ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វាល​បែក​ចាន​មាន​ប្រវត្តិ​បែប​ណា ​ទើប​ម្ចាស់​កវី​ស្ទឹង​សង្កែ​ទាញ​ភ្ជាប់​ចូល​ក្នុង​បទ«​ស្ពានឈើ​អភ័ព្វ» ?

10 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «​ឱ​…​វាល​បែក​ចាន បែកចិត្ត​ទៅ​ហើយ ស្នេហ៍​គ្មាន​កោះ​ត្រើយ ស្ទឹង​សង្កែ​អើយ ម្ដេច​ឡើយ​ប្ញ​ស្យា កួច​ស្នេហ៍​ខ្ញុំ​ឱ្យ​លង់​មរណា កួច​ទាំង​ចិត្ត​ឲ្យ​ស្វិត​ដូច​ផ្កា ខ្លោចផ្សា​ឱរា​មួរ​ហ្មង​…»…

ខេត្តបាត់ដំបង ៖ «​ឱ​…​វាល​បែក​ចាន បែកចិត្ត​ទៅ​ហើយ ស្នេហ៍​គ្មាន​កោះ​ត្រើយ ស្ទឹង​សង្កែ​អើយ ម្ដេច​ឡើយ​ប្ញ​ស្យា កួច​ស្នេហ៍​ខ្ញុំ​ឱ្យ​លង់​មរណា កួច​ទាំង​ចិត្ត​ឲ្យ​ស្វិត​ដូច​ផ្កា ខ្លោចផ្សា​ឱរា​មួរ​ហ្មង​…» ។ នេះ​គ្រាន់តែ​ជា​ខ្លឹមសារ​មួយ​ឃ្លា ដែល​មាននៅ​ក្នុង​បទ​ចម្រៀង​ដ៏ពីរោះ​រណ្ដំ​ចិត្ត គឺ​បទ​«​ស្ពានឈើ​អភ័ព្វ​» ។ បទ​នេះ និពន្ធ​ដោយ លោក គ​ង្គ ប៊ុ​ន​ឈឿ​ន ដែល​មហាជន​ផ្ដល់​រហស្សនាម «​ម្ចាស់
ក​វី​​ស្ទឹង​សង្កែ​» ។ លោក​បាន​លើកយក​ឈ្មោះ «​វាល​បែក​ចាន​» នេះ ទៅ​ភ្ជាប់​ជាមួយនឹង​តំបន់​ផ្សេង​ៗ​ទៀត​នៃ​ទឹកដី​សំបូរ​បែប​នា​ខេត្តបាត់ដំបង​ដែល​បាន​ចងក្រង​ជា​ទំនប់​បទ​ចម្រៀង ដើម្បី​ឧទ្ទិស​ដល់​ស្នេហ៍​គ្រាហ៍​ដំបូង​របស់​លោក​ផ្ទាល់​ដែល​បាន​និរាស​ព្រាត់ប្រាស់ ។

តាម​ពិត «​វាល​បែក​ចាន​» គឺជា​ឈ្មោះ ដែល​អ្នក​ខេត្តបាត់ដំបង​គ្រប់​គ្នា ធ្លាប់​ស្គាល់ ធ្លាប់​ហៅ​ជា​យូរ​យា​ណាស់​មក​ហើយ ។ ប៉ុន្តែ​សព្វថ្ងៃ ទីវាល​ដ៏​ធំ​ល្វឹងល្វើយ​នេះ គឺជា​ទីតាំងព្រ​លាន​យន្តហោះ «​អា​កាសយានដ្ឋាន​បាត់ដំបង​» ឬ​គេ​អាច​ហៅ​ថា «​ព្រ​លាន​យន្តហោះ​វាល​បែក​ចាន​» ។ អ្នក​បាត់​ដំបង​តែង​ហៅ​ឈ្មោះ​បែប​នេះ តាំងពី​ដើម​រហូត​មក​ឡើង​ធ្លាប់មាត់​ទៅ​ហើយ ។ គេ​មិន​ទាន់​ដឹង​ពី​ទំហំ​ផ្ទៃដី​មាន​ប៉ុន្មាន​ម៉ែត្រក្រឡា​នៅឡើយ​ទេ ។ ប៉ុន្តែ​«​វាល​បែក​ចាន​»​ ឬ«​អាកាសយានដ្ឋាន​បាត់​ដំបង​»​នេះ មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងកើត​នៃ​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។ មិន​មាន​សកម្មភាព​ជើង​ហោះហើរ​នៃ​អាកាសចរណ៍​ទេ​សព្វ​ថ្ងៃនេះ ។

