ទីក្រុងហូជីមិញ៖ ថ្ងៃនេះ វៀតណាមរំលឹកខួប៥០ឆ្នាំនៃការបញ្ចប់សង្គ្រាម និងការបង្រួបបង្រួមជាតិមាតុភូមិរបស់ខ្លួនឡើងវិញ។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមចាត់ទុកទិវាជ័យជម្នះនេះជាជោគជ័យនៃការជឿទុកចិត្ត។ ពិធីអបអរសាទរខួបជ័យជម្ននេះរៀបចំឡើងនៅទីលានដ៏ធំនៃទីក្រុងហូជីមិញដោយមានកងទ័ពរាប់ពាន់នាក់ហែក្បួនព្យុហយាត្រា និងការហោះបង្អួតខ្លួននៅលើអាកាសនៃយន្តហោះ និងឧទ្ធម្ភាគចក្រ, វៀតណាមគ្រវីទង់ជាតិ និងច្រៀងបទចម្រៀងស្នេហាជាតិមាតុភូមិ។
នេះជាការរំលឹកព្រឹត្តិការណ៍ដែលកងទ័ពកុម្មុយនិស្តខាងជើងវាយលុកទឹកផ្ដាច់ព្រ័ត្រចូលទីក្រុងសៃហ្កនកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ដើម្បីផ្ដួលរំលំរដ្ឋាភិបាលខាងត្បូងដែលគាំទ្រដោយអាមេរិក។ លោកតូឡាមថ្លែងថានេះជាជ័យជម្នះនៃភាពជឿជាក់ និងជាយុត្តិធម៌លើរបបជិះជាន់។ លោកបានរំលឹកប្រយោគ១ឃ្លារបស់ហូជីមិញថា «វៀតណាមជាប្រទេសតែ១ ប្រជាជនតែ១, ទោះបីទឹកទន្លេរីងហួតដល់បាត់ដី, ទោះបីភ្នំទាំងឡាយសឹករេចរឹល ប៉ុន្តែសច្ចភាពមិនប្រែប្រួលជាដាច់ខាត»។
ការដួលរលំទីក្រុងសៃហ្កនកើតឡើងប្រហែល២ឆ្នាំក្រោយពេលអាមេរិកដកកងទ័ពចុងក្រោយរបស់ខ្លួនចេញពីវៀតណាមកាលពីឆ្នាំ១៩៧៣បន្ទាប់ពីស្លាប់យុទ្ធជនរបស់ខ្លួនជិត៦ម៉ឺននាក់។ សង្គ្រាមរយៈពេលម្ភៃឆ្នាំនោះក៏បានឆក់យកជីវិតជនជាតិវៀតណាម៣លាននាក់ផងដែរ។ សង្គ្រាមវៀតណាមបើគិតទាំងច្បាំងជាមួយបារាំងទៀតស្មើនឹង៣០ឆ្នាំ ១៩៤៥-១៩៧៥។
រំលឹកទៅដល់ថ្ងៃវាយចូលទីក្រុងសៃហ្កននោះ ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលនៅនឹងកន្លែងកើតហេតុតែបានរៀបរាប់ថាទ័ពវៀតណាមខាងជើងបានលើកគ្នាចូលសៃហ្កនដោយសន្តិវិធី ដោយគ្មានការបាញ់តដៃគ្នាទេ។ ពួកគេស្លៀកពាក់ឈុតពណ៌ខៀវទំនងហាក់ដូចជាទើបតែចេញពីក្នុងព្រៃ។ កងទ័ពខ្លះដើរតែជើងទទេក៏មានដែរ។
នៅដំណាក់កាលចុងក្រោយ អាមេរិកជម្លៀសមនុស្សប្រហែល៧ពាន់នាក់នៅពេលកងរថក្រោះរបស់វៀតណាមខាងជើងរំកិលខ្លួនកាន់តែកៀកចូលទីក្រុងសៃហ្កន។ នៅក្នុងស្ថានភាពដ៏ច្របូកច្របល់បែបនេះ អ្នកដែលគាំទ្ររបបចាស់ចាប់ផ្ដើមជ្រួលច្រាលចង់ចេញជាប្រញាប់។ ប៉ុន្តែពួកគេគ្មានមធ្យោបាយចាកចេញទេ។ នៅម៉ោងប្រហែល៧:៥៣ព្រឹកនៅស្ថានទូតអាមេរិកប្រចាំទីក្រុងសៃហ្កន មានតែឧទ្ធម្ភាគចក្រមួយគ្រឿងគត់ដែលចតនៅលើដំបូលស្ថានទូត។
សព្វថ្ងៃនេះ ប្រទេសអតីតគូសត្រូវទាំង២ វៀតណាម និងអាមេរិក ចង់លាក់ទុករឿងរ៉ាវអតីតកាលមួយឡែកសិនដើម្បីគិតគូរអំពីការកសាងអនាគតសម្រាប់អ្នកជំនាន់ក្រោយ។ ប្រទេសទាំង២បានដាក់ទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៩៥ និងពង្រឹងទំនាក់ទំនងដល់កម្រិតខ្ពស់បំផុតតាមរយៈដំណើរទស្សនកិច្ចរបស់លោកបៃដិនទៅទីក្រុងហាណូយកាលពីឆ្នាំ២០២៣។
នៅក្នុងពិធីរំលឹកខួប៥០ឆ្នាំនេះ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនអ្នកតំណាងរបស់ខ្លួនឈ្មោះស៊ូហ្សាន បឺន (Susan Burns) ជាអគ្គកុងស៊ុលប្រចាំទីក្រុងហូជីមិញដើម្បីចូលរួមពិធីដង្ហែក្បួនព្យុហយាត្រា។ កាលពីពេលរំលឹកខួប៧០ឆ្នាំនៃការបិទបញ្ចប់សង្គ្រាមបារាំង-វៀតណាមនៅឌៀនបៀនហ្វ៊ូ ១៩៥៤-២០២៤ ប្រទេសបារាំងបានបញ្ជូនរដ្ឋមន្ត្រីរបស់ខ្លួនម្នាក់ទៅចូលរួម។
នៅក្នុងទំនាក់ទំនងអន្តរជាតិ វៀតណាមបន្តលើកកម្ពស់ទំនាក់ទំនងជាមួយអាមេរិកជានិច្ច។ ទន្ទឹមនឹងនោះ វៀតណាមក៏នៅតែបន្តទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ីក្នុងនាមជាសម្ព័ន្ធមិត្តចាស់ដែលគួរឱ្យជឿទុកចិត្ត និងដែលធ្លាប់ជួយគ្នាតាំងពីសង្គ្រាមនៅឌៀនបៀនហ្វ៊ូ។ វៀតណាមក៏មានទំនាក់ទំនងល្អជាមួយចិនផងដែរ។ ជាពិសេស វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ចិនជាប្រទេសវិនិយោគធំជាងគេរបស់វៀតណាម។ នៅក្នុងការរំលឹកខួប៥០ឆ្នាំនេះ ចិនបញ្ជូនទាហាន១១៨នាក់ទៅចូលរួម៕
ចែករំលែកព័តមាននេះ