ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ដ​កោះ​រ៉ុ​ង ​បម្រើ​ឱ្យ​អ្នកទេសចរ​ជាតិ​ និង​អន្តរជាតិ ​បាន​លេង​កម្សាន្ត ប្រកបដោយ​ភាព​សប្បាយ​រីករាយ

1 ថ្ងៃ មុន

ខេត្ត​ព្រះ​សីហ​នុ ​៖ លោក ​ឡុ​ង ឌី​ម៉​ង់ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ថា កោះ​រ៉ុ​ង ​នឹង​រៀបចំ​សង្ក្រាន្ត…

ខេត្ត​ព្រះ​សីហ​នុ ​៖ លោក ​ឡុ​ង ឌី​ម៉​ង់ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ថា កោះ​រ៉ុ​ង ​នឹង​រៀបចំ​សង្ក្រាន្ត ដោយ​មាន​លក្ខណៈ​ប្លែក ​និង​ទាក់ទាញ់​ខុស​ពី​ឆ្នាំ​មុន​ៗ ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​បាន​ស្គាល់​ពី​ទំនៀមទំលាប់​ប្រពៃណី​ជាតិខ្មែរ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ។

លោក ឡុ​ង ឌី​ម៉​ង់ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខែ្ម​រ ​ខាង​មុខ​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោកអភិបាលខេត្ត បាន​ណែនាំ​ដល់​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង​៦ រួម​ទាំង​បណ្ដា​វត្ត​អារាម​មួយ​ចំនួន ដែល​មាន​ទីប្រជុំជន​ដែរ​នោះ រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​ជូន ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥​។ ក្នុង​នោះ អាជ្ញាធរ​ក្រុង​កោះ​រ៉ុ​ង បាន​និង​កំពុង​សហការ​រៀបចំ​ជាមួយនឹង​បណ្ដា​វិស័យ​ឯកជន ដើម្បី​រៀបចំ​ជា​ព្រឹត្តិការណ៍​សង្ក្រាន្ដ​កោះ​រ៉ុ​ង ​បម្រើ​ឱ្យ​អ្នកទេសចរ​ជាតិ​ និង​អន្តរជាតិ​ បាន​លេង​កម្សាន្ត ប្រកបដោយ ភាព​សប្បាយ​រីករាយ​ ។

លោក​អភិបាលរង​ បន្ថែម​ថា បច្ចុប្បន្ន​នេះ អាជ្ញាធរ​កោះ​រ៉ុ​ង បាន​និង​កំពុង​រៀបចំ តុបតែង​លម្អ​សោភ័ណ​ភាព ផ្កា​ភ្ញី ភ្លើងគោម រៀបចំ​ខ្លោងទ្វារ​សង្ក្រាន្ត រូប​ទេវតា​បាចផ្កា និង​អក្សរ​សួស្ដី​ឆ្នាំ​ថ្មី​ជាដើម​។ មិនតែប៉ុណ្ណោះ អាជ្ញាធរ​ក្រុង​កោះ​រ៉ុ​ង ក៏​បាន​ត្រៀម​បង្កើត​ នូវ​កម្មវិធី​សប្បាយភាព​ជា​ច្រើន ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌ ប្រពៃណី​ដ៏​ល្អ ផូរផង់​តាម​រយៈ​ការ​លេងល្បែង​ប្រជាប្រិយ ដើម្បី​បង្ហាញ​ដល់​ភ្ញៀវ​ជាតិ ពិសេស​ភ្ញៀវ​បរទេស ​ឱ្យ​ស្គាល់​ពី​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​ ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​ ។

លោក​អភិបាលរង​បន្ថែម​ថា សង្ក្រាន្ត​កោះ​រ៉ុ​ង ​ក្នុង​ឆ្នាំ​២០២៥​នេះ អាជ្ញាធរ​គ្រោង​រៀបចំ​ គឺ​នៅ​តំបន់ឆ្នេរ​ក្រុង​កោះ​រ៉ុ​ង ​តែ​ម្តង ដោយសារ​ទីតាំង​នោះ គឺ​សម្បូរ​ទៅ​ដោយ​បណ្តុំ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ច្រើន ម្យ៉ាងទៀត​នៅ​ទីនោះ មាន​សណ្ឋាគារ មាន​Pub Street មាន Restaurant ជា​ច្រើន សម្រាប់​ភ្ញៀវ​ទេសចរ ។

