រាជធានីភ្នំពេញ ៖ ស្គាល់អត្តសញ្ញាណហើយ យុវសិស្សចំនួន៣នាក់ លង់ទឹកស្លា.ប់ ខណៈពេលដែលធ្វើដំណើរទៅលេងនៅក្បាលកោះដាច់ និងហែលទឹកលេងនៅតាមឆ្នេរខ្សាច់ ហើយធ្លាក់អន្លង់ជ្រៅ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅចំណុចឆ្នេរខ្សាច់ទន្លេមេគង្គ ដែលស្ថិតនៅកំពង់ដកោះដាច់ ពុកឬស្សី ក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្មេងស្រីដែលលង់ទឹកស្លា.ប់នោះ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា ទី១. ឈ្មោះ វិន ស្រីតា ភេទស្រី អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៃវិទ្យាល័យព្រែកក្របៅ ។ ទី២. ឈ្មោះហាន លីនដា ភេទស្រីអាយុ១៣ ឆ្នាំជាសិស្សថា្នក់ទី៨ ។ និង៣. ឈ្មោះ សុផា រតនា ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរសិស្ស ។ អ្នកទាំង៣នាក់ មានទីលំនៅភូមិព្រែកក្របៅ១ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
តាមព័ត៌មានឲ្យដឹងថា នៅវេលារសៀលថ្ងៃកើតហេតុ គេឃើញក្មេងស្រីជាសិស្សសាលា ចំនួន៧នាក់ បានជិះកង់ទៅលេងឆ្នេរខ្សាច់ក្បាលកោះដាច់ និងបានអង្គុយញ៉ាំអី និងផឹកទឹកត្នោតជូរ។ លុះក្រោយមក ក្មេងស្រីចំនួន៥នាក់នោះ ក៏បានចុះលេងទឹកទន្លេមេគង្គ ហើយបានធ្លាក់អន្លង់ជ្រៅ ផុតជើង ក៏លង់ទឹកជាបន្តបន្ទាប់ ។ ភ្លាមៗនោះ ក្មេងស្រី២នាក់ ដែលនៅខាងលើ ក៏បានឃើញ និងស្រែកឲ្យទូកនេសាទ ចេញទៅជួយស្រង់សង្គ្រោះបាន២នាក់ នៅសល់៣នាក់ទៀត ក៏លិចបាត់ ។
តាមព័ត៌មានឲ្យដឹងទៀតថា នៅវេលារសៀលនោះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ នៅក្នុងភូមិ និងអ្នកនេសាទ នាំគ្នាជួយរាវរកស.ពឃើញភ្លាមៗ ។
នៅរសៀលនេះដែរ នគរបាលមូលដ្ឋាន និងនគរបាលការរិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យសាកស.ព ហើយបានធ្វើការសន្និដ្ឋានថា ក្មេងស្រីរងគ្រោះទាំង៣ ស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ ស.ពត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិកំណើត ៕







ចែករំលែកព័តមាននេះ