ប៉ុន្តែ​គេ​ឃើញ​មាន​មនុស្ស​ម្នា​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ជា​ពិសេស នៅ​ពេល​ល្ងាច​បាន​នាំ​គ្នា​ចូល​ទៅ​កាន់ «​ព្រ​លាន​យន្តហោះ​វាល​បែក​ចាន​» នេះ ដើរ​ហាត់ប្រាណ​ដើរ​លេង​កម្សាន្ត ឬ​អង្គុយ​ទទួលទាន​អាហារ​លំហែ​អារម្មណ៍​ជាមួយនឹង​ខ្យល់អាកាស​យ៉ាង​ត្រជាក់ចិត្ត ។ យើង​ងាក​មក​និយាយ​ពី​ប្រវត្តិ​ខ្លះ​ៗ​នៃ «​វាល​បែក​ចាន​»​នេះ​វិញ ។ តើ​វាល​បែក​ចាន​មាន​ប្រវត្តិ​បែប​ណា? តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ទៅ បានជា​ម្ចាស់​កវី​ស្ទឹង​សង្កែ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ចាប់អារម្មណ៍​លើកយក​ទៅ​ភ្ជាប់​ក្នុង​សំ​ណេ​រ​របស់​លោក​ជាមួយនឹង​តំបន់​ដទៃ​ទៀត នៃ​ទឹកដី​បាត់ដំបង​រហូត​ចងក្រង​ជា​បទ​ចម្រៀង​យ៉ាង​ពីរោះ​រណ្ដំ​ចិត្ត ?

លោក គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​អូស​យក «​វាល​បែក​ចាន​» ដែល​ស្ថិត​នៅ​ត្រើយម្ខាង​នៃ​ស្ទឹង​សង្កែ ប៉ែក​ខាងកើត មក​ភ្ជាប់​យ៉ាង​កៀក​ជាមួយនឹង​«​វត្ត​កំផែង​» ដែល​ស្ថិត​នៅ​ត្រើយ​ខាងលិច​នៃ​ដងស្ទឹង​សង្កែ​ប្រែក្លាយ​ជា​បទ​ចម្រៀង​យ៉ាង​ពីរោះ​អណ្ដែតអណ្ដូង​ផុស​ចេញពី​បេះដូង​ដ៏​កំសត់​របស់​លោក​ដែល​បាន​បរាជ័យ​ក្នុង​រឿង​«​ស្នេហា​គ្រា​ហ៏​ដំបូង​» គឺ​បទ «​ស្ពានឈើ​អភ័ព្វ​» ឬ​បទ​«​ខ្សែទឹក​កួច​» ដែល​អ្នកខ្លះ​ច្រឡំ​ហៅ​ថា បទ​«​ភូមិ​វត្ត​កំផែង​» ។ នេះ​បើ​យោង​លើ​សំ​ណេ​រ​របស់​លោក​ខ្លះ​ៗ​ដែល​ត្រូវ​បាន​គេ​ចងក្រង និង​កត់​ត្រាទុក​នៅ​ក្នុង​សៀវភៅ ឬ​ក្នុង​ឯកសារ​នានា​ជា​ប្រវត្តិសាស្ត្រ ។

