ពលរដ្ឋកម្ពុជាដែលកំពុងតែប្រើប្រាស់ ឬលេងបណ្តាញសង្គម មានរាប់សិបលាននាក់មានតាំងហ្វេសបុក តេឡេក្រាម តិកតក់ យូធូប ជាដើម ប៉ុន្តែអ្នកខ្លះនៅពេលនេះ បានបុណ្យបានសក្តិ ។…
ពលរដ្ឋកម្ពុជាដែលកំពុងតែប្រើប្រាស់ ឬលេងបណ្តាញសង្គម មានរាប់សិបលាននាក់មានតាំងហ្វេសបុក តេឡេក្រាម តិកតក់ យូធូប ជាដើម ប៉ុន្តែអ្នកខ្លះនៅពេលនេះ បានបុណ្យបានសក្តិ ។ ខ្លះបានទ្រព្យសម្បត្តិហូរហៀរ។ ខ្លះក៏ធម្មតាតាមវដ្តនៃជីវិត ប៉ុន្តែអ្នកខ្លះបែរជាជាប់គុកច្រវាក់ទៅវិញ ។
ករណីជាប់គុកច្រវាក់នេះ គឺមានច្រើនគួរសមដែរហើយនៅពេលនេះ ។ អ្នកដែលលេងបណ្តាញសង្គម ហើយមានពិរុទ្ធ គឺក្រុមអ្នកដែលចូលចិត្តលេងរឿងនយោបាយ លេងរបៀបបញ្ឈឺ និងបញ្ឆិតបញ្ឆៀងមេដឹកនាំ លេង ដើម្បីធ្វើសកម្មភាព ឬបម្រើយុទ្ធនាការដែលមានចេតនាបង្កបញ្ហាអស្ថេរភាពសង្គម ។

ករណីជាក់ស្តែង គឺបុរសម្នាក់អាយុ៣៥ឆ្នាំ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានមុខរបរលក់ចាប់ហួយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ។ ក្រោយពេលដែលបុរសរូបនេះបានប្រើប្រាស់គណនីហ្វេសបុកមួយ ដែលដាក់ឈ្មោះផ្សេងខុសពីឈ្មោះខ្លួនឯង ហើយបង្ហោះនូវព័ត៌មានដែលមានលក្ខណៈដៀមដាមដោយធ្វើការប្រៀបធៀបអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទែតេ ក្រោយពេលលោកត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។
កុំស្មានថា គេមិនដឹង ហើយកុំស្មានថា ការមិនដាក់ឈ្មោះខ្លួនឯងអាជ្ញាធរមិនអាចរកអត្តសញ្ញាណឃើញឲ្យសោះ ។ អ្នកបច្ចេកទេសគេអាចប្រើប្រាស់បច្ចេកវិទ្យាដែលអាចដឹងគ្រប់យ៉ាងឲ្យតែគេចង់បាន ។ គួបផ្សំយើងមានចំណេះដឹង និងបំណិនខាងបច្ចេកវិទ្យាឌីជីថលនេះខ្សោយផង គឺងាយរងគ្រោះបំផុតចំពោះការលេងបែបនេះ ។
ជោគវាសនាបុរសម្នាក់នេះ មិនត្រូវបានដឹងនៅឡើយ ដោយគេគ្រាន់តែដឹងថា ក្រោយការបង្ហោះនូវអ្វីដែលមានលក្ខណៈ និងចរិតនយោបាយបែបនេះ បុរសរូបនោះត្រូវបានសមត្ថកិច្ចឃាត់ហើយបញ្ជូនមករាជធានីភ្នំពេញ និងត្រូវបានកសាងសំណុំឯកសារបញ្ជូនទៅតុលាការហើយនៅពេលនេះ ។

