រាជធានីភ្នំពេញ ៖ អគ្គទេសាភិបាលរងធនាគារជាតិបានគូសបញ្ជាក់ឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជាមានមាសត្រៀមបម្រុងទុកជាង៥០តោន ដើម្បីរក្សាតម្លៃរូបិយប័ណ្ណជាតិនៅតាមបណ្តាប្រទេសនានា ។

អគ្គទេសាភិបាលរងធនាគារជាតិឯកឧត្តម ស៊ុំ សន្និសិទ្ធបានលើកឡើង ក្នុងសន្នីសិទសារព័ត៌មាន បន្ទាប់ពីសិក្ខាសាលាស្តីពី «ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ» នៅវិមានរដ្ឋសភា រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា កម្ពុជាមានមាសបម្រុងទុកជាង៥០តោន ដើម្បីធានាតម្លៃលុយរៀលខ្មែរ និងរក្សានូវការទុកចិត្តពីអ្នកវិនិយោគមកប្រទេសកម្ពុជា ។
ឯកឧត្តមស៊ុំ សន្និសិទ្ធ បានបញ្ជាក់ថា មាសដែលមានប្រមាណ៥០តោ ននេះ ត្រូវបានប្រមូលចាប់តាំងពីរដ្ឋាភិបាលអាណត្តិដំបូងត្រូវបានបង្កើតក្នុងឆ្នាំ១៩៩៣មកម្លេះ ។

ឯកឧត្តមបានគូសបញ្ជាក់ថា ៖«បរិមាណនោះ មានឡើង មានចុះ តាមភាពជាក់ស្ដែងនៃការធ្វើប្រតិបត្តិការ ក៏ប៉ុន្ដែជាលេខមូលយើងមាន៥០តោន» ។ ការរក្សាមាសទុក ដើម្បីរក្សាតម្លៃរូបិយប័ណ្ណជាតិត្រូវបានធ្វើឡើងតាមបណ្ដាប្រទេសនានាក្នុងពិភពលោក ទោះជាយ៉ាងសហរដ្ឋអាមេរិកបានធ្វើផ្ទុយពីនេះ» ។
ចំណែកប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មផ្ទៃក្នុងរដ្ឋសភាឯកឧត្តម ឈាង វុន បានលើកឡើងថា កម្ពុជាមិនអាចធ្វើដូចអាមេរិកបានទេ ការមិនមានមាស ដើម្បីធានានឹងចំនួនលុយដែលបានបោះពុម្ភវានឹងធ្វើឱ្យប៉ះពាល់ដល់ការដោះដូរលុយក្នុងប្រទេស និងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគមកក្នុងប្រទេសនោះ ។

ឯកឧត្តមបានលើកឡើងយ៉ាងដូច្នេះ ៖ «បើសិនណាយើងមិនអាចធានានូវទំនុកចិត្តហ្នឹងបានទេ! គេអត់មករកស៊ីនៅស្រុកយើងទេ ។ សេដ្ឋកិច្ចយើងនឹងស្លា.ប់»។ ឯកឧត្តមថា មាសត្រូវបានចាត់ទុកជា លោហៈធាតុកម្រ និងមានតម្លៃទទួលស្គាល់ទូទាំងពិភពលោកពីតម្លៃរបស់វា ។ វាត្រូវបានប្រើជាទុនបម្រុងសម្រាប់គ្រប់គ្រងហានិភ័យក្នុងប្រទេសក្នុងគ្រាមានវិបត្តិដូចជា សង្គ្រាម ការប្រែប្រួលរូបិយប័ណ្ណ អតុល្យភាពពា ណិជ្ជកម្ម និងវិបត្តិបំណុលជាដើម ។

តាមរយៈការទុកលោហៈដ៏មានតម្លៃនេះ ប្រទេសមួយអាចកាត់បន្ថយផលប៉ះពាល់នៃការរំខានផ្នែកសេដ្ឋកិច្ច និងរក្សាស្ថិរភាពរបស់ខ្លួននៅពេលប្រឈមមុខណាមួយ ។ មាសមិនដូចជា រូបិយប័ណ្ណជាក្រដាសទេដោយសារតម្លៃរបស់វាត្រូវបានគេទទួលស្គាល់ជាសាកល ។
សូមជម្រាបថា បើតាមទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរីបានក៏លើកឡើងថា បច្ចុប្បន្ននេះតម្លៃមាសមានភាពឡើងខ្ពស់ជាងប្រាក់ដុល្លារទ្វេរដង ៕
ចែករំលែកព័តមាននេះ