ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស​បំបែក​កំណត់​ត្រា​ថ្លៃ​បំផុត​ថ្ងៃនេះ ៣,០៥៥​ដុល្លារ​ក្នុង​១​អោន ឬ ៣,៦៨០​ដុល្លារ​ក្នុង​១​តម្លឹង

17 ម៉ោង មុន

អន្តរជាតិ ៖ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuter បាន​រាយការណ៍​ថា តម្លៃ​មាស​អន្តរជាតិ​បាន​បន្ត​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​គ្រប់ពេល​សា​ជា​ថ្មី​ទៀត​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៥ ក្នុង​តម្លៃ​មិន​ធ្លាប់​មាន​ពី​មុន…

អន្តរជាតិ ៖ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuter បាន​រាយការណ៍​ថា តម្លៃ​មាស​អន្តរជាតិ​បាន​បន្ត​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​គ្រប់ពេល​សា​ជា​ថ្មី​ទៀត​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៥ ក្នុង​តម្លៃ​មិន​ធ្លាប់​មាន​ពី​មុន ៣,០៥៥​ដុល្លារ​ក្នុង​១​អោន ឬ ៣,៦៨០​ដុល្លារ​ក្នុង​១​តម្លឹង ខណៈ​ដែល​ធនាគារកណ្តាល​អា​មេ​រិ​កបាន​ចេញ​ការ​ណែនាំ​អំពី​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ចំនួន​២​លើក ដែល​អាច​កើត​មាននៅ​ឆ្នាំ​នេះ ព្រមទាំង​ការ​ជំរុញ​ចំ​ពេល​មាន​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​ពិភពលោក ដែល​កំពុង​តែ​បន្ត​។

គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង​១២:០០​នាទី​ថ្ងៃត្រង់ តម្លៃ​មាស​អន្តរជាតិ​ស្ថិត​ក្នុង​តម្លៃ ៣,០៥០​ដុល្លារ​ក្នុង​១​អោន ឬ ៣,៦៧៥​ដុល្លារ​ក្នុង​១​តម្លឹង បន្ទាប់​ពី​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​គ្រប់ពេល ៣,០៥៥​ដុល្លារ​ក្នុង​១​អោន ឬ ៣,៦៨០​ដុល្លារ​ក្នុង​១​តម្លឹង​។ តម្លៃ​មាស​បាន​ទម្លុះ​រនាំង ៣,០០០​ដុល្លារ​ក្នុង​១​អោន​ជា​លើក​ដំបូង កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៥​។

តម្លៃ​មាស​ត្រូវ​បាន​ជំរុញ​ដោយ​ស្ថានភាព​ទីផ្សារ​ពាណិជ្ជកម្ម​មិន​ច្បាស់លាស់​ជា​ច្រើន នៅ​ជុំវិញ​ពិភពលោក គួប​ផ្សំ​នឹង​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ រួម​ទាំង​កត្តា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​មាន​សញ្ញា​ចុះ​ខ្សោយ និង​ការ​រំពឹង​ទុក​ថា អត្រា​ការ​ប្រាក់​នឹង​ត្រូវ​បាន​កាត់​បន្ថយ​នៅ​ពេល​ក្រោយ បន្ទាប់​ពី​ធនាគារកណ្តាល​អា​មេ​រិ​កបាន​រក្សា​អត្រា​គោល​របស់​ខ្លួន​នៅ​ក្នុង​កម្រិត​ពី ៤.២៥%-៤.៥០% កាលពី​ថ្ងៃ​ពុធ​។ អ្នក​បង្កើត​គោលនយោបាយ​បាន​រំពឹង​ថា ធនាគារកណ្តាល​អា​មេ​រិ​ក​នឹង​ផ្តល់​នូវ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ចំនួន​២​លើក​នៅ​ចុងឆ្នាំ​នេះ ខណៈ​ដែល​តម្លៃ​មាស​តែងតែ​ងើបឡើង​នៅ​ពេល​អត្រា​ការ​ប្រាក់​ទាប​។

លោក Jerome Powell ប្រធាន​ធនាគារកណ្តាល​អា​មេ​រិ​កបាន​ថ្លែង​ថា គោលនយោបាយ​ដំបូង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) រួម​ទាំង​ពន្ធ​នាំ​ចូល​ផង​នោះ ហាក់ដូចជា​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​មាន​កំណើន​យឺត ហើយ​យ៉ាង​ហោច​ណាស់​អាច​បង្កើត​អតិផរណា​ខ្ពស់​ជា​បណ្ដោះអាសន្ន​។

ពន្ធ​នាំ​ចូល​របស់​លោក ត្រាំ ដែល​នាំ​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​ពាណិជ្ជកម្ម​សកល​ត្រូវ​បាន​គិត​ថា​អាច​បង្កើត​ជា​អតិផរណា និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​អា​មេ​រិ​ក​។ ភាព​មិន​ប្រាកដប្រជា​សង្គ្រាម​ពន្ធ លទ្ធភាព​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក និង​ការ​បន្ត​ភាព​តានតឹង​នៅ​តំបន់​មជ្ឈិមបូព៌ា​បាន​រួមចំណែក​ដល់​តម្រូវការ​មាស​កាន់តែ​ខ្លាំង​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