រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយឥតសំណង១០,៤លានដុល្លារសម្រាប់គម្រោងពង្រឹងសមត្ថភាព CMAC និងគម្រោងសាងសង់អគារហ្វឹកហ្វឺននៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន ។
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេសបានឲ្យដឹងថា ការចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ មានដូចជា ៖
១. ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន១.១៦៦.០០០.០០០ យ៉េន (ប្រមាណ៨,៣ លានដុល្លារអាមេរិក) សម្រាប់គម្រោងពង្រឹងសមត្ថភាពរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លើការហ្វឹកហ្វឺន ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង
២. ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣០០.០០០.០០០ យ៉េន (ប្រមាណ២,១លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត គម្រោងសាងសង់អគារហ្វឹកហ្វឺន និងផ្សព្វផ្សាយអប់រំនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ។
ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទាំងពីរខាងលើនឹងរួមចំណែកដល់យុទ្ធសាស្ត្រជាតិសកម្មភាពបោសសំអាតមីនរបស់កម្ពុជា ឆ្ពោះទៅសម្រេចបាននូវគោលដៅប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០៣០ ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅកម្ពុជា ៕
ចែករំលែកព័តមាននេះ