រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើការណែនាំដល់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវរៀបចំបញ្ចេញរថយន្តក្រុងដឹក ប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនបានជិះរថយន្ដក្រុងដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ទៅលេងស្រុកកំណើតរបស់ខ្លួនម្ដងៗបានសន្សំថវិកាបានច្រើន ។
សម្តេចមហាបវរធិបតី មានប្រសាសន៍យ៉ាងដូច្នេះថា ៖«ឯកឧត្តម ឃួង ស្រេង យើងរៀបចំឡានក្រុងជូនប្រជាជនទៅខេត្ត ដូចរាល់ឆ្នាំ សូមរៀបចំ ខ្ញុំសួរអ្នកខ្លះសន្សំបានច្រើន» ។

សូមរំលឹកថា ការបញ្ចេញរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ គឺជាការបង្ហាញអំពីការគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភា ហើយបន្តដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ការបញ្ចេញរថយន្ដក្រុងនេះ គឺដើម្បីជួយសម្រួលដល់ការចំណាយជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕
ចែករំលែកព័តមាននេះ