ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ នាយកសាលាពុទ្ធិកប្រាសាទ​នាងខ្មៅ​លាចាកសិក្ខាបទ​

19 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ ព្រះ​ធម្ម​វិជ្ជា ជួន កក្កដា ព្រះ​វិន័យ​ធម៌​គណ​ខេត្តតាកែវ និង​ជា​ព្រឹទ្ធបុរស​រង​នៃ​ពុទ្ធិក​សកល​វិទ្យាល័យ​ព្រះ​សីហ​នុ​រាជ នាយក​សាលា​ពុទ្ធិកបឋមសិក្សា​ប្រាសាទនាងខ្មៅ បាន​លាចាក​សិក្ខាបទ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា…

ខេត្តតាកែវ ៖ ព្រះ​ធម្ម​វិជ្ជា ជួន កក្កដា ព្រះ​វិន័យ​ធម៌​គណ​ខេត្តតាកែវ និង​ជា​ព្រឹទ្ធបុរស​រង​នៃ​ពុទ្ធិក​សកល​វិទ្យាល័យ​ព្រះ​សីហ​នុ​រាជ នាយក​សាលា​ពុទ្ធិកបឋមសិក្សា​ប្រាសាទនាងខ្មៅ បាន​លាចាក​សិក្ខាបទ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៥​នេះ ។

ព្រះ​ធម្ម​វិជ្ជា ជួន កក្កដា បាន​សាង​ផ្នួស​ជា​សង្ឃ​ក្នុង​វ័យ​១៣​ឆ្នាំ កាលពី​ឆ្នាំ​១៩៩៨ ដែល​មក​ដល់​ពេល​នេះ​មាន​រយៈពេល​២៧​ឆ្នាំ​ហើយ ។ ជា​ទូទៅ​ព្រះ​អង្គ​ត្រូវ​បាន​គេ​ស្គាល់​ថា​មុត​ស្រួច​ណាស់ ជាមួយ​ដៃគូ​ព្រះ​អង្គ​ក្នុង​ការ​ទេសនា​គ្រែ​២​ជាមួយ​ព្រះ​អង្គ ភិន វុ​ទ្ធី ចៅអធិការ​វត្ត​ប្រាសាទនាងខ្មៅ ។
ក្នុង​ពិធី​លាចាក​សិក្ខាបទ​នេះ ក៏​មានការ​និមន្ត​ចូលរួម​ពី​គណសង្ឃ​ជាន់ខ្ពស់​ជា​ច្រើន​អង្គ បាន​ស្រោច​ព្រះ​សុគន្ធវារី​នៅ​មុខ​ប្រាសាទនាងខ្មៅ មុន​ពេល​ផ្លាស់​ប្ដូរ​ពី​ការ​ស្លៀកពាក់​ចីវរ​មក​ស្លៀកពាក់​ស​ពានា​ក្រមា ។

លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ពុទ្ធសាសនិក ដែល​តែង​ស្តាប់ធម៌​ទេសនា​របស់​អតីត​ព្រះ​តេជគុណ ជួន កក្កដា ជា​អតីត​ព្រះ​អង្គ​មុនី​បា​លោ ជួន កក្កដា បាន​ចំណាយ​ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ជួយ​ដល់​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​កន្លង​មកនេះ ជួយ​ក្នុង​ការ​អប់រំ​តាម​រយៈ​ឱវាទ​របស់​ព្រះពុទ្ធ ។

លោក​ជំទាវ​ស្ត្រី​ទី​១ បាន​ដាក់​ក្ដី​រំពឹង​ថា លោក ជួន កក្កដា ក្នុង​ភេទ​ជា​គ្រហស្ថ ក៏​នៅ​តែ​ជួយ​ដល់​ព្រះពុទ្ធ​សាសនា បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ជា​ពលរដ្ឋ​ជួយ​ដល់​សង្គម​កម្ពុជា ជា​ពិសេស គឺ​ការ​អប់រំ​យុវជន យុវតី​ជំនាន់​ក្រោយ ឱ្យ​មាន​សីលធម៌ សុជីវធម៌ មេត្តាធម៌ និង​គុណធម៌ ។ លោក​ជំទាវ​ក៏​សូម​ជូនពរ​លោក ជួន កក្កដា ឱ្យ​មានសំណាង​ល្អ​ក្នុង​ភាព​ជា​គ្រហស្ថ ។