លោក ឡុ​ង ឌី​ម៉​ង់ បញ្ជាក់​ថា «​ភាគច្រើន​ភ្ញៀវ​ទេសចរ​ ដែល​បាន​ទៅ​លេង​កម្សាន្ត​កោះ​រ៉ុ​ង សុទ្ធសឹងតែ​ជា​ជនបរទេស​ស្បែក​ស មក​ពី​ប៉ែក​ខាង​អឺរ៉ុប អា​មេ​រិ​ក ដែល​អាច​និយាយ​បាន​ថា សឹងតែ​ច្រើន​ជាង​ភ្ញៀវ​ជាតិ​ទៀត​ផង​។ បើ​តាម​រយៈ​ការ​ឆ្លងកាត់​ធ្វើ​ដំណើរ​តាម​កំពង់​ផែ​ទេសចរណ៍ ​ពី​ក្រុងព្រះសីហនុ​ទៅ​នោះ មួយ​ថ្ងៃ​ៗ ​មិន​ក្រោម​១​ពាន់​នាក់​នោះ​ទេ​។ ដូច្នេះ​គាប់​ជួន​ខាង​មុខ​នេះ គឺជា​ឱកាស​ នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ភ្ញៀវ​បរទេស ​និង​សម្រុកចូល​មក​លេង​កោះ​រ៉ុ​ង​ច្រើន​ដែរ ហើយ​យក​ឱកាស​នោះ​រៀបចំ​ពិធី​ឱ្យ​មានការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ដូច​ជា បោះអង្គញ់ ចោល​ឈូង ទាញព្រ័ត្រ ឡើង​សសរ​ខ្លាញ់ ជាដើម​។ ក្នុង​នោះ​ក៏​រៀបចំ​ឱ្យ​មានការ​ប្រគំ​តន្ត្រី​ផង​ដែរ ដើម្បី​បង្កើន​បរិយាកាស​កាន់តែ​សប្បាយ​រីករាយ​។ មិនតែប៉ុណ្ណោះ​យើង​ក៏​មិន​ភ្លេច​ផង​ ដែរ​នូវ​ការ​រៀបចំ​ពិធី​បែប​លក្ខណៈ​សាសនា ដូច​ជា​ការ​ពូន​ភ្នំខ្សាច់ ដោយ​យើង​ធ្វើ​នៅ​វត្ត​អារាម​នៅ​ទីនោះ​ក៏​ពិតមែន ប៉ុន្តែ​យើង​នឹង​ត្រៀម ​ដើម្បី​ឱ្យ​ភ្ញៀវ​បរទេស​បានដឹង​កាន់តែ​ជ្រួតជ្រាប​អំពី ភាព​សម្បូរ ផ្នែក​ខាង​វប្បធម៌​ប្រពៃណី​ជាតិ​របស់​យើង​» ។

លោក ​ឡុ​ង ឌី​ម៉​ង់ ឱ្យ​ដឹង​ទៀត​ថា កាលពី​ឆ្នាំ​កន្លង​ទៅ ប្រជាពលរដ្ឋ​ដែល​ធ្វើការ និង​រស់នៅ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​សាទរ​យ៉ាង​ខ្លាំង ​ក្នុង​ការ​រៀបចំ​សង្ក្រាន្ត​នៅ​លើ​កោះ​រ៉ុ​ង​ដ៏​ស្រស់ ស្អាត​មួយ​នេះ​ ។

ទន្ទឹម​នឹង​នោះ លោក​អភិបាលរង ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស ទេសចរ​អន្តរជាតិ សូម​មេត្តា​ជ្រាប អំពី​ការ​រៀបចំ​សង្ក្រាន្ត ក្នុង​ព្រឹត្តិការណ៍​ចូល​ឆ្នាំ​ថ្មី នៅ​តាម​បណ្ដា​ទីប្រជុំជន ក្នុង​ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស​នៅ​កោះ​រ៉ុ​ង​តែ​ម្ដង សូម​អញ្ជើញ​ទៅ​លេង​កម្សាន្ត ខណៈ​អាជ្ញាធរ​ខេត្ត​បាន​ត្រៀម​រៀបចំ ផែនការ​ជា​ច្រើន ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​ជូន​ដល់​អ្នក​ទៅ​កម្សាន្ត​ ក្នុង​ទឹកដី ​នៃ​ខេត្ត​ព្រះ​សីហ​នុ គ្រប់​ទីកន្លែង គ្រប់​រមណីយដ្ឋាន មិន​ថា​ តំបន់​កោះ និង​ឆ្នេរ ដោយ​មានការ​ផ្លាស់​ប្តូរ​វេន​យាមកាម ដើម្បី​ធ្វើ​យ៉ាងណា​ផ្តល់​នូវ​ទំនុកចិត្ត និង​ភាព​កក់ក្តៅ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​បរទេស មក​កម្សាន្ត​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុន​នេះ ​៕

default
default

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