ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំបញ្ជាក់ច្បាស់ៗនៅថ្ងៃនេះថាការផ្ដល់ជំនួយយោធា និងព័ត៌មានសម្ងាត់សម្រាប់អ៊ុយក្រែននៅតែបន្តធ្វើដោយគ្មានការដកថយ ឬបន្ធូរដៃឡើយ។ លោកថ្លែងថានៅក្នុងការសន្ទនាគ្នាជាមួយលោកពូទីនកាលពីយប់មិញគ្មានការជជែកគ្នាអំពីបញ្ហាជំនួយសម្រាប់អ៊ុយក្រែនទេ។ លោកថ្លែងដូច្នេះនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ហ្វក់ (Fox)។
ការថ្លែងដូច្នេះដើម្បីឆ្លើយតបទៅនឹងអ្វីដែលវិមានក្រឹមឡាំងលើកឡើងថា «លោកពូទីនប្រាប់លោកត្រាំថាដើម្បីទប់ស្កាត់មិនឱ្យសង្គ្រាមឆាបឆេះតទៅទៀត និងដើម្បីឱ្យមានដំណោះស្រាយនយោបាយ និងការទូតលុះត្រាតែឈប់ផ្ដល់ជំនួយយោធា និងព័ត៌មានសម្ងាត់ទៅឱ្យអ៊ុយក្រែន»។ អ្នកវិភាគយល់ថាការនិយាយផ្ទុយគ្នារវាងត្រាំ និងក្រឹមឡាំងជាការបង្ហាញទិដ្ឋភាព២យ៉ាងសំខាន់ៗ។ ទី១-វាបង្ហាញថាត្រាំ និងពូទីនមិនទាន់មានជំហរស្របទិសដៅគ្នានៅឡើយទេ និងទី២-វាជាការបង្ហាញពីទិដ្ឋភាពនយោបាយដ៏ស្មុគស្មាញក្នុងការចរចាគ្នា។ ភាគីទាំង២ត្រូវតែជ្រើសរើសយកការប្រយុទ្ធគ្នាផង និងចរចាគ្នាផង។
អាចនិយាយបានថាបើលោកពូទីនពិតជាបាននិយាយដូច្នេះមែនក៏ត្រាំអាចនឹងបង្វែរទៅនិយាយអំពីរឿងអ្វីផ្សេង។ វាអាចជាអន្ទាក់ដែលលោកពូទីនជន្លចិត្តលោកត្រាំ។ លោកត្រាំខ្លួនឯងក៏ដឹងច្បាស់ថាបើសិនអាមេរិក និងអឺរ៉ុបឈប់ផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែនតាមការចង់បានរបស់លោកពូទីន ពេលនោះរុស្ស៊ីកាន់តែមានប្រៀបខ្លាំងមែនទែននៅក្នុងសមរភូមិយោធា។ ដូច្នេះនៅក្នុងសមរភូមិនយោបាយ និងការទូត អាមេរិកក៏គ្មានអ្វីសម្រាប់យកទៅតថ្លៃជាមួយរុស្ស៊ីដែរនៅក្នុងការចរចាគ្នា។
អាមេរិក និងរុស្ស៊ីបង្ហាញបំណងប្រាថ្នារួមគ្នាថាចង់បញ្ចប់សង្គ្រាម។ ប៉ុន្តែភាសានិយាយផ្សេងគ្នា។ យោងតាមការចេញសេចក្ដីថ្លែងការណ៍រៀងៗខ្លួនក្រោយការសន្ទនាគ្នា គេអាចដឹងថាមានចំណុចខ្វែងគំនិតគ្នាជាច្រើន។ ជាពិសេស ពាក់ព័ន្ធនឹងវិសាលភាពនៃបទឈប់បាញ់ និងលក្ខខណ្ឌនៃបទឈប់បាញ់។ យោងតាមវិមានក្រឹមឡាំង លោកពូទីនបានដាក់លក្ខខណ្ឌថាបើចង់មានដំណោះស្រាយជាអចិន្ត្រៃយ៍លុះត្រាតែប្រទេសដទៃឈប់ផ្ដល់ជំនួយយោធា និងព័ត៌មានសម្ងាត់ទៅឱ្យទីក្រុងកៀវ។
