«មានគម្រោង មានលុយ» ! តើបងប្អូនប្រិយមិត្តធ្លាប់ឮគេនិយាយឬទេ ? នេះ គឺជាឃ្លាដែលគេបានរិះគន់ដល់មន្ត្រីខិលខូចមួយចំនួនតូច ដែលចូលចិត្តរកលុយតាមគម្រោងការងាររបស់រដ្ឋ ។
រឿងនេះ ទំនងជាធ្វើអោយនាយករដ្ឋមន្ត្រីមានការខ្វាយខ្វល់ ។ ដូច្នេះហើយ នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២៩ ខែមេសា បានព្រមានមន្ត្រីថា កុំអោយមានភាពអាត្មានិយម គិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយភ្លេចគិតដល់ផលប្រយោជន៍ប្រជាជនជាធំ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានព្រមានបែបនេះនៅក្នុងពេលសម្ពោធអោយប្រើប្រាស់ផ្លូវជាតិបីខ្សែ តម្លៃ១៨៨លានដុល្លារ ដែលឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កែប និងកំពត ។
សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា បើសិនជាមន្ត្រី គិតតែពីប្រយោជន៍ផ្ទាល់ខ្លួននោះវិនិយោគិននឹងរត់អស់ហើយ ខាតប្រយោជ៍ទាំងអស់គ្នា ។ ដូច្នេះមន្ត្រី មិនត្រូវដាក់គោលដៅប្រយោជន៍ផ្ទាល់ខ្លួនទេ ហើយត្រូវដាក់គោលដៅបម្រើផលប្រយោជន៍ប្រជាជន ។
រដ្ឋាភិបាលកម្ពុជា កំពុងតែធ្វើកកំណែទម្រង់ ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ ។ ដូច្នេះ មន្ត្រីនានា ពិសេសមន្ត្រីថ្នាក់មូលដ្ឋានមិនគួរធ្វើអោយរដ្ឋាភិបាលខកចិត្តឡើយ ។
មន្ត្រីគ្រប់រូប ត្រូវដកខ្លួនចេញអោយឆ្ងាយពីផ្នត់គំនិត «មានគម្រោង មានលុយ» ហើយ ធ្វើការងារបម្រើប្រជាជន និងប្រទេសជាតិអោយបានល្អ ។ ជាតិរុងរឿង មនុស្សគ្រប់គ្នានឹងរុងរឿងទៅតាមនោះ ៕
ចែករំលែកព័តមាននេះ