ចំណែក​លោក​ឧ​ញ៉ា ម៉ុង ឫ​ទ្ធី បាន​សម្ដែង​អារម្មណ៍​សោកស្ដាយ​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន ក្រោយ​ព្រះ​អង្គ​គ្រូ ជួន កក្កដា បាន​លាចាក​សិក្ខាបទ ដោយ​បាន​បង្ហោះ​សារ​ថា ពុទ្ធបរិស័ទ​ដែល​មក​ចូលរួម​ក្នុង​ពិធី​នេះ រួម​ទាំង​ខ្ញុំ​ផង ពិតជា​មានការ​សោកស្ដាយ​ណាស់ រហូត​ស្រុះស្រួល​គ្នា​ប្រមូល​បច្ច័យ​យក​ទៅ​កួច​ជា​ចំណងដៃ​ថែម​ទៀត​ផង ។

គេ​នៅ​ចាំ​សង្ឃដីកា​របស់​ព្រះ​អង្គ ជួន កក្កដា ខណៈ​ដែល​ព្រះ​អង្គ សាន សុ​ជា លាចាក​សិក្ខាបទ​នោះ មាន​ពុទ្ធបរិស័ទ​សុំ​ព្រះ​អង្គ​កុំ​សឹក ហើយ​អ្នកខ្លះ​ក៏​ឆ្ងល់​ថា ព្រះ​អង្គ សាន សុ​ជា សឹក​ហើយ​ទៅ​ណា ? ព្រះ​អង្គ​មាន​សង្ឃដីកា​ថា កុំ​ឆ្ងល់ សឹក​ការ​ប្រពន្ធ បើ​មិន​ការ​ប្រពន្ធ​សឹក​ធ្វើ​អី ?


ព្រះ​អង្គ ជួន កក្កដា បាន​ជួយ​ដល់​នេន​គ្មាន​ទីពឹង​រាប់រយ​អង្គ
វត្ត​ប្រាសាទនាងខ្មៅ មិន​ត្រឹមតែ​ជាទី​កន្លែង​ស្នាក់​អាស្រ័យ​សម្រាប់​ព្រះសង្ឃ និង​ជាទី​កន្លែង​សម្រាប់​ធ្វើបុណ្យ​ទាន​របស់​ពុទ្ធបរិស័ទ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជាទី​កន្លែង​ផ្តល់​ការ​រៀនសូត្រ ដល់​កូន​នេន​តូច​ៗ​ជា​កូន​កសិករ​ក្រីក្រ​រាប់រយ​អង្គ​ផង​ដែរ ។

បច្ចុប្បន្ន​វត្ត​ប្រាសាទនាងខ្មៅ មាន​ព្រះសង្ឃ​គង់នៅ​ចំនួន ៣៤៥​អង្គ ដែល​ភាគច្រើន​គឺជា​កុមារ​គ្មាន​ទីពឹង ។ ដោយសារ​តែ​មាន​ព្រះសង្ឃ​គង់នៅ​ច្រើន​បែប​នេះ ទើប​វត្ត​ត្រូវ​ចំណាយ​អង្ករ​ដល់ ១៥០​គីឡូក្រាម​សម្រាប់​ចង្ហាន់​ពេល​ព្រឹក ថ្ងៃត្រង់ និង​ត្រូវ​ចំណាយ​ថវិកា​ធ្វើ​ម្ហូប​ចន្លោះ​ពី ២​លាន ៥០​ម៉ឺន​រៀល​ទៅ ២​លាន ៦០​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ។ ព្រះសង្ឃ​ចំនួន ៣៤៥​អង្គ គឺ​មាន​ព្រះ​ជន្ម​ចន្លោះ​ពី​៥​ឆ្នាំទៅ​២០​ឆ្នាំ កំពុង​ស្នាក់​នៅ​សិក្សា​រៀនសូត្រ​នៅ​ក្នុង​វត្ត​ប្រាសាទនាងខ្មៅ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ចារ ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ ។