កុំលលេងផ្តេសផ្តាស ! ការលេងបណ្តាញសង្គមបច្ចុប្បន្ននេះពិតជារសើបណាស់ ជាពិសេសការលេងអ្វីដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់អ្នកដទៃ ។ ការលេងបណ្តាញសង្គមរបៀបបែបនេះមិនចំរើនទេ គឺមានតែមានទុក្ខទោសប៉ុណ្ណោះ ។
ដើម្បីលេងបណ្តាញសង្គមឲ្យមានសុវត្ថិភាព ជាពិសេសចំពោះការនិយាយស្តី គឺគួរតែប្រុងប្រយ័ត្នហើយត្រូវច្បាស់លាស់ ដើម្បីឲ្យប្រាកដថា អ្វីដែលយើងចែករំលែកមិនខុសច្បាប់ ។ នៅមុនពេលចុច Like ចុចShare ចុចcomment ទៅលើអ្វីមួយ គឺចាំបាច់ត្រូវតែដឹងហើយប្រុងប្រយ័ត្ននូវអត្ថន័យ និងអត្ថរសនៃសំណេរ ឬក៏សំឡេង ឬក៏វីដេអូ ។ នៅមុនពេលចង់បង្ហោះឬផ្សព្វផ្សាយនូវអ្វីមួយចាំបាច់ ត្រូវគិត និងពិចារណាអោយបានច្បាស់លាស់ ហើយក៏ត្រូវតែជៀសវាងខ្លឹមសារចម្រូងចម្រាស ឬបង្កគ្រោះថ្នាក់ ។
ដោយឡែក ប្រសិនបើចង់ធ្វើខ្លួនឲ្យល្បី ឬក៏អាចនឹងស្វែងរកលាភសក្ការៈពីលើបណ្តាញសង្គម គឺចាំបាច់ត្រូវដឹងក្រុមគោលដៅដែលចង់ ហើយព្យាយាមស្វះស្វែងរកអ្វីដែលប្លែក គេចាប់អារម្មណ៍ ប៉ុន្តែមិនមានពិរុទ្ធ ។ ហើយអ្នកក៏ត្រូវតែស្វែងរក និងតភ្ជាប់ក៏ដូចជា បង្កើតបណ្តាញភ្ជាប់ជាមួយអ្នកជំនាញ និងបុគ្គលដែលមានគំនិតដូចគ្នា ។
អ្នកក៏ត្រូវតែទាមទារការសិក្សាពីនិន្នាការ និងការចង់ដឹងរបស់សាធារណជននិយាយឲ្យស្រួលស្តាប់ទៅ គឺអាចធ្វើបច្ចុប្បន្នភាពនៃការផ្សព្វផ្សាយ ហើយក៏អាចនឹងបង្កើត និងព្យាយាមបង្ហាញពីសក្តានុពលរបសខ្លួនទៅកាន់សាធារណជន ដើម្បីឲ្យគេដឹងគេស្គាល់ និង ចង់សាកល្បងជាមួយនឹងទស្សនៈ និងគំនិតថ្មីៗរបស់យើង ។

នៅក្នុងករណីយើងចង់ផ្សព្វផ្សាយលើកតម្កើងនូវខ្លួនយើងចាំបាច់ត្រូវធ្វើប្រវត្តិរូប និងព្យាយាមបង្ហាញវត្តមានរបស់យើងនៅលើបណ្តាញសង្គមឲ្យបានញឹកញាប់ដែលវាតម្រូវឲ្យយើងចេញកសាងសាវតារបស់យើងកាន់តែប្រសើរឡើង ។
សរុបសេចក្តីទៅ ចង់ល្បីហើយបានផលពីបណ្តាញសង្គម គឺត្រូវចេះ និងដឹងអំពីចំណង់ចំណូលចិត្តរបស់សាធារណជន ចេះផ្សព្វផ្សាយធ្វើការលើកកម្ពស់ខ្លួនយើង ចេះគ្រប់គ្រងនិងចេញចែកចាយព័ត៌មាន ប៉ុន្តែសូមប្រយ័ត្ននៅពេលសម្រេចចិត្តផ្សាយអំពីសាសនា វប្បធម៌ នយោបាយ ហើយជាពិសេស គឺសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈពីព្រោះវាជារឿងរសើប និងមានចែងក្នុងច្បាប់ ៕
ចែករំលែកព័តមាននេះ