នៅ​ក្នុង​បទ «​ស្ពានឈើ​អភ័ព្វ​» លោក គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​រំលេច​ចេញ​នូវ​ពាក្យ​ពេ​ច គ្រប់​រសជាតិ គ្រប់​ទិដ្ឋភាព នៃ​តំបន់​ដងស្ទឹង​សង្កែ​យ៉ាង​ប្រទាក់ក្រឡា​ចងក្រង​ជា​ទំនប់​បទ​ចម្រៀង​នេះ​ឡើង ដែល​មាន​អធិរាជ​សម្លេង​មាស​« ស៊ិ​ន ស៊ី​សា​មុត​» ជា​អ្នក​បកស្រាយ​យ៉ាង​អន្លង់​អ​ន្លូ​ច​នោះ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​អះអាង​ថា ខ្លឹមសារ ដែល​មាននៅ​ក្នុង​បទ​«​ស្ពានឈើ​អភ័ព្វ​» ឬ បទ​«​ខ្សែទឹក​កួច​»​នេះ គឺ​លោក​និពន្ធ​ពី​រឿងរ៉ាវ​ស្នេហា​គ្រាហ៍​ដំបូង​របស់​លោក​ផ្ទាល់​ដែល​បាន​និរាស​ព្រាត់ប្រាស់​ពី​គូសង្សារ ។

គេ​ពុំ​ឃើញ​មាន​ឯកសារ ឬ​សៀវភៅ​កត់ត្រា​ណាមួយ​ដែល​និយាយ​ពី​ប្រវត្តិ ឬ​លក្ខណៈ​ពិសេស​នៃ «​វាល​បែក​ចាន​» នេះ​ទេ ។ វា​គ្រាន់តែ​ជា​ឈ្មោះ «​ទីតាំង​មួយ​» នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​មហាជន​ទូទៅ​តែង​ហៅ​ឈ្មោះ​បែប​នេះ ។ ហើយ​ត្រូវ​បាន​អ្នកនិពន្ធ គ​ង្គ ប៊ុ​ន​ឈឿ​ន លើកយក​មក​សរសេរ​ជា​កំណាព្យ​ច្របាច់​ចូល​គ្នា​យ៉ាង​ស្និ​ទ្ធិ​ជាមួយនឹង​ឈ្មោះ «​វត្ត​កំផែង​» ឬ​«​ភូមិ​វត្ត​កំផែង​» ដែល​លោក​ធ្លាប់​ស្នាក់​នៅ​នា​សម័យ​នោះ គួប​ផ្សំ​នឹង​ទិដ្ឋភាព​ដ៏​សំបូរ​បែប​នៃ​តំបន់​ដងស្ទឹង​សង្កែ និង​ភ្ជាប់​ជាមួយនឹង​ខ្សែជីវិត​ពិត​របស់​លោក​ដ៏​ជូរ​ចត់​ផង ទើប​ចងក្រង​បានជា​បទ​ចម្រៀង​នេះ​ឡើង ។ នេះ​បើ​យោង​លើសំ​ណេ​រដែ​ល​ចងក្រង​នៅ​ក្នុង​សៀវភៅ «​មាស​ស្រោប​នគរ​» ។ សៀវភៅ​នេះ គេ​ពិ​ព័រ​នា​ភាគ​ច្រើន​ពី​ប្រវត្តិ​ម្ចាស់​កវី​ស្ទឹង​សង្កែ លោក គ​ង្គ ប៊ុ​ន​ឈឿ​ន នេះឯង ។