ព្រះ​អង្គ ជួន កក្កដា ជា​ព្រះ​វិន័យ​ធម៌​គណ​ខេត្តតាកែវ និង​ជានា​យក​វិទ្យុ​ត្រៃរ័ត្ន នៅ​ក្នុង​វត្ត​ប្រាសាទនាងខ្មៅ មាន​ថេរ​ដីកា​ថា បច្ចុប្បន្ន​វត្ត​ប្រាសាទនាងខ្មៅ មាន​ភិក្ខុ​និង​លោក​នេន​ចំនួន ៣៤៥​អង្គ​គង់នៅ​ដើម្បី​សិក្សា​រៀនសូត្រ ដែល​មាន​ព្រះ​សង្ឃា​ភិ​រ័​ត្ន ភិន វុ​ទ្ធី ជា​ព្រះ​ចៅអធិការ​វត្ត ។ ភិក្ខុ​និង​លោក​នេន​ទាំងនោះ សុទ្ធតែ​ជា​ក្មេង​មក​ពី​គ្រួសារ​ទីទ័ល​ក្រ ក្មេង​ដែល​ត្រូវ​ឪពុក​ម្តាយ​លែងលះ​គ្នា ហើយ​មក​ពី​ទី​ជិត​ឆ្ងាយ​ទាំង​២៥​ខេត្ត​-​រាជធានី ។

ព្រះ​អង្គ​បន្ត​ថា មូលហេតុ​ដែល​មាន​ក្មេង​ៗ​មក​បួស​ច្រើន​នេះ ដោយសារ​ពុទ្ធ​បរិ​ស័​ទ្ធ​ជិត​ឆ្ងាយ​ដឹង​ថា ព្រះ​អង្គ​គង់នៅ​វត្ត​ប្រាសាទនាងខ្មៅ និង​ដឹង​ត​ៗ​គ្នា​តាម​រយៈ​ការ​ទេសនា​របស់​ព្រះ​អង្គ និង​ការ​ទេសនា​របស់​ព្រះ​សង្ឃា​ភិ​រ្ន័ ភិន វុ​ទ្ធី ជា​ព្រះ​ចៅអធិការ​វត្ត ។ ចំពោះ​ការ​សិក្សា​រៀនសូត្រ​វិញ ព្រះ​អង្គ​បាន​បើក​សាលា​ពុទ្ធិក​ថ្នាក់​បឋម ដើម្បី​ឱ្យ​លោក​ៗ​រៀនអក្សរ​សាស្ត្រ​ខ្មែរ ភាសា​អង់គ្លេស ភាសាបាលី និង​រៀន​ជំនាញ​កុំព្យូទ័រ ។

ព្រះ​អង្គ​មាន​ថេរ​ដីកា​ថា «​នៅ​ទី​នេះ​លោក​អាច​រៀន​បាន​ទាំង​ម​តេ្ត​យ្យ ទាំង​ភាសា​អង់គ្លេស ទាំង​ថ្នាក់​កុំព្យូទ័រ ហើយ​មិន​ឱ្យ​លោក​ចេញ​បច្ច័យ​ទេ ។ លោក​មិនបាច់​ចេញ​អ្វី​ទាំងអស់ គឺ​ចាំតែ​រៀន​តែ​មួយ​មុខ​ទេ អ្វី​ៗ​វត្ត​ចេញ​ទាំងអស់​» ។

ចំពោះ​បច្ច័យ​វិញ បាន​ពី​ការ​បរិច្ចាគ​របស់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ និង​រួម​ទាំង​ពុទ្ធបរិស័ទ​រស់នៅ​ក្រៅប្រទេស​ផង​ដែរ ។ ទាំង​ភិក្ខុ​និង​លោក​នេន បន្ទាប់​ពី​ពួក​គេ​រៀន​ចប់​សាលា​ពុទ្ធិកបឋមសិក្សា ក៏​ត្រូវ​រៀន​បន្ត​ទៀត​នៅ​តាម​វត្ត​ក្នុង​រាជធានី​ភ្នំពេញ ដែល​លោក​ត្រូវ​រក​អ្នក​ផ្គត់ផ្គង់​បន្ត ។