ដោយឡែក លោកត្រាំប្រាប់ទូរទស្សន៍ហ្វក់ថាគ្មានការនិយាយពាក់ព័ន្ធនឹងជំនួយយោធាសម្រាប់អ៊ុយក្រែនទាល់តែសោះ។ វិមានក្រឹមឡាំងថ្លែងថាលោកពូទីនទាមទារឱ្យឈប់ផ្ដល់ជំនួយយោធាជាបន្ទាន់ទៅអ៊ុយក្រែនបើចង់ឱ្យលោកទទួលយកកិច្ចព្រមព្រៀងជាច្រើនដំណាក់កាលទៅមុខទៀត។ ផ្ទុយទៅវិញ លោកត្រាំថាលោកពូទីនមិនបាននិយាយអំពីចំណុចនេះទេ។ លោកទទួលស្គាល់ថានៅក្នុងការសន្ទនាគ្នានោះនិយាយអំពីប្រធានបទជាច្រើន។ ប៉ុន្តែគ្មាននិយាយអំពីជំនួយយោធាទេ។
នៅក្នុងការសន្ទនាគ្នានោះ លោកពូទីនឯកភាពទទួលយកបទឈប់បាញ់រយៈពេល៣០ថ្ងៃដើម្បីផ្អាកវាយប្រហារគ្នារវាងរុស្ស៊ី និងអ៊ុយក្រែនទៅលើទីតាំងផលិតថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។ មានន័យថាផ្ទុយពីបំណងរបស់ទីក្រុងកៀវ, វ៉ាស៊ីនតោន និងអឺរ៉ុបដែលចង់បានបទឈប់បាញ់ដ៏ពេញលេញ១ (លែងផ្ទុះអាវុធតទៅទៀត)។ រុស្ស៊ីក៏ទាមទារឱ្យអ៊ុយក្រែនធ្វើសម្បទានផងដែរដូចជាមិនត្រូវចូលជាសមាជិកអង្គការណាតូ និងត្រូវរក្សាទុកការប្រើប្រាស់ភាសារុស្ស៊ី និងវប្បធម៌រុស្ស៊ីនៅអ៊ុយក្រែន។
ការបញ្ចេញប្រតិកម្មតបទៅនឹងការសន្ទនាគ្នា
លោកហ្សេឡិនស្គីបានធ្វើសន្និសីទសារព័ត៌មានក្រោយការសន្ទនាគ្នា។ លោកចង់ឱ្យប្រទេសទាំង២លាតត្រដាងការសន្ទនាគ្នានោះដោយតម្លៃភាពដើម្បីឱ្យអស់ចិត្តទាំងអស់គ្នា។ ប៉ុន្តែហោចណាស់ការដែលលោកពូទីនយល់ព្រមឈប់បាញ់គ្នាដោយផ្នែកនោះអាចចាត់ទុកថាជាសញ្ញាវិជ្ជមានមួយហើយ។ លោកថ្លែងបន្តទៀតថារុស្ស៊ី និងអ៊ុយក្រែនជាតួអង្គសំខាន់នៅក្នុងសង្គ្រាមនេះ។ ដូច្នេះ លោកយល់ថាការចរចាណាមួយដែលគ្មានចំណែកអ៊ុយក្រែនចូលរួមមិនអាចយកជាការបានទេ។
លោកឌីមីទ្រី មេតវេដេវ ដែលជាអតីតប្រធានាធិបតីរុស្ស៊ី និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីក៏បញ្ចេញប្រតិកម្មតបទៅនឹងការសន្ទនាគ្នានេះផងដែរ។ លោកបង្ហោះនៅលើបណ្ដាញអ៊ិចថា «ការសន្ទនាគ្នាតាមទូរស័ព្ទតែ២នាក់ដូច្នេះជាការបង្ហាញថានៅទីបញ្ចប់តួអង្គសំខាន់មានតែ២នាក់ប៉ុណ្ណោះដែលអង្គុយញ៉ាំអាហារជាមួយគ្នា។ នៅក្នុងបញ្ជីមុខម្ហូបនោះគឺ៖ គ្រឿងក្លែមមួយចំនួនដូចជា៖ សណ្ដែកបណ្ដុះរបស់ប្រ៊ុចសែល (សំដៅលើសហភាពអឺរ៉ុប), ត្រី និងដំឡូងចៀនរបស់អង់គ្លេស និងមានគកបារាំង»។ នេះបើយោងតាមការផ្សាយរបស់ទស្សនាវដ្ដីញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