នៅ​ក្នុង​សៀវភៅ​«​មាស​ស្រោប​នគរ​» ដដែល​នេះ បាន​លើក​ឡើង​ថា អត្ថន័យ និង​ខ្លឹមសារ​នៃ​បទ​«​ស្ពានឈើ​អភ័ព្វ​»​នេះ គឺជា​ការ​លាតត្រដាង​ពី​ប្រវត្តិ​ពិត​នៃ​រឿងរ៉ាវ «​ស្នេហា​គ្រា​ហ៏​ដំបូង​» របស់​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន ដែល​បទ​នេះ លោក​បាន​សរសេរ​ឡើង​តាំងពី​ឆ្នាំ​១៩៥៤​ម្ល៉េះ ។ ត្រង់​ចំណុច​នេះ បើ​តាម​ប្រវត្តិ​ខ្លះ​ៗ​ដែល​គេ​កត់ត្រា​នៅ​ក្នុង​សៀវភៅ​ខាងលើ​នេះ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​រើ​តោង​រើ​ហឹ​ង​ពី​កន្លែង​ស្នាក់​នៅ​ម្ដុំ «​វត្ត​ពោធិ៍​វាល​»​ទៅ​ស្នាក់​នៅ​ទីតាំង​ថ្មី នៅ​ម្ដុំ​ផ្សា​រលើ​ក្បែរ​«​វត្ត​កំផែង​» ។ ពេល​នោះ លោក​បាន​ជួបនឹង​គូសង្សា​ចាស់ ហើយ​បាន​ចាប់ផ្ដើម​បង្កាត់ភ្លើង​ស្នេហ៍​នេះ​ជា​ថ្មី​ឡើង​វិញ ។

ក្នុង​ប្រវត្តិ​«​ស្នេហា​»​ដ៏​មហា​ឈឺចាប់​របស់​អ្នកនិពន្ធ​ដ៏​កំសត់​រូប​នេះ​មាស​ស្រោប​នគរ​បាន​ពិពណ៌នា​ដូច្នេះ​ថា «​ទោះបី​ស្នេហា​ចាស់​នោះ ចាប់ផ្ដើម​ដុះ​ពន្លក​ជា​ថ្មី​ឡើង​វិញ​ក្ដី ក៏​មិន​អាច​ទប់ទល់​នឹង​ព្យុះសង្ឃរា​ដ៏​កាច​សាហាវ ដូច​ស្រមោល​អន្ទោលតាមប្រាណ​នោះ​បាន​យូរអង្វែង​ដែរ ។ ចិត្ត​នាង​ប្រួល​ប្រែ ស្ទឹង​សង្កែ​ក៏​ហាក់​ធ្វើ​ថ្លង់​ធ្វើ​គរលែង​ឮ ។ ស្ពានឈើ​ដែល​លោក​ខំ​សាងសង់​ទុក​ឲ្យ​នាង​ឆ្លង​នាង​បែរជា​ឆ្លង​ស្ពានថ្ម​ទៅ​វិញ ។ ព្រមទាំង​ជិះ​ម៉ូតូ​អោប​ចង្កេះ​ប្រុស​ថ្មី​បញ្ឈឺចិត្ត​លោក​ថែម​ទៀត​ផង​» ។ នេះ​ជាដើម​ហេតុ ដែល​នាំ​ឲ្យ​លោកគ​ង្គ ប៊ុ​ន​ឈឿ​ន និពន្ធ​បទ «​ស្ពានឈើ​អភ័ព្វ​» នេះ​ឡើង ដោយ​ទាញ​ភ្ជាប់ «​វាល​បែក​ចាន​» និង​«​វត្ត​កំផែង​» យ៉ាង​កៀក​ពុះ​ច្រៀក​ទៅ​ដោយ​សង​ស្ទឹង​សង្កែ ដែល​អ្នកនិពន្ធ​បរាជ័យ​ក្ដី​ស្នេហ៍​រូប​នេះ​ចាប់​ធ្វើ​ជា​ចំណាប់​ខ្លាំង ព្រោះតែ​ធ្វើ​គរ ធ្វើ​ថ្លង់ ធ្វើ​មិនដឹង មិន​ឮ ចំពោះ​រឿង​ស្នេហា​របស់​លោក ។