ព្រះ​អង្គ​បន្ត​ទៀត​ថា «​មាន​ថ្ងៃ​ខ្លះ​ញាតិ​ញោម​គាត់​កាន់កាប់​យក​ចង្ហាន់​១​ពេល​ហ្នឹង​ដាច់​ទៅ​យើង​រួចខ្លួន​ដោយសារ​អត់​ចាយ ខែ​ខ្លះ​ក៏​ពិបាក​ដែរ តែ​ក៏​នៅ​មាន​ញាតិ​ញោម​គាត់​ចូលរួម​ខ្លះ ។ ចំពោះ​លោក​នេន​នៅ​អាយុ​តិច ពេល​ដំបូង​ៗ​ពិបាក​ដែរ ព្រោះ​អត់​ឆាន់​ល្ងាច តែ​មានការ​អប់រំ​ញឹកញយ​ទៅ លោក​ក៏​សប្បាយ​ជាមួយ​គេ​ជាមួយ​ឯង​វិញ​ទៅ​» ។

ព្រះ​អង្គ​មាន​ថេរ​ដីកា​បន្ត​ទៀត​ថា នៅ​ក្នុង​វត្ត​ប្រាសាទនាងខ្មៅ ក៏​មាន​ប្រាសាទបុរាណ​មួយ​ដែរ គឺ​ប្រាសាទនាងខ្មៅ​ដែល​កសាង​ក្នុង​ឆ្នាំ​៩២១ សាងសង់​ឡើង​អំពី​ថ្មភក់ និង​ឥដ្ឋ​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ ។ ប្រាសាទ​នេះ ក៏​មាន​ពុទ្ធបរិស័ទ​មក​បែ​បន់ និង​លា​មាត់​លា​ពាក្យ​ជា​ហូរហែ ។ តែបើ​ថាឱ្យ​ល្បីល្បាញ​ខ្លាំង​ក៏​អត់​ដែរ តែ​មាន​អ្នកខ្លះ​គាត់​បែរបន់​សមប្រកប​គាត់​ក៏​ជឿ​ទៅ ។ ចំពោះ​ចំណុច​ដែល​ទាក់ទាញ​របស់​វត្ត​ប្រាសាទនាងខ្មៅ សំខាន់​គឺ​ព្រះ​អង្គ​ទេសនា ហើយ​មាន​អ្នក​ស្គាល់​ច្រើន ហើយ​ម្យ៉ាងទៀត​ញាតិ​ញោម​ដឹង​ថា វត្ត​នេះ​ជាទី​កន្លែង​សិក្សា​រៀនសូត្រ ។ ព្រោះ​ញាតិ​ញោម​ឱ្យ​តម្លៃ​ថា ជា​កន្លែង​បណ្តុះបណ្តាល​ធនធានមនុស្ស ព្រោះ​វា​មិន​ត្រឹមតែ​បាន​ប្រយោជន៍​តែ​សាសនា​មួយ​ទេ ព្រោះ​កុលបុត្រ​ខ្មែរ​ទាំងអស់​ដែល​គ្មាន​ទីពឹង នឹង​ត្រូវ​មក​វត្ត​ប្រាសាទនាងខ្មៅ ។

ក្នុង​ចំណោម​ព្រះសង្ឃ​ជាង ៣៤០​អង្គ បើ​និយាយ​ពី​កំព្រា​ស្មើនឹង​៩៥​ភាគរយ ពោល​គឺ​ក្នុង​១០០​អង្គ​មាន​ម្តាយ​-​ឪពុក​តែ​៥​ភាគរយ​ទេ ហើយ​មាន​ឪពុក​-​ម្តាយ​លែងលះ​គ្នា​ទៀត ។ នៅ​ក្នុង​វត្ត​ប្រាសាទនាងខ្មៅ មាន​សាលាបង្រៀន​ថ្នាក់​ភាសាបាលី​ដំបូង និង​មាន​សាលាឆាន់​១​ខ្នង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