រាជធានីភ្នំពេញ ៖ លោក Gagan Malik តារាបូលីវូត ដែលមានប្រជាប្រិយសម្តែងជាតួព្រះពុទ្ធរបស់ប្រទេសឥណ្ឌា មានបំណងជួយផ្សព្វផ្សាយវិស័យទេសចរណ៍វប្បធម៌ និងវិស័យទេសចរណ៍សាសនា របស់កម្ពុជា ។
ការបង្ហាញបំណងរបស់តារាបូលីវូតរូបនេះ ខណៈឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឲ្យលោក Gagan Malik តារាបូលីវូត ដែលមានប្រជាប្រិយ សម្តែងជាតួព្រះពុទ្ធ ចូលជួបសម្តែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។
ក្នុងឱកាសបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា លោក Gagan Malik បានបង្ហាញពីការចាប់អារម្មណ៏ ចំពោះវិស័យព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើង អំពីគោលបំណង នៃដំណើរទស្សនកិច្ចមកកាន់កម្ពុជា នាឱកាសនេះ គឺ ៖
១. ដើម្បីជួយផ្សព្វផ្សាយវិស័យទេសចរណ៍វប្បធម៌ និងវិស័យទេសចរណ៍សាសនាជាដើម ។
២. សំណើសុំកិច្ចសហប្រតិបត្តិការជាមួយក្រសួងធម្មការនិងសាសនាលើការសិក្សា ព្រះសង្ឃ តាជីយាយជី ពិសេសសមាធិ ។
៣. សំណើសុំដង្ហែព្រះសារីរឹកធាតុព្រះពុទ្ធជាម្ចាស់ ពីកម្ពុជាយកទៅតំកល់នៅប្រទេសឥណ្ឌា ដើម្បីគោរពបូជា ជាការបញ្ជាក់បង្ហាញពីចំណងទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌា និងដើម្បីផ្សព្វផ្សាយព្រះសារីរឹកធាតុព្រះពុទ្ធជាម្ចាស់របស់ប្រទេសកម្ពុជាទៅកាន់ប្រជាជនឥណ្ឌាដែលចង់មកទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យពុទ្ធសាសនានៅកម្ពុជាកាន់តែទូលំទូលាយ ។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា សូមអរគុណដល់លោក Gagan Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) បានផ្ញើសារអំពីភាពសម្បូរបែប នៃទេសចរណ៍កម្ពុជា និងបង្ហាញពីកត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរក្សាបាននូវវប្បធម៌ដ៏សម្បូរបែប បង្ហាញពីសង្គមពិតជាក់ស្តែងនៅកម្ពុជា ជាពិសេសអំពីទេសចរដែលកំពុងមកទស្សនាកំសាន្តប្រកបដោយសុខសុវត្ថិភាព ជូនដល់ពិភពលោក ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោមគោលនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដ៏ឈ្លាសវៃនិងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ ប្រទេសទទួលបានសន្តិភាពពេញលេញ និងបានបើកទូលាយឲ្យមា នសេរីភាពលើ ជំនឿសាសនារៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសាសនា និងសង្គម។
លោក រដ្ឋមន្ត្រី សង្ឃឹមថា លោក Gagan Malik ជួយផ្សព្វផ្សាយបន្ថែម ពីសមិទ្ធផលរបស់ប្រទេសកម្ពុជា ពីវិស័យសាសនា វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យបរិស្ថាន ទៅប្រទេសឥណ្ឌា និងពិភពលោក កាន់តែបានដឹងច្បាស់ពីកម្ពុជា ៕


ចែករំលែកព័តមាននេះ