បើ​ពិនិត្យ ឬ​អាន ឬ​ស្ដាប់​នូវ​អត្ថន័យ​នៃ​បទ​នេះ កវីនិពន្ធ​បរាជ័យ​ក្នុង​ក្ដី​ស្នេហា​រូប​នេះ​ហាក់​បង្ហាញ​នូវ​ការ​ឈឺ​ចុកចាប់​សម្បើម​ណាស់ ។ សំ​ណេ​រ​របស់​លោក​បាន​វាយ​សំពង​យ៉ាង​ចាស់ដៃ​ទៅ​លើ​គូសង្សារ​ដែល​លោក​ចង្អុល​ចំ​ៗ​ថា «​មានចិត្ត​ដូច​ចុងស្រល់​» ។ សំ​ណេ​រ​នៅ​ក្នុង​ឃ្លា​«R» នៃ​បទ​«​ស្ពានឈើ​អភ័ព្វ​» នេះ លោក គ​ង្គ ប៊ុ​ន​ឈឿ​ន ហាក់​បង្ហាញ​នូវ​ក្ដី​អស់សង្ឃឹម​ខ្លាំង​ណាស់​នូវ​អ្វី​ៗ​គ្រប់យ៉ាង​ដែល​លោក​បាន​ធ្វើ​ហើយ តែ​ត្រូវ​បរាជ័យ ។ ទឹកខ្មៅ​របស់​កា​វី​ដ៏​ល្បី​រូប​នេះ បាន​ពិពណ៌នា​ក្នុង​ឃ្លា​នោះ យ៉ាង​កំសត់​ដូច្នេះ​ថា «​គ្រាប់​ខ្សាច់​បាត​ស្ទឹង​រៀម​ប្រឹង​រក្សា ទុក​រោយ​ធ្វើ​ជា​ផ្កាស្លា រៀប​ការ​អូន​ហើយនឹង​បង ស្ពានឈើ​រៀម​ធ្វើ​ឲ្យ​ទុក​អូន​ឆ្លង តែ​កម្ម​កាច​កំណាច​កន្លង នួនល្អង​ឆ្លងស្ពាន​គេ​
វិញ​» ។

យ៉ាងណា​ក៏​ដោយ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​«​វាល​បែក​ចាន​» ឬ​«​ព្រ​លាន​យន្តហោះ វាល​បែក​ចាន​» ដែល​សព្វ​ថ្ងៃជា​ទីតាំង «​អាកាសយានដ្ឋាន​បាត់ដំបង​» នេះ ពិតមែនតែ​ពុំ​មាន​សកម្មភាព​ជើងហោះហើរ​នៃ​អាកាសចរណ៍​ក្ដី ប៉ុន្តែ​បច្ចុប្បន្ន មាន​មនុស្ស​ម្នា​ច្រើន​ណាស់ ដែល​បាន​នាំ​គ្នា​ចូល​ទៅ​កាន់​ទីវាល​ដ៏​ធំ​ល្វឹងល្វើយ​នេះ ដើរ​ហាត់ប្រាណ អង្គុយ​លេង​កម្សាន្ត រីករាយ​ជាមួយនឹង​បរិយាកាស​ដ៏​បរិសុទ្ធ ។
មិនតែប៉ុណ្ណោះ «​វាល​បែក​ចាន​» បាន​បន្សល់​ទុក​នូវ​ស្លាកស្នាម​អនុស្សាវរីយ៍​ស្ទើរ​គ្រប់​រសជាតិ​របស់​ម្ចាស់​កវី​ស្ទឹង​សង្កែ គ​ង្គ ប៊ុ​ន​ឈឿ​ន តាម​រយៈ​ទឹកខ្មៅ​ដ៏​មុត​ជ្រៅ​របស់​លោក គឺ​បទ «​ស្ពានឈើ​អភ័ព្វ​» ឬ​បទ​«​ខ្សែទឹក​កួច​» ដែល​តម្រូវ​ឲ្យ​អធិរាជ​សម្លេង​មាស លោក ស៊ិ​ន ស៊ី​សា​មុត ជា​អ្នក​ឡើង​បក​ស្រាយយ៉ាង​ពីរោះ​រណ្ដំ បំពេរ​អារម្មណ៍​មហាជន​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​ទូ​ទាំង​នគរ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