនោះ គឺរៀបចំឡើងក្រោមព្រះវត្តមានសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ។

សូមកុំទោមនស្ស ឬមានទុទិដ្ឋិនិយមចំពោះការសម្រេចចិត្តរបស់ព្រះអង្គ ជួន កក្កដា ពីព្រោះព្រះអង្គអស់បុណ្យជាព្រះសង្ឃដែលជាបុព្វជិតនេះត្រឹមតែប៉ុណ្ណឹង ។ ប៉ុន្តែទោះបីព្រះអង្គបានចាកចេញពីជីវភាពជាសង្ឃ ឬជាបុព្វជិតសាសនានៃយើងក៏ដោយក៏ព្រះអង្គនៅជាគ្រហស្ថដែលអាចបន្តរួមដំណើរនៅក្នុងការចូលរួមចំណែកអភិវឌ្ឈន៍ និងធ្វើឲ្យរីកចម្រើនដល់ពុទ្ធចក្រនៃយើងទាំងអស់គ្នាដដែលទេ គ្រាន់តែប្រែកាយមកជាមនុស្សសាមញ្ញដូចជា យើងទាំងអស់គ្នាប៉ុណ្ណោះ ។
បើនិយាយអំពីការសោកស្តាយ វាពិតជាពិបាកនិយាយ ប៉ុន្តែសង្ឃឹមថា បទពិសោធន៍ដែលលោក ជួន កក្កដា បានសន្សំនៅក្នុងអំឡុងពេលដែលលោកនៅជាបព្វជិត ដែលកាន់តំណែងសំខាន់ផ្សេងៗដូចជា ព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ និងនាយកសាលាពុទ្ធិកនាងខ្មៅនឹងអាចបន្តរួមជោគវាសនាជាមួយនឹងពលរដ្ឋ១៧លាននាក់ផ្សេងទៀតជួយអភិវឌ្ឍន៍ និងបម្រើសង្គមកម្ពុជាបន្ថែម ។

«អស់បុណ្យជាព្រះសង្ឃ» នេះជាហេតុផលរបស់លោក ជួន កក្កដា ដែលលោកបានពន្យល់ទៅកាន់ពុទ្ធបរិស័ទ្ធ ប្រជាពលរដ្ឋ ដែលតែងតែគោរពប្រតិបត្តិ និងចូលចិត្តស្ដាប់ធម៌វិន័យរបស់លោក នៅក្នុងវីដេអូជិត១២នាទី មុនលាចាកសិក្ខាបទ ។
លោក ជួន កក្កដា បានអស់បុណ្យជាសង្ឃ មួយថ្ងៃក្រោយពេលលោកបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍សង្គមជាតិពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ។ លោកបានសន្សែសន្សំចំណេះខាងពុទ្ធចក្រ និងអាណាចក្របានច្រើន ក្រោយពេលដែលបានបួសសាមណេរនៅវ័យ១៣ឆ្នាំ ក្នុងឆ្នាំ១៩៩៨ នៅវត្តវេឡុវ័ន្ត នាភូមិកំណើត នៅស្រុកត្រាំកក់ ហើយក៏បានបំពេញឧបសម្បទាជាភិក្ខុ ក្នុងពុទ្ធសីមា វត្តស្រែននោង រួចក៏បានសិក្សាបរិយត្តិធម្មវិន័យទាំង៣ថ្នាក់។ ចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០០៣ សិក្សានៅពុទ្ធិកបឋមសិក្សា វត្តប្រាសាទនាងខ្មៅ ។
បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតបឋម លោក ជួន កក្កដា បានបន្តចូលសិក្សានៅពុទ្ធិកវិទ្យាល័យ រ័ត្ន សារឿន នៅក្នុងវត្តមុនីសាគរ ហៅថា សំរោងអណ្ដែត រាជធានីភ្នំពេញ ចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩ ។ បើទោះស្ថិតក្នុងភេទជាបព្វជិត ក៏លោក ជួន កក្កដា បានបន្តសិក្សាដល់កម្រិតឧត្តមសិក្សា ពោល គឺបានបញ្ចប់ទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាកអនុបណ្ឌិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យ បៀលប្រាយ ។

បច្ចុប្បន្ន លោកជាបេក្ខជនបណ្ឌិត សិក្សានៅសាកលវិទ្យា អាស៊ីអឺរ៉ុប ហើយក៏ជាកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ជំនាញរដ្ឋបាលទូទៅសាលាភូមិន្ទរដ្ឋបាលថែមទៀត ។ និយាយចំទៅនៅក្នុងអំឡុងពេលគ្រងចីវរជាបព្វជិតព្រះពុទ្ធសាសនា អស់រយៈពេល២៧ឆ្នាំ បទពិសោធន៍នៃជីវិត និងសង្គម គឺមានច្រើន ដូច្នេះសង្ឃឹមថា ក្រោយពេលដែលលោកនៅក្នុងជីវភាពថ្មីជាគ្រហស្ថលោក ជួន កក្កដា នឹងបន្តជ្រះថ្លានៅក្នុងការជួយថែរក្សា និងលើកកម្ពស់ក៏ដូចជា ពូនជ្រុំពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋបន្តថែមទៀត ។
ការបួសហើយសឹករួចក៏មានអ្នកខ្លះបួសវិញ នៅក្នុងសង្គមយើងមានច្រើន ហើយ ព្រះពុទ្ធសាសនានៅកម្ពុជាក៏ដូចជា មិនមានធម្មវិន័យណាហាមប្រាមដែរ ។ ក្រៅពីនោះ ពុទ្ធសាសនាក៏មិនបានហាមគ្រហស្ថមិនអោយធ្វើសកម្មភាពលើកកម្ពស់ និងអភិវឌ្ឈន៍ព្រះពុទ្ធសាសនានៅក្នុងប្រទេសដែរ ។ នៅក្នុងជីវភាពជាគ្រហស្ថក៏អាចឲ្យលោកមានសិទ្ធិសេរីភាព និងជម្រើសខាងផ្លូវលោកទូលំទូលាយនៅក្នុងការកសាងមនុស្សធម៌ តាមលំអាន និងពុទ្ធឱវាទរបស់ព្រះពុទ្ធជាម្ចាស់ នៅក្នុងការធ្វើទាន និងកសាងកុសល ដើម្បីបុព្វហេតុមនុស្សធម៌ ការអភិវឌ្ឍ ក៏ដូចជា ការរីកចម្រើនរបស់ប្រទេសជាតិ ៕


ចែករំលែកព័តមាននេះ