ទីក្រុងវ៉ាសូវី៖ ប៉ូឡូញចង់ប្រែក្លាយព្រំដែនខាងកើតរបស់រដ្ឋជាសមាជិកអង្គការណាតូដែលជាប់នឹងប្រទេសរុស្ស៊ីទៅជាចម្ការមីន។ ប៉ូឡូញត្រៀមដកខ្លួនពី «សន្ធិសញ្ញាប្រឆាំងគ្រាប់មីន» ដើម្បីមានសិទ្ធិប្រើគ្រាប់មីនដោយស្របច្បាប់។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីសភាពការណ៍ប្រែប្រួល គួបផ្សំនឹងចរិតឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការផ្សាយរបស់កាសែតRMF24។
ការដែលប៉ូឡូញសម្រេចចិត្តដកខ្លួនថយពីអនុសញ្ញាទីក្រុងអូតាវ៉ានោះអាចល្មមគ្រប់គ្រាន់សម្រាប់មនុស្សទូទៅយល់បានថាអឺរ៉ុបកំពុងសម្លឹងឃើញរុស្ស៊ីជាប្រទេសឈ្លានពានមកលើខ្លួនកាន់តែខ្លាំង។ នេះគ្រាន់តែជាវិធានការបឋមៗតែប៉ុណ្ណោះសម្រាប់ទប់ទល់ជាមួយរុស្ស៊ីដែលប៉ូឡូញព្យាករថាទៅថ្ងៃអនាគតអាចនឹងមានជម្លោះប្រដាប់អាវុធជាមួយគ្នាជាមិនខាន។
ប៉ូឡូញចាប់ផ្ដើមរៀបជើងព្រួលជាបណ្ដើរៗហើយនៅក្នុងសេណារីយោដែលអាចផ្ទុះសង្គ្រាមលោកលើកទីបី។ ដូច្នេះប៉ូឡូញត្រៀមផ្សព្វផ្សាយគោលការណ៍ណែនាំស្ដីពីការជួយសង្គ្រោះអាយុជីវិតខ្លួនឯងនៅក្នុងគ្រាអាសន្ននាដំណាច់ឆ្នាំ២០២៥។ ប៉ូឡូញក៏កំពុងសាងសង់ខែលការពារព្រំដែនខាងកើតផងដែរ។ ក្រុមអ្នកតំណាងរាស្ត្រប៉ូឡូញចាត់ទុកថានេះជាប្រតិបត្តិការសឹកដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២។
នៅក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះ អ្នកសារព័ត៌មានសួរអនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញថា «តើប៉ូឡូញត្រូវតែដកខ្លួនពីសន្ធិសញ្ញាប្រឆាំងគ្រាប់មីនដែរឬទេ?»។ លោកឆ្លើយតបថាយើងគ្មានជម្រើសផ្សេងទេ។ លោកថាសភាពការណ៍នៅតាមព្រំដែនឈានដល់ដំណាក់កាលគ្រោះថ្នាក់ខ្លាំង។ លោកចង់និយាយសំដៅទៅលើតំបន់ព្រំដែនរវាងប៉ូឡូញ-បេឡារូស និងប៉ូឡូញ-រុស្ស៊ី។ លោកចាត់ទុកថាព្រំដែនទាំង២នេះជាធាតុផ្សំដ៏សំខាន់នៃផែនការសាងសង់ខែលការពារនៅភាគខាងកើត។
លោកយល់ថាឥឡូវនេះបេឡារូសប្រៀបដូចជាមនុស្សតែមួយជាមួយរុស្ស៊ីទៅហើយ។ នៅពេលលោកពូទីននិយាយអ្វី លោកលូកាសឹនកូ (ប្រធានាធិបតីបេឡារូស) ចាំតែថាតាម និងចាំតែធ្វើតាមតែប៉ុណ្ណោះ។ អនុរដ្ឋមន្ត្រីប៉ូឡូញរូបនេះបាននិយាយរំលឹកទៅដល់ថ្ងៃដែលរុស្ស៊ីវាយលុកចូលអ៊ុយក្រែនកាលពីឆ្នាំ២០២២គឺមានចំណុចចាប់ផ្ដើមចេញពីទឹកដីបេឡារូសនេះតែម្ដង។ បច្ចុប្បន្ននេះ ប៉ូឡូញគ្មានគ្រាប់មីននៅក្នុងដៃទេ។ ប៉ុន្តែប៉ូឡូញមានសមត្ថភាពអាចផលិតបាននាពេលអនាគត។
កាលពីថ្ងៃអង្គារ ប្រទេសសមាជិកអង្គការណាតូចំនួនបួនគឺប៉ូឡូញ ឡាតវី អេស្តូនី និងលីទុយអានី បានប្រកាសថាខ្លួននឹងដកខ្លួនពីសន្ធិសញ្ញាប្រឆាំងគ្រាប់មីន។ សន្ធិសញ្ញានេះបង្កើតឡើងដំបូងកាលពីឆ្នាំ១៩៩៧។ រហូតមកដល់ពេលនេះ ប្រទេសជាង១៦០បានផ្ដល់សច្ចាប័ន។ ប៉ុន្តែប្រទេសខ្លះមិនផ្ដល់សច្ចាប័នទេដោយសារហេតុផលសន្តិសុខជាតិ។ មានន័យថាពួកគេត្រូវការរក្សាទុកគ្រាប់មីន។ ឧទាហរណ៍ដូចជាអាមេរិក និងកូរ៉េខាងត្បូងមិនដែលបានផ្ដល់សច្ចាប័នម្ដងណាទេ។ ពួកគេត្រូវការរក្សាទុកមីនរាប់លានគ្រាប់នៅតំបន់គ្មានកងទ័ព (ព្រំដែនកូរ៉េទាំង២) ចាប់តាំងពីក្រោយសង្គ្រាមកូរ៉េ១៩៥០-៥៣៕
ចែករំលែកព័តមាននេះ